ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍​អេ​ឡិច​ត្រូ​និក​ឆាប់​ខូច​មក​ពី​គុណភាព ឬ​ចរន្ដអគ្គិសនី ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និក​នៅ​តាម​ផ្ទះ និង​ការិយាល័យ​បច្ចុប្បន្ន កំពុង​តែ​រអ៊ូរទាំ​ពី​សម្ភារ​របស់​ពួក​គាត់​ហាក់ដូច​ប្រើ​មិន​បាន​យូរ ដូច​ជា ទូរទស្សន៍​ស្ដើង​ៗ, កុំព្យូទ័រ​លើ​តុ និង​ម៉ា​ស៊ី​កូ​ពី ដែល​សុទ្ធ​សឹង​ជា​សម្ភារ​ថ្លៃ​ៗ…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និក​នៅ​តាម​ផ្ទះ និង​ការិយាល័យ​បច្ចុប្បន្ន កំពុង​តែ​រអ៊ូរទាំ​ពី​សម្ភារ​របស់​ពួក​គាត់​ហាក់ដូច​ប្រើ​មិន​បាន​យូរ ដូច​ជា ទូរទស្សន៍​ស្ដើង​ៗ, កុំព្យូទ័រ​លើ​តុ និង​ម៉ា​ស៊ី​កូ​ពី ដែល​សុទ្ធ​សឹង​ជា​សម្ភារ​ថ្លៃ​ៗ គឺ​ងាយ​នឹង​ឆាប់ឆេះ​ស្គ្រី​ន​, ខូច Hard disk ឬ​ឆេះ​ឧបករណ៍​ចម្លង​ចរន្ដ​ជាដើម ។ តើ​នេះ​មក​ពី​គុណភាព​នៃ​ផលិតផល ឬ​ក៏​មក​ពី​ចរន្ដអគ្គិសនី​មិន​មាន​ស្ថិរភាព ?

បើ​តាម​លោក​ឧកញ៉ា សុខ ពិសិដ្ឋ ជា​អ្នកជំនួញ​នាំ​ចូល​គ្រឿង​អេ​ឡិច​ត្រូ​និក​ធំ​មួ​យមក​កម្ពុជា បាន​លើក​ឡើង​ថា ផលិតផល​អេ​ឡិច​ត្រូ​និក​ដែល​នាំ​ចូល​ស្របច្បាប់ គេ​ផលិត​ឡើង​តាម​ស្ដង់ដា ព្រោះ​គេ​មិន​បាន​សិក្សា​ពី​ទីផ្សារ ឬ​កម្លាំង​ថាមពល​អគ្គិសនី​របស់​កម្ពុជា​ទេ ។ ដូច្នេះ បើ​គ្រឿង​អេ​ឡិច​ត្រូ​និក​នោះ ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ និង​នាំ​ចូល​ត្រឹមត្រូវ​តាម​ច្បាប់​នោះ គុណភាព​វា​មិនសូវ​មាន​បញ្ហា​ទេ ។ ផ្ទុយ​មក​វិញ បើ​ផលិត​ដែល​នាំ​ចូល​គេចពន្ធ មិនមែន​នាំ​ចូល​ដោយ​ក្រុមហ៊ុន​ស្របច្បាប់ មាន​ន័យ​ថា ផលិតផល​ក្លែងបន្លំ វា​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ពិបាក​ថែម​ទៀត ។

បន្ថែម​លើ​នេះ លោក​ឧកញ៉ា​ក៏​បាន​លើក​ឡើង​ដែរ​ថា អាជីវករ ឬ​ក្រុមហ៊ុន​នានា​ដែល​នាំ​ចូល​គ្រឿង​អេ​ឡិច​ត្រូ​និក​មក​ទីផ្សារ​ប្រទេស​កម្ពុជា គួរតែ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ពី​ទំហំ ឬ​កម្លាំង​ថាមពល​អគ្គិសនី ។ លោក​ថា ៖« ថ្វី​ដ្បិតតែ​កម្លាំង​អគ្គិសនី​មាន​ទំហំ​២២០​វ៉ុល​ដូច​គ្នា ប៉ុន្តែ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ មិន​ប្រាកដ​ថា​ដូច​គ្នា​ទាំងអស់​នៅទេ ។ ជាក់ស្ដែង បើ​យើង​ប្រៀបធៀប​កម្លាំង​អគ្គិសនី​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ទៅ​នឹង​រាជធានី​ភ្នំពេញ ប្រាកដជា​ខុស​គ្នា » ។

