ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហោះ​Facebook​ផ្អើល​…​ថា ស្ត្រី​នេះ​អាច​ធ្វើ​ឱ្យ​មនុស្ស​ឈឺ​និង​ស្លា.ប់​ជា​ហូរហែ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ចោទប្រកាន់​ថា ចេះ​ធ្វើអំពើ​អាប​-​ធ្មប់ និង​ចេះ​មន្តអាគម​អូ​ម​អាម ​(​ផ្លូវ​ងងឹត​) ដោយ​អះអាង​ថា…

ខេត្តកំពត ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ចោទប្រកាន់​ថា ចេះ​ធ្វើអំពើ​អាប​-​ធ្មប់ និង​ចេះ​មន្តអាគម​អូ​ម​អាម ​(​ផ្លូវ​ងងឹត​) ដោយ​អះអាង​ថា កន្លង​មក ​តែងតែ​បង្កហេតុ ធ្វើ​ឱ្យ​​មនុស្ស​ឈឺ​ និង​ស្លាប់​ជា​ហូរហែ ។ លុះ​មានរឿង​កើតឡើង​ផ្ទួន​ៗ​បែប​នេះ ទើប​ប្រជាពលរដ្ឋ​ក្នុងភូមិ ចេះ​តែ​នាំ​គ្នា​សរសេរ​បង្ហោះ​(Facebook)​ ចោទប្រកាន់​មក​លើ​ស្ត្រី​ម្នាក់​នោះ​ថា ជា​អ្នក​ធ្វើអំពើ​មក​លើ​សាច់ញាតិ​របស់​ខ្លួន​ឲ្យ​ឈឺ​រាំ​ុ​រ៉ៃ​មើល​មិនជា រហូត​ដល់​មាន​អ្នកខ្លះ​ស្លាប់​ជា​បន្តបន្ទាប់​ទៀត​ផង ។

ដោយសារ​មានការ​ចោទប្រកាន់​ខាងលើ​នេះ​ទើប​នៅ​រសៀល​ថ្ងៃ​ទី​១៥ កក្កដា ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ខាងលើ​នេះ​ជា​ច្រើន​គ្រួសារ មាន​ប្រតិកម្ម​ជា​ចំហ រហូត​ឈាន​ដល់​ប្រមូលផ្តុំ​គ្នា​ស្ទើរ​មួយ​ភូមិ​ទៅ​សាលាឃុំ​កំពង់ត្រាច​ខាងលិច ហើយ​បាន​ធ្វើ​ដំណើរ​មក​កាន់​ប៉ុស្តិ៍​ប៉ូលិស ខណៈ​ក្នុងភូមិ​ដឹង​ថា ស្ត្រី​ដែល​គេ​សង្ស័យ​ថា ចេះ​អំពើ​អាប​-​ធ្មប់​នោះ ត្រូវ​បាន​កោះហៅ​មក​កាន់​ប៉ុស្តិ៍ប៉ូលីស ដោយ​មានការ​សួរនាំ​ពី​សំណាក់​អាជ្ញាធរ​ឃុំ ស្រុក​និង​សមត្ថកិច្ច​ផង​ដែរ រឿង​អាប​-​ធ្មប់​នេះ ។

ក្នុង​ករណី​នេះ​អ្នក​ភូមិ​កណ្តាល​ទួល​ទាំងមូល​បាន​អះអាង​ប្រាប់​ប៉ូលិស​ប៉ុស្តិ៍​ថា កន្លង​មកនេះ​ក្នុងភូមិ​ឧស្សាហ៍​មាន​អ្នក​ឈឺ​ថ្កាត់​រ៉ាំរ៉ៃ​មើល​មិន​ដែល​ជា​ទេ ហើយ​អ្នកជម្ងឺ​ទាំងនោះ​ត្រូវ​បាន​ស្លាប់​ជា​បន្តបន្ទាប់ ។ ដោយសារ​មាន​ករណី​បែប​នេះ​បាន​កើត​ឡើងជា​ញឹកញាប់​និង​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្នុង​ករណី​ខាងលើ​នេះ អាជ្ញាធរ​និង​សមត្ថកិច្ច​ពុំ​បាន​ចាប់អារម្មណ៍​នោះ​ឡើយ ។អ្នក​ភូមិ​ដដែល​បាន​រៀបរាប់​ទៀត​ថា កាលពី​មុនគេ​ធ្លាប់តែ​ឮ​ថា ដូន​ចាស់​ជា​ម្តាយ​របស់​ស្ត្រី​នេះ​បាន​រៀប​អាសនៈ មាន​រៀប​បាយសី​នៅ​ក្នុងផ្ទះ​យ៉ាង​ធំ ហើយ​ម្តាយ​របស់​ស្ត្រី​នេះ​ជា​អ្នកចេះ​វិជ្ជា​តាម​ផ្លូវ​ងងឹត ហើយ​ពេល​គាត់​មុន​នឹង​ស្លាប់​ក៏​បាន​ផ្ទេរ​មន្តអាគម​នេះ​ទៅ​ឲ្យ​ស្ត្រី​ឈ្មោះ​កោះ សុខ ជា​កូន​បន្ត​រហូត​ដល់​សព្វថ្ងៃ ទើប​ពួក​គាត់​មានការ​សង្ស័យ​ថា ស្ត្រី​រូប​នេះ​ពិតជា​ចេះ​វេទមន្ត​ផ្លូវ​ងងឹត​នេះ ។

