ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​៤គ្រឿង​ និង​ត្រាក់​ទ័រ​មួយ​គ្រឿង​បុក​គ្នា​បន្ត​បន្ទាប់​របួស​ធ្ងន់​៣នាក់

15 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ រថ​យន្ត​តូច​ធំ​៤​គ្រឿង​ និង​ត្រាក់​ទ័រ​១​គ្រឿង​បើក​បុក​គ្នា​ជា​បន្ត​បន្ទាប់​​ពុំ​ធ្លាប់​មាន​សោះ​នៅ​ទឹក​ដី​ខេត្ត​បន្ទាយ​មាន​ជ័យ​បណ្តាល​ឱ្យ​​មនុស្ស​ប្រុស​ ស្រី​ចំនួន​៣​នាក់​រង​របួស​ធ្ងន់។ ឧប្បត្តិ​ហេតុ​​នេះ​កើត​ឡើង​នៅលើ​ផ្លូវ​ជាតិ​លេខ​៦​ស្ថិតក្នុង​​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប​ ស្រុក​ព្រះនេត្រ​ព្រះ​ កាល​ពី​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​៣០​ ខែ​មីនា ឆ្នាំ​២០១១​។

អ្នក​​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក​​និយាយ​ថា រថ​យន្ត​ម៉ាក​ហ៊ី​ណូ​ដឹក​ដី​ពណ៌​ស​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​៣​A ០៥២៦ បើក​ពី​​លិច​ទៅ​កើត​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រថ​យន្ត​នី​ស្សាន់​​ពណ៌កណ្តុរ​ល្មែះ​​មួយ​បាំង​កន្លះ ពាក់​ស្លាក​លេខ​ផ​០៤២៥​ភព​២ ដឹក​​មនុស្ស​ពេញ​បណ្តាល​ឱ្យ​អ្នក​ជិះ​៣​នាក់​​ធ្លាក់​ពី​លើ​​រថ​យន្ត​រង​របួស​ធ្ងន់​ធ្ងរ​។ បន្ទាប់​មក​រថ​យន្ត​ហ៊ី​ណូ​​ជ្រុល​ទៅ​បុក​រថ​យន្ត​របស់​អង្គ​ការ​ហេ​ឡូត្រាស​ទៀត​ដែល​មក​ពីទិស​ខាង​កើត​បណ្តាល​ឱ្យ​ខូច​ផ្នែក​ខាង​មុខ​ ដាច់​កង់​ខាង​ឆ្វេង​ធ្លាក់​ពី​លើ​ផ្លូវ​ជាតិ​​។ បន្ទាប់​មក​ទៀត​រថ​យន្ត​ក្រុង​​ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣B៣៣៣៣ ដឹក​ភ្ញៀវ​ទេស​ចរ​បាន​បើក​ចូល​ប្រឡោះ​រថ​យន្ត​ដឹក​ដី​ និង​ត្រាក់​ទ័រ​ពី​ទិស​ខាង​លិច​បណ្តាល​ឱ្យ​​កៀប​គ្នា​ជាប់​ ប៉ុន្តែ​ពុំ​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​កូរ៉េ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀម​រាប​​ឡើយ​។

មន្ត្រី​ប៉ូលិស​ចរា​ចរ​​ឱ្យ​ដឹង​ថា ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រថយន្ត​បុក​គ្នា​បន្ត​បន្ទាប់​បែប​នេះ​ពុំ​​ធ្លាប់​មាន​ទេ​ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​ ហើយ​​កន្លែង​កើត​ហេតុ​​ពុំ​មាន​​ការ​កក​ស្ទះ​ចរា​ចរទេ តែ​​បណ្តាល​មក​ពី​រថ​យន្ត​ដឹក​ដី​បើក​លឿន​វ៉ា​គេ​​ពុំ​មើល​ឧប​សគ្គ​ខាង​មុខ​។ ជន​រង​គ្រោះ​របួស​ធ្ងន់ឈ្មោះ​រ៉ឹក​ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ឈ្មោះ​មឺយ​ អិត ភេទ​ស្រី អាយុ​៣២​ឆ្នាំ​ ទាំង​២​នាក់​ជា​ប្តី​ប្រពន្ធ​​នឹង​គ្នា​​ និង​ម្នាក់​ទៀត​​ឈ្មោះ​​វឿ ពេញ ភេទ​ស្រី អាយុ​​២០​ឆ្នាំ​ ។ ​ទាំង​៣​នាក់រស់​​នៅ​ភូមិ​តា​សែង​ ឃុំ​ស្នួល​ ស្រុក​ក្រឡាញ់​ ​។ ចំណែក​អ្នក​បើក​បរ​រថ​យន្ត​ក្រុង​ដឹក​ភ្ញៀវ​ទេស​ចរ​ឈ្មោះ​តូ ស៊ីដ្ឋា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់​នៅ​ភូមិ​ភ្នំ​ក្រោម​ សង្កាត់​សៀម​រាប​ ក្រុង​សៀម​រាប​ ខេត្ត​សៀម​រាប​ អ្នក​បើក​បរ​ត្រាក់​ទ័រ​ឈ្មោះ​សំ វិន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិរំដួល ឃុំ​​ភ្នំ​លៀប​​ ស្រុក​ព្រះ​នេត្រ​ព្រះ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​អ្នក​បើក​បរ​រថ​យន្ត​អង្គ​ការ​ហេ​ឡូ​ត្រាស​ឈ្មោះ​មួន រដ្ឋា​ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ធំ​ថ្មី ឃុំ​អូរ​ប្រាសាទ​ ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយ​មាន​ជ័យ។​ ចំណែក​អ្នក​បើក​បរ​រថ​យន្ត​ដឹក​ដី គេមិន​​ស្គាល់ឈ្មោះ​ទេ ព្រោះ​បាន​​រត់​គេច​ខ្លួន​បាត់​ ឯ​អ្នក​បើក​បរ​រថ​យន្ត​នី​ស្សាន់​ក៏​ពុំ​ស្គាល់​ឈ្មោះ​ដែរ​។

ប៉ូលិស​​ឱ្យ​ដឹង​ទៀត​ថា ​រថ​យន្ត​៤​គ្រឿង​ ត្រាក់​ទ័រ​១​គ្រឿង​ត្រូវ​សមត្ថ​កិច្ចនាំ​យក​ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​បន្ទាយ​មាន​ជ័យ​។ អ្នក​រង​របួស​ទាំង​៣​នាក់​ត្រូវ​រថ​យន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទី​រពេទ្យ​ ប៉ុន្តែ​​មិន​ដឹង​យ៉ាង​ណា​ទេ។ អ្នក​ភូមិ​រំដួល​​រិះ​គន់​ចំពោះ​រថ​យន្ត​ដឹក​ដី​ដែល​តែង​តែបើក​​លឿនណាស់​​ជា​កត្តា​បង្ក​ឱ្យមាន​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ជា​ញឹក​ញាប់​ ៕