ទោះ​យ៉ាងនេះ​ក្ដី លោក​ឧកញ៉ា​បន្ថែម​ថា ចរន្ដអគ្គិសនី​ឡើង​ចុះ ឬ​ដាច់​ចរន្ដ​ញឹកញាប់ ក៏​បណ្ដាល​ឲ្យ​គ្រឿង​អេ​ឡិច​ត្រូ​និក​ទាំងនោះ​ឆាប់​ខូចខាត​ដែរ ពិសេស​នៅ​តាម​បណ្ដា​ខេត្ត​ដែល​អគ្គិសនី​ពេល​ខ្លះ​ឡើង​ខ្លាំង និង​ពេល​ខ្លះ​ចុះ​ខ្លាំង​ពេក ឬ​ដាច់​ញឹកញាប់​តែ​ម្ដង ។ លោក​ថ្លែង​ថា ៖« នៅ​តាម​ខេត្ត​មួយ​ចំនួន កម្លាំង​អគ្គិសនី​ពេល​ខ្លះ​ឡើង​ខ្លាំង ពេល​ខ្លះ​ចុះ​ខ្សោយ​ខ្លាំង ដែល​អាច​បណ្ដាល​ឲ្យ​គ្រឿង​អេ​ឡិច​ត្រូ​និក​ឆាប់​ខូច ប្រើ​មិន​បាន​យូរ ហើយ​បើសិនជា​គ្រឿង​អេ​ឡិច​ត្រូ​និក​នោះ​មិនសូវ​មានគុណ​ភាព ហើយ​មិន​មាន​ឧបករណ៍​ទប់​ភ្លើង​ត្រឹមត្រូវ​នោះ​ទេ វា​កាន់តែ​ឆាប់​ខូច​ទៅ​ទៀត » ។

លោក ទ្រី សុខ​ហេង មន្ត្រី​អគ្គិសនី​កម្ពុជា បាន​ឲ្យ​ដឹង​ថា វា​ជា​ការ​ពិត​ណាស់ បើសិនជា​កម្លាំង​ថាមពល​អគ្គិសនី​ដើរ​មិន​ស្មើ មាន​ន័យ​ថា ម្ដង​ឡើង ម្ដង​ចុះ វា​អាច​នឹង​បណ្ដាល​ឲ្យ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ប្រើប្រាស់​ក្នុងផ្ទះ ឬ​ការិយាល័យ​ឆាប់​ខូច ។ លោក​សុខ​ហេង បន្ដ​ថា ៖« បើសិនជា​យូរ​ៗ​ឡើង​ចុះ ឬ​ដាច់​ម្ដង វា​មិនជា​បញ្ហា​ទេ តែ​បើសិនជា​ញឹកញាប់ វា​នឹង​កាន់តែ​ធ្វើ​ឲ្យ​គ្រឿង​អេ​ឡិច​ត្រូ​និក​ឆាប់​ខូច​កាន់តែ​ខ្លាំង » ។
លោក​ឧកញ៉ា សុខ ពិសិដ្ឋ ក៏​បាន​សំណូមពរ​ដល់​ពលរដ្ឋ​គួរ​ទិញ ឬ​ប្រើប្រាស់​ផលិតផល​ណា​ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុន​ត្រឹមត្រូវ​ស្របច្បាប់ ដើម្បី​ប្រយោជន៍​ខ្លួនឯង​ផង និង​សង្គម​ជាតិ​ផង ។ លោក​ថ្លែង​ថា ៖« ពេល​បងប្អូន​ទិញ​មក​ហើយ​មាន​បញ្ហា មិនដឹង​យក​ផលិតផល​នោះ ទៅ​ជួសជុល​នៅ​កន្លែង​ណា​ឲ្យ​មានគុណ​ភាព ឬ​ត្រូវ​ហៅ​អ្នក​ណា​មក​ជួសជុល​ដល់​ផ្ទះ ដូចនេះ​យើង​សំណូម​ឲ្យ​ពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ទាំងឡាយ ចូរ​ទិញ ឬ​គាំទ្រ​ផលិតផល​ណា​ដែល​នាំ​ចូល​ដោយ​បង់ពន្ធ​ត្រឹមត្រូវ​ស្របច្បាប់ ដើម្បី​ខ្លួនឯង​ផង និង​សង្គម​ជាតិ​ផង » ។

បើ​តាម​ការ​ណែនាំ​របស់​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក ដើម្បី​ការពារ​គ្រឿង​អេ​ឡិច​ត្រូ​និក​ដែល​ប្រើប្រាស់​នៅ​តាម​គេហដ្ឋាន អ្នក​ប្រើប្រាស់​គួរតែ​អនុវត្ត ដោយ​បិទ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​នោះ​រាល់ពេល​ឈប់​ប្រើ ឬ​មាន​ឧបករណ៍​ទប់​ចរន្ដ ហើយ​រាល់ពេល​ទិញ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ពី​ក្រុមហ៊ុន ត្រូវ​សួរ​រក​ប័ណ្ណធានា​រ៉ាប់រង​ពី​ក្រុមហ៊ុន ពីព្រោះ​វា​មាន​អត្ថប្រយោជន៍​ខ្ពស់​ចំពោះ​អ្នក​ប្រើប្រាស់ បើសិនជា​ឧបករណ៍​អេ​ឡិច​ត្រូ​និក​នោះ​ខូច ឬ​មាន​បញ្ហា​នៅ​ក្នុងអំឡុងពេល​ធានា​នោះ នឹង​មិន​ត្រូវ​បង់ថ្លៃ​ក្នុង​ពេល​ជួសជុល​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