ចៅអធិការ​វត្ត​រកា​ធំ​បារម្ភ​ច្រាំង​បាក់​អស់​ដី​វត្ត


ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះ​ធម្មជាតិ​នូវ​រដូវវស្សា​ពេល​ដែល​ទឹកទន្លេ​មេគង្គ​បាន​ឡើង​មក​ជន់​លិច​ចូល​បឹងបួរ​នានា​ក្នុង​នោះ​ច្រាំង​ទន្លេ​បាន​បាក់​មក​កៀក​ផ្ទះ​ពល​ដ្ឋ​ក៏​នាំ​គ្នា​លើក​រំកិល​ទៅ​កន្លែង​សុវត្ថិភាព ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៨ ដី​វត្ត​រកា​ធំ​នៅ​ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ បាន​បាក់​យក​សំណង់​បង្គន់​អនាម័យ​ចូល​ទៅ​ក្នុង​ទឹកទន្លេ ។ ជាមួយ​នោះ​អាជ្ញាធរ​ខេត្ត​ក៏​មាន​ផែនការ​គ្រប់​បែប​យ៉ាង​សម្រាប់​ជួយ​អន្តរា​គន៍​នូវ​ពេល​ដែល​ទឹកទន្លេ​បាន​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន​ដោយ​មាន​មធ្យោបាយ​នានា ដើម្បី​ដឹក​ពលរដ្ឋ​មក​កាន់​ទីទួល​សុវត្ថិភាព ។

ព្រះ​ភិក្ខុ គារ សុគន្ធ ចៅអធិការ​វត្ត​រកា​ធំ​មាន​ថេរ​ដីកា​ឲ្យ​ដឹង​ថា ដី​វត្ត​ដើមដំបូង​មាន​បណ្តោយ​ប្រវែង​ជាង​២០០​ម៉ែត្រ ហើយ​ក្រោយមក​ដី​វត្ត​ចេះ​តែ​បាក់​រាល់​ឆ្នាំ​បន្តិច​ម្តង​ៗ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ បណ្តោយ​មិន​បាន​១០០​ម៉ែត្រ​ផង ។ សូ​ម្បី​តែ​សំណង់​បង្គន់​អនាម័យ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ស្រាប់តែ​បាន​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​មេគង្គ ដោយ​បាន​លាន់ឮ​ដល់​កុដិ​ឈើ​ដែល​ព្រះ​អង្គ​គង់នៅ ។

ចៅអធិការ​វត្តមាន​ថេរ​ដីកា​បន្ត​ថា ដោយសារ​តែ​ការ​បាក់​ច្រាំង​រាល់​ឆ្នាំ​បែប​នេះ​ទើប​ការ​កសាង​សមិទ្ធិ​ផល​នានា​ក្នុង​វត្ត​ត្រូវ​បាន​ផ្អាក​ដោយ​បារម្ភ​ខ្លាច​ធ្វើ​បាន​ហើយ បែរជា​ត្រូវ​បាក់​ចូល​ក្នុង​ទន្លេ​បាត់​មក​ដល់​រដូវវស្សា​ឆ្នាំ​២០១៨​នេះ​ប៉ុន្មាន​ថ្ងៃមុន ទឹកបាន​ហូរ​កួច​ខ្លាំង​ធ្វើ​ឲ្យ​ដី​វត្ត​បាន​បាក់​អស់​ជា​ច្រើន​ម៉ែត្រ ។ ក្នុង​ពេល​អនាគត​មិនដឹង​ជា​បាន​ដី​មកពីណា​សម្រាប់​សាងសង់​វត្ត​នោះ​ទេ ព្រះ​អង្គ​មាន​តែ​បួងសួង​សុំ​ដល់​សម្តេច​តែ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី​ហ៊ុន សែន សូម​ជួយ​ជាវដី​នៅ​កន្លែង​ណាមួយ ដើម្បី​សាងសង​វត្ត​ថ្មី ឫ​មួយ​ក៏​មាន​វិធានការ​យ៉ាងណា ដើម្បី​ការពារ​កុំ​ឲ្យ​ច្រាំង​ទន្លេ​ចេះ​តែ​បាក់​បន្ត​ទៀត ។

ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ផ្លូវលំ​ចាប់ពី​ត្រង់​ចំណុច​ឃុំ​ឈូក​ឆ្ពោះ​មក​កាន់​ស្រុក​ក្រូចឆ្មារ​ត្រូវ​បាន​ទឹកទន្លេ​មេគង្គ​ឡើង​មក​ជន់​លិច​មិន​អាច​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​បាន​នោះ​ទេ ។ ហើយ​ត្រង់​ចំណុច​វត្ត​រកា​ធំ ភូមិ​រកា​ធំ ឃុំ​ជី​រោ​ទ៏​ទី​១ ស្រុក​ត្បូងឃ្មុំ បាក់​ច្រាំង​ទន្លេ​អស់​ប្រវែង​១០០​ម៉ែត្រ​ជម្រៅ​១០​ម៉ែត្រ​ហើយ ចេះ​តែ​បន្ត​បាក់​មក​ទៀត ។

ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បន្ត​ថា ចំណែក​នៅ​ត្រង់​ចំណុច​ភូមិ​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ដោយ​មាន​បាក់​ច្រាំង​ទន្លេ​ចំនួន​០៤​កន្លែង និង​មានផ្ទះ​ពលរដ្ឋ​ចំនួន​៥​គ្រួ​សារបាន​ទទួល​រង​ផល​ប៉ះពាល់ ។ ហើយដោយ​មានការ​ណែនាំ​ពី​សំណាក់​លោក លី ឡេ​ង អភិបាលខេត្ត​បាន​ណែនាំ​ដល់​គ្រប់​ជំនាញ​ថ្នាក់​ក្រោម​ត្រូវ​តែ​បន្ត​យកចិត្តទុកដាក់ និង​ត្រៀម​នូវ​លក្ខណៈ​ស​ម្ប​តិ្ត​គ្រប់​បែប​យ៉ាង​ក្នុង​នោះ​មាន​កម្លាំង​ចាំ​ជួយ​អន្តរាគមន៍ ដើម្បី​នាំ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​មក​កាន់​ទីទួល​សុវត្ថិភាព ។

ក្នុង​ជំហាន​ដំបូង​បាន​ប្រើប្រាស់​កម្លាំង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ និង​ស្រុក​ត្បូងឃ្មុំ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ដែល​កើតឡើង​បន្ទាន់ ។ ហើយ​ក៏​បាន​ត្រៀមកម្លាំង​អន្តរាគមន៍ ពិសេស​ចំនួន​១២០​នាក់​ទៀត​សម្រាប់​ចេញ​ជួយ​ដល់​ពលរដ្ឋ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