ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​រៀប​ផែនការ​ហិរញ្ញវត្ថុ ដើម្បី​ប្រើប្រាស់​ពេល​មាន​បញ្ហា​ជំងឺ​ធ្ងន់ធ្ងរ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បញ្ហា​សុខភាព​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ គឺជា​ចំណោទ​បញ្ហា​​ដ៏​ធំ​មួយ​។ ជា​ពិសេស​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន ដូច​ជា​ជំងឺមហារីក ថ្លើម បេះដូង សួត និង​​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម​កំពុង​តែ​ឆក់​យក​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន…

រាជធានី​ភ្នំពេញ ៖ បញ្ហា​សុខភាព​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ គឺជា​ចំណោទ​បញ្ហា​​ដ៏​ធំ​មួយ​។ ជា​ពិសេស​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន ដូច​ជា​ជំងឺមហារីក ថ្លើម បេះដូង សួត និង​​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម​កំពុង​តែ​ឆក់​យក​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន និង​ស្ងៀមស្ងាត់​បំផុត ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​កំពុង​តែ​ប្រឈម​នឹង​ហានិភ័យ​ហិរញ្ញវត្ថុ សម្រាប់​ការ​ចំណាយ​លើ​បញ្ហា​នៃ​ការ​ព្យាបាល​ជំងឺ​។

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) និង​ជា​អ្នកជំនួញ​អចលនទ្រព្យ បាន​លើក​ឡើង​ថា ជា​សវ​តា​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ តាម​រយៈ​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា (ADB) បាន​ស្រាវជ្រាវ​អំពី​ការ​ចាត់ចែង​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​តាម​រយៈ​ការ​សន្សំ ដែល​ជា​ទម្លាប់​របស់​ប្រជា​​ពលរដ្ឋ​ខ្មែរ​ការ​សន្សំ គឺ​មាន​ទម្រង់​ជា​ការ (១)- ទិញ​មាស សម្រាប់​ប្រជាពលរដ្ឋ​នៅ​ជនបទ និង (២)- តាម​រយៈ​ការ​ចិញ្ចឹម​សត្វពាហនៈ «​តែ​មិនមែន​ជា​ការ​សន្សំ ឬ​រៀបចំ​ហិរញ្ញ​វត្ថុ សម្រាប់​ការ​ព្យាបាល​ជំងឺ ជា​ពិសេស​ជំងឺ​ធ្ងន់ធ្ងរ​នោះ​ទេ​»​។

អ្វី​ដែល​សំខាន់​ទៀត​នោះ​គឺថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ពេល​មាន​បញ្ហា​សុខភាព ឬ​ធ្លាក់ខ្លួន​ឈឺ គឺ​ចាប់ផ្តើម​លក់ដូរ​នូវ​ការ​សន្សំ​ខាងលើ បន្ថែម​ពីលើ​ការ​ដោះ​ទ័ល​តាម​រយៈ​ការ​ទទួល​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា ។ លោក​បាន​បន្ត​ថា ប្រមាណ​ជាង ៣០ ភាគរយ ទៅ ៤០ ភាគរយ នៃ​កម្ចី​របស់​ប្រជាពលរដ្ឋ​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​គឺ​សម្រាប់​ប្រើប្រាស់​លើ​សេវា​សុខភាព ដែល​នេះ​គឺជា​ចំនួន​ដ៏​ច្រើន​លើសលប់​មែនទែន ។

ទីប្រឹក្សា​សេដ្ឋកិច្ច​រូប​នេះ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖ «​បើ​យើង​ក្រឡេក​មើល​ចំនួន​នេះ គឺជា​ទំហំ​ធំ​ណាស់ ខណៈ​ការ​សន្សំ​របស់​ប្រជាពលរដ្ឋ​សម្រាប់​ជំងឺ​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក ឬ​មហារីក​ថ្លើម​ជាដើម គឺ​ពិបាក​ណាស់ ព្រោះ​ប្រជាពលរដ្ឋ​មិន​មានការ​សន្សំ​សម្រាប់​ចំណាយ​លើ​ជំងឺ​ធ្ងន់ធ្ងរ​នោះ​ទេ​» ។ លោក​បន្ត​ថា សម្រាប់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មួយ​ភាគ​ធំ​ជា​អ្នករក​ចំណូល​ពី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺ​មិន​អាច​មាន​លទ្ធភាព​ចំណាយ​សម្រាប់​ជំងឺ​ធ្ងន់ធ្ងរ ឧទាហរណ៍​ការ​ព្យាបាល​អស់ ៥០០០ ដុល្លារ​អី​នឹង គឺ​ពិបាក​សម្រាប់​ប្រជាពលរដ្ឋ ព្រោះ​ពួក​គាត់​កម្រ​នឹង​សន្សំ​ជា​សាច់ប្រាក់​សម្រាប់​ការ​ចំណាយ​លើ​ជំងឺ​ធ្ងន់ធ្ងរ​ណាស់ ។

