អ្នក​ឃុំ​ដូន​កែវ​នឹង​ទទួល​បាន​ស្ពានបេតុង​ថ្មី ជា​ចំណងដៃ​ពី​អាជ្ញាធរ​ជាតិ​អប្សរា


ខេត្តសៀមរាប ៖ ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​ក្នុង​ឃុំ​ដូន​កែវ ស្រុក​ពួក ដែល​ត្រូវធ្វើ​ដំណើរ​កាត់​ស្ពាន​ចាស់​ទ្រុឌទ្រោម ឆ្លង​មក​ក្រុង​សៀមរាប អាជ្ញាធរ​ជាតិ​អប្សរា បាន​ស្ថាបនា​ស្ពានបេតុង​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ឃុំ​ដូន​កែវ​ទាំងមូល​។ ស្ពានបេតុង​ថ្មី​នេះ នឹង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដូន​កែវ ទាំង​រដូវប្រាំង និង​វស្សា​។ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​អ្នក​ឃុំ​ដូន​កែវ បាន​ប្រើប្រាស់​ស្ពានឈើ​មួយ​កន្លែង ដែល​ឆ្លងកាត់​អូរ​ដំរី​ស្លាប់ កាត់​តាម​ផ្លូវ​លើ​ខ្នង​បារាយណ៍​ខាងលិច មក​កាន់​ក្រុង​សៀមរាប​។

ស្ពានឈើ​មាន​សភាព​ទ្រុឌទ្រោម ហើយ​ការ​ធ្វើ​ដំណើរ​មិន​អំណោយផល​ទេ​ក្នុង​រដូវវស្សា ដោយសារ​ទឹក​ជន់​លិច​ខ្លាំង និង​ពេល​ខ្លះ​លិច​ភូមិ​ដែល​នៅ​ជាប់​នោះ​ផង​។ លោក រ៉​ម វិចិត្រ បុគ្គលិក​បច្ចេកទេស​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ស្ពានបេតុង​ថ្មី​នេះ គឺ​ភ្ជាប់​ពី​ឃុំ​ដូន​កែវ ទៅ​ក្រុង​សៀមរាប​។ លោក​បន្ថែម​ថា ស្ពាន​ចាស់​មាន​ទំហំ​តូច ហើយ​ការ​ធ្វើ​ដំណើរ ក្នុង​រដូវវស្សា​មាន​ភាព​លំបាក និង​អាច​គ្រោះថ្នាក់​បើ​នៅ​បន្ដ​ប្រើប្រាស់​ជា​បន្ត​ទៀត​។

ក្នុង​ពេល​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា លោក វិចិត្រ ពន្យល់​ថា ស្ពានបេតុង​ថ្មី​នេះ គឺ​ឆ្លងកាត់​ប្រឡាយ​រំដោះ​ទឹកជំនន់​ពី​ក្រុង​អង្គរ ក្រុង​សៀមរាប ទៅ​ស្ទឹង​ពួក និង​ស្ទឹង​ព្រះ​ស្រុក​។ ដោយសារ​ស្ពាន​តូច ធ្វើ​ឱ្យ​មាត់​ប្រឡាយ​រួម​តូច ដូច្នេះ​ពេល​ភ្លៀង​ខ្លាំង​មាន​ជំនន់​ទឹកភ្លៀង​តែង​ជន់​លិច ភូមិ​ក្បែរ​ៗ​នោះ​ជា​និច្ច​។ ការ​ស្ថាបនា​ស្ពាន​ថ្មី​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្ដារ និង​ពង្រីក​មាត់​ប្រឡាយ ដើម្បី​សម្រួល​ចរន្តទឹក និង​អាច​រំដោះ​ទឹកបាន​លឿន​ជាង​ពេល​មុន​ៗ​។ សូម​បញ្ជាក់​ថា ស្ពានបេតុង​ថ្មី​ខាងលើ ចាប់ផ្តើម​សាងសង់​នៅ​ចុងខែ មិថុនា ឆ្នាំ​២០១៨ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​រយៈពេល​៣​ខែ​បន្ទាប់​។ ស្ពាន​នេះ​មាន​ប្រវែង ២៤​ម៉ែត្រ និង​ទទឹង ៣,៥​ម៉ែត្រ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