អ្នក​ភូមិ​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​អ្នក​ភូមិ​មានការ​សង្ស័យ និង​នាំ​គ្នា​បង្ហោះ (Facebook)​ជា​បន្តបន្ទាប់​មក ស្ត្រី​រូប​នេះ ក៏​បាន​រុះរើ​អាសនៈ​ចេញពី​ក្នុងផ្ទះ​អស់​ក្នុង​គោលបំណង​បំបាត់ដាន ហើយ​ពួក​គាត់​សង្ស័យ​ថា ស្ត្រី​ម្នាក់​នេះ​ពិតជា​អ្នក​ប្រព្រឹត្ត​ផ្លូវ​ងងឹត​ធ្វើ​ឲ្យ​អ្នក​ភូមិ​ស្លាប់​ពី​ម្នាក់​ទៅ​ម្នាក់​យ៉ាង​ពិតប្រាកដ ហើយ​ពួក​គាត់​ក៏​សរសេរ​បង្ហោះ​ក្នុង​(Facebook)​ចោទប្រកាន់ ក្នុង​គោលបំណង​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច បាន ដឹង ​ដើម្បី​សុំ​អន្តរាគមន៍ ។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​មូលដ្ឋាន​ខាងលើ​បាន​ឲ្យ​ដឹង​ថា ដើមចម​ដែល​ធ្វើ​ឲ្យ​មានការ​ចោទប្រកាន់​បែប​នេះ គឺ​មុន​ដំបូង​កើតឡើង​ដោយសារ​ស្ត្រី​ម្នាក់​ដែល​អ្នក​ភូមិ​ចោទប្រកាន់​ថា ចេះ​អំពើ​អាប​-​ធ្មប់​ឈ្មោះ កោះ សុខ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច បាន​មក​ប្តឹង​សមត្ថកិច្ច​ថា មាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​រស់នៅ​ភូមិ​កណ្តាល​ទួល​នាំ​គ្នា​សរសេរ​សារ​បង្ហោះ​ក្នុង (Facebook) ចោទប្រកាន់​ថា​គាត់​ធ្វើអំពើ​ងងឹត​ឲ្យ​គេ​ឈឺ​និង​ស្លាប់​ជា​ច្រើន​នាក់ ។

លុះ​អ្នក​ភូមិ​ដឹង​ថា​ស្ត្រី​នេះ​មក​ប្តឹង​សមត្ថកិច្ច​ដើម្បី​ទារ​សំណង​ពី​អ្នក​ភូមិ​បែប​នេះ ពួក​គាត់​ក៏​បាន​លើកគ្នា​មួយ​ភូមិ​ដែល​មាន​គ្នា​ប្រមាណ​២០០​នាក់ មក​ផ្តិត​មេដៃ​នៅ​ចំពោះ​មុខ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន ដោយ​ចោទប្រកាន់​ស្ត្រី​ឈ្មោះ កោះ សុខ នេះ​ថា​ពិតជា​ចេះ​អំពើ​អាប​-​ធ្មប់​(​ផ្លូវ​ងងឹត​)​បណ្តាល​ឲ្យ​អ្នក​ភូមិ​ឈឺ​រាំ​ុ​រ៉ៃ និង​ស្លាប់​ជា​បន្តបន្ទាប់​មែន​រឿង​អី​ស្ត្រី​នោះ​មក​ប្តឹង​បក​វិញ ។

ក្រោយ​ពី​មានការ​សាកសួរ​ពី​សមត្ថកិច្ច ស្ត្រី​ខាងលើ​នេះ បាន​បដិសេធ​ថា គាត់​មិន​ចេះ​ធ្វើអំពើ​អាប​-​ធ្មប់​អ្វី​ទេ ហើយ​ករណី​ចោទប្រកាន់​បែប​នេះ​គាត់​មិន​អាច​ទទួលយក​បាន​ឡើយ ព្រោះ​គាត់​ក៏​ជា​ស្ត្រី​ដូច​គេឯង​ធម្មតា មិន​ចេះ​អាប​-​ធ្មប់​នោះ​ទេ ។

