មូលហេតុ​ចឹង​សោះ! បាន​កីឡាករ​លុតជង្គង់​ថ្វាយបង្គំ​គ្នា​​ក្រោយ​ចប់​ការ​ប្រកួត


រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គេ​នៅ​តែ​ចាប់អារម្មណ៍​ជុំវិញ​ការ​ថ្វាយ​បង្គំ​​គ្នា​របស់​កីឡាករ​ដែល​ត្រូវ​គេ​មើលឃើញ ស្ទើរតែ​គ្រប់​សង្វៀន​ប្រដាល់​ពេល​ចប់​ការ​ប្រកួត​ម្ដង​ៗ ដោយ​​ក្នុង​នោះ​កីឡាករ​កម្ពុជា​ ក៏​ធ្វើ​សកម្មភាព​បែប​នេះ ហើយ​កីឡាករ​បរទេស​ក៏​ធ្វើ​សកម្ម​​ភាព​បែប​នេះ​ដូច​គ្នា ខណៈ​ដែល​ការ​ថ្វាយបង្គំ​គ្នា​នៅ​ចំពោះ​មុខ​មហាជន​ច្រើន​នាក់ មិនមែន​បុគ្គល​ណា​ម្នាក់​ក៏​អាច​ធ្វើ​បាន​ដោយ​ងាយ​ឡើយ ។

មនុស្ស​ជា​ច្រើន​យល់​ថា នេះ​ជា​ច្បាប់​របស់​កីឡាករ​ដែល​ចង់​ក្លាយ​ខ្លួន​ជា​អ្នក​ប្រដាល់​អាជីព ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បែរជា​មានការ​អះអាង​ថា មិន​មានច្បាប់​បែប​នេះ​ទាល់តែ​សោះ ទើប​ធ្វើ​ឱ្យ​ម្នាក់​ៗ​កាន់តែ​ចាប់អារម្មណ៍ នៅ​ពេល​ការ​លុតជង្គង់​ថ្វាយបង្គំ​គ្នា​ត្រូវ​បាន​កីឡា​ករ​មួយ​ចំនួន​ធ្វើ​ឡើង​យ៉ាង​សាមញ្ញ​។

លោក រាជ សូ​ផែន ប្រធាន​ផ្នែក​វិន័យ​ប្រចាំ​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​ថា នៅ​ក្នុង​សហព័ន្ធ​កីឡាប្រដាល់​អត់​មាន​តម្រូវឱ្យ​កីឡាករ​ណា​ម្នាក់​លុតជង្គង់​សំពះ​គ្នា​នៅ​លើ​សង្វៀន​នោះ​ទេ បើ​ទោះជា​មហាជន​រមែង​យល់​ថា​រាល់ពេល​ប្រកួត​ចាញ់​ឈ្នះ គេ​ឃើញ​អ្នក​ឈ្នះ​ឬ​អ្នក​ចាញ់​អង្គុយ​លុតជង្គង់​សំពះ ឬ​ថ្វាយបង្គំ​ទៅ​កាន់​ភាគី​ម្ខាង​ទៀត​ហាក់​ដូច​ក្លាយជា​ទម្លាប់​ទៅ​ហើយ ។ ក្នុង​នោះ​គ្រូបង្វឹក​ម្នាក់​ៗ ក៏​មិន​បាន​បង្គាប់​ឱ្យ​កូន​សិស្ស​របស់​ខ្លួន​ធ្វើ​រឿង​បែប​នោះ​នៅ​លើ​សង្វៀន​ដូច​គ្នា ដោយសារ​តែ​គេ​យល់​ថា​ការ​បង្ហាញ​ត្រឹម​សំពះ​ដោយ​ឱនក្បាល​គោរព​គ្នា គឺជា​រឿង​សម​ហេតុផល ដោយ​មិនបាច់​ដល់​ថ្នាក់​លុតជង្គង់​សំពះ​គ្នា​ដូចដែល​បានឃើញ​នោះ​ឡើយ ។

