ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជាអ្នកលក់ដូរម្នាក់បានចំណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹក តាមបណ្តោយភូមិជាប់ផ្លូវថ្នល់មុននឹងធ្វើរបងផ្ទះ ប៉ុន្តែការរៀចំប្រព័ន្ធលូនេះ ត្រូវបានមន្ត្រីការិយាល័យសាធារណការក្រុងកំពង់ឆ្នាំង ទប់ស្កាត់មិនឱ្យធ្វើ ព្រោះតែគាត់មិនបានសុំច្បាប់ដល់មន្ត្រីជំនាញ។
បាតុភាពនេះបានកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ប៉ុន្តែបន្ទាប់ពីមានការជួយអន្តរាគមន៍ពីលោកស្រីចៅសង្កាត់កំពង់ឆ្នាំងរួចមក ទើបមន្ត្រីជំនាញផ្លូវថ្នល់នៃមន្ទីរសាធារណការខេត្តចុះមកជួយវាស់វែង និងបានសម្របសម្រួលឱ្យប្រជាពលរដ្ឋធ្វើទៅតាមស្តង់ដារកំណត់។
លោក ហៀង ប៊ុនហេង ជាប្រជាពលរដ្ឋម្ចាស់ដីភូមិ បាននិយាយឱ្យដឹងថា ប្រព័ន្ធលូដែលលោកបានរៀបចំធ្វើតាមបណ្តោយដីភូមិជាប់ថ្នល់នេះ មានប្រវែង៣៥ម៉ែត្រ ដោយត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនជាង១ពាន់ដុល្លារ ដោយឱ្យជាងវាស់វែងនីវ៉ូលូត្រឹមត្រូវ ដើម្បីឱ្យទឹកហូរចុះបានស្រួល។
ពេលមុននិងធ្វើលោកបានសុំទៅលោកស្រីចៅសង្កាត់ ហើយគាត់បានឯកភាពហើយ ប៉ុន្តែនៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ ស្រាប់តែលោក ធុច ភារម្យ ប្រធានការិយាល័យសាធារណការក្រុង មករករឿងមិនឱ្យធ្វើ ដោយនិយាយថា លោកធ្វើប្រព័ន្ធលូមិនសុំច្បាប់ជំនាញក្រុង ចេះតែធ្វើតាមចំណង់ចិត្ត ដូច្នេះជំនាញសាធារណការក្រុង មិនអនុញ្ញាតឱ្យធ្វើឡើយ ។
ការឃាត់ឃាំងរបស់ លោក ធុច ភារម្យ បានធ្វើឱ្យប្រជាពលរដ្ឋម្នាស់ភូមិមិនសប្បាយចិត្ត ដោយនឹកគិតថា លោកខំជួយដាក់លូតាមចិញ្ចើមផ្លូវថ្នល់អស់លុយខ្លួនឯង ដូចជាជួយរដ្ឋផងដែរ បែរជាមានគេមកជំទាស់មិនឱ្យធ្វើទៅវិញ ដូច្នេះលោកឱ្យគេលើកលូចេញ និងលប់ដីវិញក៏បាន តែថ្ងៃក្រោយពេលពេលមន្ទីរសាធារណៈមកសុំឱ្យប្រជាពលរដ្ឋសហការធ្វើលូ គឺលោកមិនចូលរួមឡើយ។
ទាក់ទងនឹងរឿងនេះ លោកស្រី ផាន់ សម្ភស្ស សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់ឆ្នាំង ក៏បានចុះមកជួយអន្តរាគមន៍ ដោយបានអញ្ជើញមន្ត្រីជំនាញផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មកជួយពិនិត្យវាស់វែងប្រព័ន្ធលូទៅតាមបច្ចេកទេស ដើម្បីសម្របសម្រួលឱ្យប្រជាពលរដ្ឋបានធ្វើប្រព័ន្ធលូ ស្របតាមស្តង់ដាបច្ចេកទេសដែលអាចទទួ លយកបានទាំងអស់គ្នា ។
ព័ត៌មានពិស្តានឹងមានផ្សាយលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