ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេង វិឆ័យ​ ជួប​ ផល សុផាត​ នៅ​វគ្គ​ជម្រុះ​វិល​ជុំ​ចុង​ក្រោយ​ពូល​B ពាន​រង្វាន់​ K-cement ទម្ងន់​65​គីឡូក្រាម

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កីឡាករ​ ហេង វិឆ័យ​ មក​ពី​ក្លិប​កងពល​តូច​លេខ​៧០​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ ផល សុផាត​ មក​ពី​ក្លិប​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​ CTN នាថ្ងៃ​អាទិត្យ​ ទី​២៤​ មីនា​ខាង​មុខ​នេះ​ ក្នុង​វគ្គ​ជម្រុះ​វិល​ជុំ​ចុង​ក្រោយ​ពូល​ B ពាន​រង្វាន់​​ K-cement ទម្ងន់​៦៥​គីឡូ​ក្រាម​ ។​

រាជធានី​ភ្នំពេញ ៖ កីឡាករ​ ហេង វិឆ័យ​ មក​ពី​ក្លិប​កងពល​តូច​លេខ​៧០​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ ផល សុផាត​ មក​ពី​ក្លិប​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​ CTN នាថ្ងៃ​អាទិត្យ​ ទី​២៤​ មីនា​ខាង​មុខ​នេះ​ ក្នុង​វគ្គ​ជម្រុះ​វិល​ជុំ​ចុង​ក្រោយ​ពូល​ B ពាន​រង្វាន់​​ K-cement ទម្ងន់​៦៥​គីឡូ​ក្រាម​ ។​

រវាង​គូ​នេះ​ទាំង​សង​ខាង​សុទ្ធ​តែ​ត្រូវ​ការ​ឈ្នះ​ដូច​គ្នា​ដើម្បី​គេច​ឱ្យ​ផុត​ពី​ការ​ហាល​ខោ​ ឬ​ការ​ធ្លាក់​ចេញ​ពី​វគ្គ​ជម្រុះ​ក្នុង​ពូល​ ព្រោះ​ការ​ប្រកួត​ទាំង​២​លើក​ម្នាក់​កន្លង​មក​ គឺ​ចាញ់​ម្តង​ម្នាក់​ដូច​គ្នា​ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​មាន​តែ​អ្នក​ឈ្នះ​ប៉ុណ្ណោះ​ទើប​មាន​សង្ឃឹម​ថា​ នឹងអាច​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ ១/២​ផ្តាច់​ព្រ័ត្រ​ជាបន្ត​ទៀត​បាន ។​ ហេង វិឆ័យ​ ប្រកួត​លើក​ទី​១​ចាញ់​ ជាម អាដាំ​ ដោយ​ពិន្ទុ​ ប៉ុន្តែ​លើក​ទី​២​ឈ្នះ​ពិន្ទុ​ ឡុង សុវណ្ណ​ពៅ ។ ចំណែក​ ផល សុផាត​ ប្រកួត​លើក​ទី​១​ឈ្នះ​ពិន្ទុ​ ឡុង សុវណ្ណ​ពៅ​ ប៉ុន្តែ​លើក​ទី​២​ ចាញ់​ពិន្ទុ​ ជាម អាដាំ​ វិញ ។​ ដូច្នេះ​នៅ​ក្នុង​ពូល​ B គេបាន​រក​ឃើញ​ ជាម អាដាំ​ ម្នាក់​រួច​ហើយ​ដែល​ត្រូវ​ឡើង​ទៅ​​ប្រកួត​នៅ​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ​មុន​គេ ។​ លើក​នេះ​ ផល សុផាត​ និង ហេង វិឆ័យ​ ពិបាក​ព្យាករ​ទុក​មុន​ណាស់​ព្រោះ​ទាំង​សង​ខាង​មាន​ល្បិច​ប្រកួត​នៅ​លើ​សង្វៀន​ម្យ៉ាង​ម្នាក់​ ។​