លោក​ថា ហេតុផល​ដែល​នាំ​ឱ្យ​កីឡាករ​ច្រើន​ឡើង​ធ្វើ​សកម្មភាព​បែប​នេះ​នៅ​លើ​សង្វៀន​​ប្រដាល់ គឺជា​រឿង​ដែល​កីឡាករ​ម្នាក់​ធ្វើ​ដោយ​ចិត្ត​ខ្លួនឯង ដោយ​គ្មាន​ការ​បង្ខំ​នោះ​​ឡើយ ហើយ​ក៏​គ្មាន​ការ​បង្គាប់​ពី​ខាង​សហព័ន្ធ និង​ពី​គ្រូបង្វឹក​ទេ​។ លោក​និយាយ​ថា៖ «​អា​ថ្វាយបង្គំ​គ្នា​ហ្នឹង​អត់​មាន​ជា​ច្បាប់​អី​ទេ ហើយ​ក៏​គ្មាន​គ្រូបង្វឹក​ណា​ម្នាក់​បង្គាប់​ឱ្យធ្វើ​ដែរ គឺ​កីឡាករ​គេ​ធ្វើ​ដោយ​ខ្លួនឯង​ទាំងអស់​ហ្នឹង​!»​។

លោក​ថា កីឡាករ​ខ្លះ​រំភើប​នឹង​ជ័យជម្នះ​របស់​ខ្លួន ហើយ​គាប់​ជួន​ជា​ឃើញ​កីឡាករ​មុន​ៗ លុតជង្គង់​ថ្វាយបង្គំ​គូប្រកួត​ផង ទើប​ធ្វើ​សកម្មភាព​បែប​នេះ​ដែរ ដើម្បី​បង្ហាញ​ពី​គុណធម៌​របស់​ខ្លួន ។ លោក​ថា មក​ទល់​ពេល​នេះ ទម្លាប់​លុតជង្គង់​ថ្វាយបង្គំ​គូប្រកួត កាន់តែ​មាន​ច្រើន​ឡើង ដោយ​សឹង​នឹង​ក្លាយជា​ទម្លាប់​នៅ​ក្នុង​សហព័ន្ធ​ប្រដាល់​ទៅ ហើយ​ៗ​លោក​ក៏​សូម​សរសើរ​ដែរ​ដែល​កីឡាករ​មួយ​ចំនួន​ហ៊ាន​យក​ទ​ង្វើ​នេះ​ធ្វើ​ជា​ទម្លាប់​ដោយ​មិន​ខ្មាស​ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ស្រឡាញ់ និង​ឱ្យ​តម្លៃ​គ្នា​នៅ​ក្នុង​ការ​ប្រកួត​គួរ​ឱ្យ​សរសើរ​។

លោក​ថា នៅ​ក្នុង​សហព័ន្ធ​មាន​ត្រឹមតែ​ច្បាប់​តម្រូវ​ឱ្យ​កីឡាករ​លើកដៃ​សំពះ​គ្នា និង​ឱន​ក្បាល​គោរព​គ្នា​ប៉ុណ្ណោះ ហើយ​បើ​ទោះជា​ការ​លុតជង្គង់​ថ្វាយបង្គំ​គ្នា​ត្រូវ​គេ​ឃើញ​មាន​យ៉ាង​​សាមញ្ញ​នៅ​លើ​សង្វៀន ក៏​លោ​កថា​សកម្មភាព​នោះ នឹង​មិន​អាច​ក្លាយជា​ច្បាប់​នៅ​ក្នុង​កីឡាប្រដាល់​បាន​ទេ ដោយសារ​តែ​វា​លើស​ពី​កាតព្វកិច្ច​របស់​សហព័ន្ធ តែ​លោក​ថា មហាជន​នឹង​សរសើរ​ដែល​កីឡាករ​អ្នក​ឈ្នះ ឬ​អ្នក​ចាញ់​ហ៊ាន​លុតជង្គង់​ថ្វាយបង្គំ​គូ​ប្រកួត​ដែល​មាន​ន័យ​ថា ទទួលយក​លទ្ធផល និង​ជា​ការ​គោរព​ទៅ​កាន់​ភាគី​ម្ខាង​ទៀត​។

