ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាង​ ស៊ីពេជ្រ​ និង​ ANNWA ធ្វើ​ឱ្យ​កក្រើក​សង្វៀន​ប្រដាល់​ប៉ុស្តិ៍​លេខ​5​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ​គូ​អន្តរ​ជាតិ​ទាំង​៤​ នៅ​សង្វៀន​ Beeline ជ្រោយ​ចង្វា​ប៉ុស្តិ៍​លេខ​៥​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២១​ ​មីនា​កន្លង​ទៅ​ គឺ​មាន​តែ​គូ​ប្រកួត​រវាង​កីឡាករ​ លាង​ ស៊ីពេជ្រ​ និង​កីឡាករ​ ANNWA ជា​ជន​ជាតិ​អ៊ូស​បេ​គីស្ថាន​ប៉ុណ្ណោះ​ ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់​ចិត្ត​ដិត​អារម្មណ៍​ជាង​គេ​ក្នុង​ការ​ទស្សនា​ ។​ អ្វី​ដែល​ធ្វើ​ឱ្យ​គេ​កត់​សម្គាល់​ចំពោះ​គូ​នេះ​ខ្លាំង​ក្លា​បំផុត​នោះ​ គឺ​ដោយ​សារ​ទាំង​

រាជ​ធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ​គូ​អន្តរ​ជាតិ​ទាំង​៤​ នៅ​សង្វៀន​ Beeline ជ្រោយ​ចង្វា​ប៉ុស្តិ៍​លេខ​៥​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២១​ ​មីនា​កន្លង​ទៅ​ គឺ​មាន​តែ​គូ​ប្រកួត​រវាង​កីឡាករ​ លាង​ ស៊ីពេជ្រ​ និង​កីឡាករ​ ANNWA ជា​ជន​ជាតិ​អ៊ូស​បេ​គីស្ថាន​ប៉ុណ្ណោះ​ ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់​ចិត្ត​ដិត​អារម្មណ៍​ជាង​គេ​ក្នុង​ការ​ទស្សនា​ ។​ អ្វី​ដែល​ធ្វើ​ឱ្យ​គេ​កត់​សម្គាល់​ចំពោះ​គូ​នេះ​ខ្លាំង​ក្លា​បំផុត​នោះ​ គឺ​ដោយ​សារ​ទាំង​ លាង ស៊ីពេជ្រ​ និង​ ANNWA សុទ្ធ​តែ​មាន​សមត្ថ​ភាព​វាយ​ប្រហារ​គ្នា​ផាំង​ទៅផាំង​មក​ដែល​ប្រៀប​ដូច​ជា​រន្ទះ​ប៉ះ​រន្ទះ​ ដែល​សូម្បី​តែ​អ្នក​មិន​ចូល​ចិត្ត​កីឡា​ប្រដាល់​សោះ​ ក៏​សម្តែង​នូវ​អារម្មណ៍​រន្ធត់​នឹង​ការ​វាយ​លុក​របស់​គូ​នេះ​នៅ​លើ​សង្វៀន​ដែរ ។​