ហេង វិឆ័យ​ ចរិត​របស់​គេ​ឆាប់​ឆេវ​ឆាវ​បន្តិច​ ម្យ៉ាង​វិញ​ទៀត​ ពេល​ខ្លះ​គេ​វាយ​អាង​កម្លាំង​បាយ​ទៀត​ផង​ បើ​ទោះ​ជា​គេ​ចេះ​ស្នៀត​កែង​ និង​ជង្គង់​ខ្លះ​ៗ​ក្តី ។​ ប៉ុន្តែ​ស្នៀត​កណ្តាប់​ដៃ​ និង​ស្នៀត​ជើង​របស់​គេ​ពេល​ទាត់​ និង​វាយ​ចេញ​ទៅ​ម្តងៗ​មាន​ទម្ងន់​ធ្ងន់​គួរ​សម​ មិន​អាច​បណ្តោយ​ឱ្យ​វាយ​ត្រូវ​ផ្តេស​ផ្តាស​បាន​ទេ​ ចំណែក​កម្លាំង​របស់​គេ​អាច​វាយ​បាន​៥​ទឹក​ពេញ​មិន​លំបាក​ឡើយ​ ។​

រី​ឯ ផល សុផាត វិញ​ គេ​មាន​ចិត្ត​អំណត់​គួរ​សម​ ប៉ុន្តែ​កម្លាំង​របស់​គេ​រាង​ចុះ​ខ្សោយ​ជាង​មុន​បន្តិច​ ។​ ផល សុផាត​ មាន​ស្នៀត​កណ្តាប់​ដៃ​ល្អ​ព្រោះ​គេ​ធ្លាប់​ធ្វើ​ជា​អ្នក​ប្រដាល់​សាកល​អាជីព​ពី​មុន​មក​ ចំណែក​ស្នៀត​កែង​ និង​ជង្គង់​ប្រើ​ការ​មិន​សូវ​បាន​ផល​ឡើយ ។​ ចាំ​មើល​រវាង​ពួក​គេ​ទាំង​២​នាក់​ តើ​នរណា​ជា​អ្នក​ដែល​ត្រូវ​ហាល​ខោ​មុន​គេ?​

ក្រៅ​ពី​គូ​ដណ្តើម​ខ្សែ​ក្រវាត់​នេះ​ទៅនៅ​មាន​គូ​ប្រកួត​ជា​លក្ខណៈ​មិត្ត​ភាព​ប្រចាំ​សប្តាហ៍​នេះ​ដែរ​ដូច​ជា​ កីឡាករ​ សួង សុវណ្ណថា​ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​ ជួប​ប្រកួត​ជា​មួយ​កីឡាករ​ យស់ សំអាល់​ មក​ពី​ក្លិប​ឃ្លាំង​មឿង​​កីឡា​ខេត្ត​ពោធិ៍​សាត់​ ។​ កីឡាករ​ ថន​ មករា​ មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ខេត្ត​ពោធិ៍សាត់​ ជួប​ប្រកួត​ជា​មួយ​កីឡាករ​ ភិរម្យ​ ភក្តី​ មក​ពី​ក្លិប​រកា​ខ្នុរ​គុន​ខ្មែរ​បង្ក្រាប​គ្រឿង​ញៀន​ ។​ កីឡាករ​ សោម​ ទឿទី មកពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ​ ជួប​ជា​មួយ​កីឡាករ​ មុត សំខាន់​ មក​ពី​ក្លិប​សាល​វ័ន្ត​កីឡា ។​ កីឡាករ​ ឈឿន ពិសី មក​ពីសមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ជួប​ជាមួយ​កីឡា​ករ​ សូ សុផាត​ មក​ពី​ក្លិប​តោ​មាស​កីឡា​ ដែល​ជា​ការប្រកួត​លក្ខណៈ​សាកល​អាជីព ។​ កីឡាករ​ ម៉ក់​ ហេន​ មក​ពី​ក្លិប​ក្រុង​ប៉ោយ​ប៉ែត​ ជួប​ជាមួយ​កីឡាករ​ វ៉ន សាវឿន​ មក​ពី​ក្លិប​ខេមរិន្ទ​មាន​ឫទ្ធិ​ និង​កីឡាករ​ រ៉ុង រិទ្ធី​ មក​ពី​ក្លិប​ច័ន្ទ​បុរីវង្ស​ ជួប​ជា​មួយ​កីឡាករ​ ឈិន ឃ្លោក​ មក​​ពី​ក្លិប​ពន្លឺ​វិបុល ៕​