លោក ម៉ាង ម៉​ន គ្រូបង្វឹក​ប្រចាំ​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ក៏​បាន​ថ្លែង​ថា សកម្ម​ភាព​លុតជង្គង់​ថ្វាយបង្គំ​គ្នា​នោះ មិន​មាន​ក្នុង​ច្បាប់ និង​មិន​ដែល​មាន​គ្រូបង្វឹក​ណា​ម្នាក់​បង្គាប់​ទៅ​កាន់​កីឡាករ​នោះ​ដែរ ប៉ុន្តែ​លោក​ថា សកម្មភាព​នេះ វា​កំពុង​ក្លាយជា​ច្បាប់​ក្នុង​ក្រសែភ្នែក​អ្នកគាំទ្រ ដោយ​កីឡាករ​ម្នាក់​ៗ​យល់​ថា ចាប់ផ្ដើម​ធ្វើ​រឿង​បែប​នោះ​តាម​គ្នា​ច្រើន​ឡើង ។ លោក​សរសើរ​ចំពោះ​កីឡាករ​ដែល​ធ្វើ​រឿង​ល្អ​មួយ​នោះ ដោយ​លោក​យល់​ថា ការ​ថ្វាយបង្គំ​ទៅ​កាន់​គូប្រកួត​នៅ​ពេល​ប្រកួត​ចាញ់ ឬ​ឈ្នះ ក៏​នឹង​ក្លាយជា​សីលធម៌​មួយ​ដែល​ធ្វើ​ឱ្យ​មានការ​កោតសរសើរ​ចំពោះ​កីឡាករ​នៅ​ក្នុង​ពិភព​ប្រដាល់​ផង​ដែរ ។

លោក​ថា កីឡាករ​ខ្លះ​តែង​មាន​ទម្លាប់​បែប​នោះ ជា​ពិសេស​ឱ្យ​តែ​មានឱកាស​វាយ​ឱ្យ​កីឡា​ករ​ជា​គូប្រកួត​សន្លប់ ឬ​បោះបង់​ការ​ប្រកួត​តាម​អ្វី​ដែល​គេ​នឹក​ស្មាន​មិន​ដល់ គឺ​តែង​ថ្វាយបង្គំ​ជា​ការ​រំភើប និង​អរគុណ​។

យោង​តាម​ភាព​ជាក់ស្ដែង សភាព​នៃ​ការ​លុតជង្គង់​ថ្វាយបង្គំ​ចំពោះ​គូប្រកួត​ក្រោយ​ពេល​ប្រកួត​ចាញ់​នេះ ច្រើន​កើត​មាន​ឡើង​នៅ​ពេល​កីឡាករ​បារាំង ឬ​ពួក​អឺរ៉ុប​ប្រកួត​ចាញ់​កីឡា​ករ​កម្ពុជា ហើយ​ថ្វាយបង្គំ​កីឡាករ​កម្ពុជា​ដោយ​ចាត់​ទុកដូចជា​គ្រូ ។ ប៉ុន្តែ​ក្រោយ​ៗ​មក​គេ​ក៏​ឃើញ​ទិដ្ឋភាព​បែប​នេះ​កើតឡើង​ចំពោះ​កីឡាករ​កម្ពុជា​នៅ​លើ​សង្វៀន​នា​ពេល​ចុង​ក្រោយ​ច្រើន​ផង​ដែរ​ដោយ​ម្នាក់​ៗ​បាន​យក​ទម្លាប់​នោះ ធ្វើ​ជា​ការ​គួរសម​គ្នា​នៅ​ក្រោយ​​​ស្វែងរក​ឃើញ​ចាញ់​ឈ្នះ​នោះ​ផង ។

ទោះបី​យ៉ាងណា ទ​ង្វើ​បែប​នេះ មិនកើត​មាន​ចំពោះ​កីឡាករ​គ្រប់​រូប​នោះ​ទេ ជា​ពិសេស​សម្រាប់​កីឡាករ​កម្ពុជា​ល្បី​ៗ គឺ​កម្រ​នឹង​ឃើញ លើកលែងតែ​កីឡាករ​ថ្មី​ៗ​ដែល​ហាក់​ដូច​ជា​មាន​ទម្លាប់​បែប​នោះ​ច្រើន​គួរ​ឱ្យ​សរសើរ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