គ្មាន​អ្នក​ណា​មិន​សរសើរ​នោះ​ទេ​ថា​ ក្រុម​គណៈ​​កម្មការ​ប៉ុស្តិ៍​លេខ​៥​លើក​នេះនាំ​យក​កីឡា​ករ​បរទេស​មក​ប៉ះ​ចំ​សុទ្ធ​តែ​ជា​ជើង​ខ្លាំង​ល្អៗ​។ តាំង​ពី​គូ​អន្តរ​ជាតិ​ទី​១​ រហូត​ដល់​គូ​អន្តរ​ជាតិ​ទី​៤​ គេ​កត់​សម្គាល់​ថា​ កីឡាករ​បរទេស​ម្នាក់​ៗ​គ្មាន​អ្នក​ណា​ឡើង​រេញ​ដោយ​រង​ការ​រិះ​គន់​ថា​ វាយ​មិន​កើត​ដូច​មុន​ឡើយ​ ។​ សូម្បី​តែ​គូ​អន្តរ​ជាតិ​ទី​៣​ ដែល​អ្នក​ណា​ក៏​មើល​ឃើញ​ថា​សន្លប់​ក្រោម​ដៃ​កីឡាករ​កម្ពុជា ​គឺ​ដោយ​សារ​តែ​កីឡាករ​ថៃ​នោះ​ភ្លាត់​ស្នៀត​តែ​ប៉ុណ្ណោះ ។​ ស្រប​គ្នា​ដែល​ក្នុង​ចំណោម​គូ​អន្តរ​ជាតិ​ទាំង​៤​ គឺ​ភាគី​ខាង​បរទេស​ឈ្នះ​រហូត​ដល់​ទៅ​៣​គូ​ផង​ ទើប​ធ្វើ​ឱ្យ​អ្នក​ទស្សនា​​ភាគ​ច្រើន​កាន់​តែ​សរសើរ​ថា​ កីឡាករ​បរទេស​ដែល​មាន​មុខ​ឡើង​ប្រកួត​នៅ​លើ​រេញ​សម្រាប់​ថ្ងៃ​នោះ គឺ​សម្រាំង​បាន​ល្អ​ ហើយ​ត្រូវ​ចិត្ត​មហាជន ។​ ទោះ​យ៉ាង​ណា​ ក្នុង​ចំណោម​គូ​អន្តរ​ជាតិ​ទាំង​៤​ គឺ​មាន​តែ​គូ​អន្តរ​ជាតិ​ទី​២​ រវាង​កីឡា​ករ​កម្ពុជា​ លាង ស៊ីពេជ្រ​ និង​កីឡាករ​អ៊ូស​បេ​គីស្ថាន​ ANNWA ប៉ុណ្ណោះ​ដែល​ធ្វើ​ឱ្យ​គេ​ទាក់​ទាញ​ និង​ចង​ចាំ​ចំពោះ​ការប្រកួត​របស់​ពួក​គេ​ជាង​គេ ។​ នៅ​ទឹក​ទី​១​ កីឡាករ​ លាង ស៊ីពេជ្រ​ រង​កណ្តាប់​ដៃ​កីឡា​ករ​ ANNWA រហូត​ត្រូវ​រាប់​ពីរ​ដង​​ ដែល​ក្នុង​ពេល​នោះ​គេ​ស្ទើរ​តែ​មិន​ជឿ​ថា​ លាង ស៊ីពេជ្រ​ អាច​តស៊ូ​ដល់​ទឹក​ទី​៥​ ផង ។​

ឈាន​ដល់​ទឹក​ទី​២​ និង​ទឹក​ទី​៣​ ឱកាស​បាន​ធ្លាក់​ទៅ​លើ​កីឡាករ​ លាង ស៊ីពេជ្រ​ វិញ​ម្តង ។​ នៅ​ក្នុង​អំឡុង​ទឹក​នេះ​គ្មាន​អ្នក​ទស្សនា​ណា​ម្នាក់​មិន​ហើប​គូទ​ពី​កៅអី​នោះ​ទេ​ ដោយ​ក្រុម​អ្នក​ទស្សនា​ស្ទើរ​គ្រប់​គ្នា​ត្រូវ​គេ​ឃើញ​ស្ទុះ​ក្រោក​ឈរ​ព្រមៗ​គ្នា​ ហើយ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ទះ​ដៃ​រហូត​ភ្លេច​គិត​ពី​ការ​នឿយ​ហត់​ ពិសេស​នៅ​ពេល​ លាង ស៊ីពេជ្រ​ មាន​ឱកាស​​វាត់​កែង​ និង​លើក​ជើង​ធាក់​ចំ​កណ្តាល​មុខ និង​កណ្តាល​ទ្រូង​ផាំងៗ​ ធ្វើ​ឱ្យ​ ANNWA ​អន់​សាច់។​ ប៉ុន្តែ​ឈាន​ចូល​ដល់​ទឹក​ទី​៤​ ឱកាស​ដែល​គេ​រំពឹង​ថា​នឹង​អាច​ជួយ​ឱ្យ​ លាង​ ស៊ីពេជ្រ​ ផ្តួល​គូ​ប្រកួត​ឱ្យ​សន្លប់​ បែរ​ជា​ធ្លាក់​លើ​កីឡាករ​ ANNWA ​វិញ​ម្តង ។​ ក្នុង​ទឹក​នេះ​ ANNWA ​បាន​វាត់​កែង​បក​ បោះ​រន្ទះ​ជើង​ និង​ម៉ាត់​ផាំងៗ​គួរ​ឱ្យ​ញាក់​សាច់​ ត្រង់​ហ្នឹង​ហើយ​ដែល​គូ​​នេះ​ត្រូវ​គេ​ប្រដូច​ថា​ជា​រន្ទះ​ប៉ះ​រន្ទះ​ ហើយ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់​ចិត្ត​ដិត​អារម្មណ៍​បំផុត ។​ ឈាន​ដល់​ទឹក​ទី​៥​ កីឡាករ​ទាំង​ពីរ​កាន់​តែ​បង្ហាញ​នូវការ​តស៊ូ​ក្នុង​ការប្រយុទ្ធ​ បើ​ទោះ​ជា​ក្នុងទឹក​នេះ​ លាង ស៊ីពេជ្រ​ ត្រូវ​គេ​ឃើញ​ថា​អស់​ដៃ​អស់​ជើង​រលីង​ ហើយ​ធ្វើ​ឱ្យ​ ANNWA ​ដែល​ហៀប​នឹង​អស់​ដៃ​អស់​ជើង​ដូច​គ្នា​ មាន​ប្រៀប​ជាង​​តែ​បន្តិច​នោះ​ក៏​ដោយ ។​ គូ​នេះ​កីឡាករ​បរទេស​ឈ្នះ​ពិន្ទុ​ ហើយ​ក៏​ជា​លទ្ធផល​ដែល​ធ្វើ​ឱ្យ​មហា​ជន​អ្នក​ទស្សនា​កោតសរសើរ​ថា​ យុតិ្ត​ធម៌​បំផុត​នោះ​ផង​ដែរ ។​