ជាមួយ​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​ស្ថិត​ក្នុងភូមិ​កណ្តាល​ទួល​ទាំងមូល សុំ​ឲ្យ​អាជ្ញា ធរ​និង​សមត្ថកិច្ច​ជួយ​ធ្វើ​ជា​សាក្សី និង​ជួយ​ជំរុញ​ឲ្យ​ស្ត្រី ឈ្មោះ កោះ សុខ ទៅ​ធ្វើ​ពិធី​ស្បថស្បែរ និង​ធ្វើ​សច្ចា ប្រណិធាន​នៅ​មុខ​ព្រះ​ពុទ្ធរូប ក្នុង​វត្ត​ដងទង់​ដែល​ល្បី​ថា​ពូកែ​ស័ក្តិសិទ្ធិ​បំផុត ហើយ​អ្នក​ភូមិ​កណ្តាល​ទួល​ទាំងមូល​និង​ស្ត្រី​ឈ្មោះ កោះ សុខ ក៏​បាន​ព្រមព្រៀង​សន្យា​ថា​នឹង​រៀបចំ​ពិធី​ស្បថស្បែរ​នេះ នៅ​ឯ​វត្ត​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត នៅ​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​ក្រោយ​នេះ ។

ទាក់ទិន​នឹង​អំពើ​ផ្លូវ​ងងឹត បែប​ជំនឿ​អ​រូបិយ​ខាងលើ​នេះ មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​មាន​ជំងឺ​ផ្សេង​ៗ​នៅ​តាម​ស្រុកស្រែ​ចម្ការ ពលរដ្ឋ​មួយ​ភាគ​តូច​តែងតែមាន​ជំនឿ​លើ​បារមី ឬ​ការ​បែរបន់​ខ្មោច​ព្រាយ​បិសាច ជួនកាល​មានការ​បញ្ជាន់អារក្ស និង​ការ​ថ្វាយ​ដ​ង្វា​យ​ដោយ​ភ្លេងពិណពាទ្យ​ជាដើម​ជំនួស​ថ្នាំសង្កូវ ។ ចំណែក​អ្នក​រស់នៅ​តាម​ទីប្រជុំជន ភាគច្រើន​ជឿ​លើ​ផ្នែក​វេជ្ជសាស្ត្រ ហើយ​អ្នកជំងឺ​តែងតែ​ពឹងផ្អែក​លើ​គ្រូពេទ្យ​ព្យាបាល​ជំងឺ ដោយ​គេ​មិនសូវ​ជឿ​លើ​អបិយ​ជំនឿ​នោះ​ឡើយ ។

យ៉ាងណាមិញ​ការ​ជឿ​ស៊ុប​លើ​ជំនឿ​អ​រូបិយ​ដូច​ខាងលើ បើ​រឿង​នេះ​មិន​ពិតប្រាកដ​វិញ អាច​ជា​ករណី​លាប​ពណ៌​រវាង​គ្នា​និង​គ្នា ដែល​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​កាន់តែ​ខ្លាំង បង្ក​ជា​ករណី​គុំ​គួ​ន​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ និង​នាំ​ឲ្យ​បែកបាក់​សាមគ្គី​ពី​ក្រុម​គ្រួសារ​មួយ​ទៅ​ក្រុម​គ្រួសារ​មួយទៀត​រហូត​បែកបាក់​សាមគ្គី​រវាង​ពលរដ្ឋ​ក្នុងភូមិ​ជាមួយ​គ្នា​ផង​ដែរ ។

ជុំវិញ​ការ​ចោទប្រកាន់​របស់​អ្នក​ភូមិ​ថា ស្ត្រី​រូប​នេះ​ចេះ​អាប​-​ធ្មប់​ធ្វើអំពើ​សម្លាប់​មនុស្ស​នេះ គប្បី​រក​ឱ្យ​ឃើញ​ថា តើ​រាល់​អ្នក​ដែល​ស្លាប់​នោះ​ជាស​ត្រូវ​របស់​ស្ត្រី​រូប​នេះ​ឬ​ក៏​អត់ ? មិនមែន​នៅ​សុខ​ៗ​ចេះ​តែ​ធ្វើ​មន្តអាគម​សម្លាប់​មនុស្ស​បែប​នេះ​ឡើយ ។

ក្នុង​សម័យ​ទំនើប​ដែល​មនុស្ស​ឡើង​ហួស​ឋាន​ព្រះចន្ទ្រ​ទៅ​ហើយ​នោះ តើ​អបិយ​ជំនឿ​ដែល​បាន​កើតឡើង​នេះ គប្បី​មាន​ជំនឿ​បែប​ការ​សង្ស័យ​ចោទប្រកាន់​នេះ​តទៅ​ទៀត​ឬ​បែប​ណា ?

កន្លង​មកនេះ​ មាន​អ្នក​រង​គ្រោះ​ច្រើន​នាក់​ហើយ​ដែល​ត្រូវ​មនុស្ស ខ្វះ​ការ​ពិចារណា​ព្រោះតែ​ជឿ​ស៊ុប​ទៅ​លើ​អបិយ​ជំនឿ​នេះ បាន​ឈាន​ទៅ​ដល់​ការ​សម្លាប់​ជា​បន្តបន្ទាប់ ហើយ​ក៏​មាន​ជន​ដៃដល់​ច្រើន​នាក់​ផង​ដែរ ត្រូវ​បាន​ចាប់ខ្លួន​ផ្តន្ទាទោស ។ និយាយ​រួម​អបិយ​ជំនឿ​បែប​នេះ​ប្រតិកិរិយា​ពេក​ហើយ ៕

អត្ថបទសរសេរ ដោយ