លោក​ង៉ែត ជូ បន្ត​ថា​៖ «​ករណី​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ភាគ​ធំ ដែល​មិន​មាន​ទម្លាប់​សន្សំ​ជា​សាច់ប្រាក់​សម្រាប់​ការ​ចំណាយ​លើ​ជំងឺ​ធ្ងន់ធ្ងរ គឺ​ពេល​ទ័ល​ខ្លាំង គឺ​ខ្ចី​បំណុល​គេ​តែ​ម្តង​។ ជា​រួម​ទម្លាប់​បងប្អូន​យើង​គឺ​មាន​ជា​គំនិត​សន្សំ​លុយ​សម្រាប់​ការ​ចំណាយ​ដែល​មើល​ឃើញ សម្រាប់​ការ​ចំណាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​នៃ​ការ​កើត​មាន​ជំ​នឺ​ធ្ងន់ធ្ងរ​អី​នឹង គឺជា​ការ​ចំណាយ​ដែល​មើល​មិនឃើញ អ​ញ្ចឹ​ង​មិន​មានការ​រៀបចំ​ថវិកា​លើ​បញ្ហា​នេះ​ទេ ។ ទោះបីជា​មានការ​សន្សំ​សម្រាប់​ជំងឺ​ធ្ងន់ធ្ងរ ក៏​មាន​មិន​ដល់ ៥ ភាគរយ​នៃ​ប្រជាជន​ខ្មែរ​ផង» ។

ឆ្លើយ​តប​នឹង​សំនួរ​ដែល​បាន​លើក​ឡើង​ថា តើ​មាន​វិធីសាស្ត្រ​អ្វី​ដែល​ប្រជាពលរដ្ឋ​គួរ​មាន​សម្រាប់​ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​លើ​ការ​ចំណាយ ពេល​កើត​មាន​ជំងឺ​ធ្ងន់ធ្ងរ លោក​ង៉ែត ជូ បាន​បញ្ជាក់​ថា​៖ «​ការ​រៀបចំ​ថវិកា​សម្រាប់​ជំងឺ​ធ្ងន់ធ្ងរ គឺ​មាន​តែ​តាម​រយៈ​ការ​ប្រើ​ប្រាស់​ធានា​រ៉ាប់រង​… តាម​រយៈ​ការ​បង់​ជា​បុព្វលាភ​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់​រ៉​ង ដើម្បី​ធានា​ថា ពេល​មានអី​កើតឡើង​គឺ​មានការ​គាំពារ​ពី​ការ​ធានា​រ៉ាប់រង​» ។

យ៉ាងណាមិញ​សម្រាប់​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ជា មហារីក ជំងឺ​ដាច់​សរសៃឈាម​ខួរ​ក្បាល ក៏​ដូច​ជា​ជំងឺ​បេះដូង​ជាដើម គឺ​សុទ្ធតែ​អាច​ព្យាបាល​បាន បើសិន​រក​ឃើញ​រោគ​វិនិច្ឆ័យ​នៅ​ដំណាក់កាល​ដំបូង​ៗ​។

បើ​ទោះបីជា​មហារីក​ជា​ជំងឺ​កាច​សាហាវ និង​ជា​ឃាតករ​លេខ ១ លើ​ពិភពលោក តែ​សម្រាប់​ជំងឺមហារីក​ដែល​យើង​អាច​ទប់ស្កាត់​ការពារ​បាន ហើយ​អាច​រក​ឃើញ​នៅ​ដំណាក់​កាល​ដំបូង​ៗ​បាន គឺ​មាន​ជំងឺមហារីក​មាត់ស្បូន​ទៅ​លើ​ស្ត្រី មហារីក​សុដន់ និង​ជំងឺមហារីក​ក្រពះ ពោះវៀន​ជាដើម​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា ប្រធាន​ផ្នែក​មហារីក​និង​ជំងឺ​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។

យោង​តាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាបរង​ជីវិត អេ អាយ អេ ខេ​ម​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត​លើ​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ដំបូង​បង្អស់​នៅ​កម្ពុជា បាន​ផ្សព្វផ្សាយ​ថា ការ​រីក​ចម្រើន​ផ្នែក​វេជ្ជសាស្ត្រ​ទំនើប មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង ដែល​ជួយ​ឲ្យ​អ្នកជំនាញ​មាន​លទ្ធភាព​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​បាន​។ ដូច្នេះ​ទោះបីជា​មនុស្ស​ជា​ច្រើន​មាន​ជំងឺមហារីក​ហើយ​ក៏​ដោយ ក៏​ពួក​គេ​នៅ​មានឱកាស​បន្ត​រស់នៅ និង​ទទួល​យក​បទ​ពិសោធន៍ និង​ភាព​រីករាយ​នៃ​ជីវិត​បាន​ដែរ​។

អេ អាយ អេ ខេ​ម​បូ​ឌា ដដែល​ក៏​បាន​បញ្ជាក់​ថា​៖ «​ការ​វិនិយោគ​ទៅ​លើ​គម្រោង​ធានា​រ៉ាប់​រង ដែល​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេង​ៗ​ច្រើន​ប្រភេទ រួម​ទាំង​ការ​ព្យា​បាល​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​ផង​នោះ នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាកដ​ចិត្ត​ថា អ្នក និង​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក នៅ​តែ​បន្ត​ទទួល​បានការ​ថែរក្សា​នៅ​ថ្ងៃ​អនាគត​។ ការ​ផ្តល់​ជូន​ពី​គម្រោង​ធានា​រ៉ាប់រង​នោះ ជួយ​អ្នក​ទូទាត់​លើ​ការ​ចំណាយ​នៃ​ការ​ព្យាបាល និង​ជួយ​អ្នក​ចំពោះ​ការ​បាត់បង់​ចំណូល​ដោយសារ​ជំងឺ​ទាំងនេះ​។ ដូច្នេះ​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​គ្រាន់តែ​យកចិត្តទុកដាក់​ទៅ​លើ​អ្វី​ដែល​សំខាន់​បំផុត គឺ​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ឡើង​វិញ​»​។

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច ទទួលស្គាល់​ថា ឥឡូវនេះ​និន្នាការ​នៅ​កម្ពុជា​មានការ​ផ្លាស់​ប្តូរ​ច្រើន ដោយសារ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ទំនោរ​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង មាន​​ចំនួន​ច្រើន​ជាង​មុន​។ គ្រាន់តែ​បញ្ហា​នោះ គឺ​នៅ​ត្រង់​ថា សមាគម​ធានា​រ៉ាប់រង​កម្ពុជា ក៏​ដូច​ជា​សាមី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត ត្រូវធ្វើ​ការងារ​បន្ថែម​ទៀត​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​គឺ​ការ​កសាង​ទំនុកចិត្ត​ជាមួយ​អតិថិជន ដែល​ទាមទារ​នូវ​ពេលវេលា​ច្រើន ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​លើ​វិស័យ​ធានា​រ៉ាប់រង​ជីវិត ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន មាន​ទំលាប់​មិន​ចូល​ចិត្តការ​អាន អ​ញ្ចឹ​ង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ត្រូវ​ពន្យល់​អតិថិជន​ឲ្យ​បាន​ច្បាស់​ថា អ្វីខ្លះ​ដែល​ក្រុមហ៊ុន​រ៉ាប់រង និង​អ្វីខ្លះ​ដែល​ក្រុមហ៊ុន​មិន​រ៉ាប់រង​ដើម្បី​បញ្ចៀស​វិវាទ​នៅ​ថ្ងៃក្រោយ​៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