ចំពោះ​គូ​ទី​១​ កីឡាករ​កងចក្រ​ ផ.ព្រះ​អីុន ជា​ជនជាតិ​ថៃ​ ដែល​គ្រោង​ជួបជា​មួយ​កីឡាករ​ អ៊ុង វិរៈ​ នោះ​បែរ​ជា​ត្រូវ​ដូរ​ឱ្យ​ទៅ​ប្រកួត​ជាមួយ​កីឡា​ករ​ ពេជ្រ សីហា​ ជាជំនួស​វិញ ។​ សម្រាប់​គូ​នេះ​ដ្បិត​ថា​មិនសូវ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ទស្សនា​ប៉ុន្មាន​ ប៉ុន្តែ​ក៏​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្តល់​សំឡេង​ហ៊ោ​កញ្ជ្រៀវ​ណាស់​ដែរ ។​ ពេជ្រ សីហា ដែល​អ្នក​ណា​ក៏​មើល​ឃើ​ញ​ថា​ បង្ហាញ​​នូវ​ការ​​តស៊ូ​មិន​ចាញ់​ លាង ស៊ីពេជ្រ​ បាន​ទទួល​វាសនា​ដូចគ្នា​គឺ​ចាញ់​ពិន្ទុ​កីឡាករជន​ជាតិ​ថៃ ។​

គូ​ទី​៣​ កីឡាករ​ កេន​ ផីត​ ជន​ជាតិ​ថៃ​គឺ​ជា​កីឡាករ​អន្តរ​ជាតិ​តែ​ម្នាក់​គត់​ដែល​ទទួល​ជោគ​វាសនា​ចាញ់​ក្រោម​ដៃ​កីឡាករ​កម្ពុជា​ ដោយ​ត្រូវ​សន្លប់​ក្នុង​ទឹក​ទី​៣​ ក្រោម​ដៃ​កីឡាករ​ ឡុង សុភី។​​ គូ​នេះ​ក៏​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់​ចិត្ត​ណាស់​ដែរ​ បើ​ទោះ​ភាគ​រយ​នៃ​ការ​​ផ្តល់​សម្រែក​ហ៊ោ​កញ្ជ្រៀវ​ត្រូវ​គេ​មើល​ឃើញ​ថា​ ចាញ់​គូ​អន្តរ​ជាតិ​ទី​២​ ក៏​ដោយ ។​

ដោយ​ឡែក​ គូ​ទី​៤ គឺ​កីឡាករ​ សែន​ ឆាយណយ​ មក​ពី​ប្រទេស​ថៃ​ បាន​បំបាក់​មុខ​កីឡាករ​ អូត ភូថង​ របស់​កម្ពុជា​ឱ្យ​ចាញ់​ពិន្ទុ​​ដោយ​អស់​ចិត្ត​​បំផុតនៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត​។​​ អ្នក​ទស្សនា​ដោយ​ផ្ទាល់​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥​ គ្រប់​គ្នា​សរសើរ​ថា​ ស្ថាប័ន​នេះ​កំពុង​ធ្វើ​ឱ្យ​អ្នក​ស្នេហា​កីឡា​ប្រដាល់​មាន​ទំនុក​ចិត្ត​ដូច​អំឡុង​ជាង​១០​ឆ្នាំ​មុន​វិញ​ហើយ​ បន្ទាប់​ពី​កែ​ទម្រង់​ផ្តល់​ពិន្ទុ​កាន់​តែ​យុតិ្ត​ធម៌​ និង​សម្រាំង​​បាន​កីឡាករ​ខ្មែរ​ និង​បរ​ទេស​ឱ្យ​ឡើង​រេញ​ប្រកួត​គ្នា​នា​ពេល​នេះ ៕​