ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូរ… ស្លឹក១ ថ្លៃ៥ពាន់រៀលហើយ…!

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដោយសារ​តែ​ការ​មាន​ជំនឿ​ទៅ​លើ​ដើមឈើ​១​ដើម ដុះ​នៅ​កណ្តាល​ប្រាសាទតូច​មួយ ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ ក៏​បាន​ក្លាយទៅជា​ពិធីបុណ្យ​មួយ​ដ៏​អធិកអធមនៅ​ក្នុង​វត្ត​ប្រាសាទ​ធ្វើ​ឱ្យ​ជំនឿ​កាន់តែ​ផុសផុល​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ។ ខណៈ​ពេល​ដែល​មានការ​ធ្វើបុណ្យ​នោះ ក៏​មាន​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា បារមី​ចូល​សន្ធិ​ត…

ខេត្តកំពត ៖ ដោយសារ​តែ​ការ​មាន​ជំនឿ​ទៅ​លើ​ដើមឈើ​១​ដើម ដុះ​នៅ​កណ្តាល​ប្រាសាទតូច​មួយ ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ ក៏​បាន​ក្លាយទៅជា​ពិធីបុណ្យ​មួយ​ដ៏​អធិកអធមនៅ​ក្នុង​វត្ត​ប្រាសាទ​ធ្វើ​ឱ្យ​ជំនឿ​កាន់តែ​ផុសផុល​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ។

ខណៈ​ពេល​ដែល​មានការ​ធ្វើបុណ្យ​នោះ ក៏​មាន​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា បារមី​ចូល​សន្ធិ​ត បាន​ធ្វើ​ឱ្យ​អ្នកស្រុក​រាប់រយ​នាក់ ដែល​ទៅ​ចូលរួម​ក្នុង​ពិធី​មានការ​ភ្ញាក់ផ្អើល​គ្រប់​ៗ​គ្នា ។ ពិធីបុណ្យ​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ កាលពី​ព្រឹក​ថ្ងៃ​១៣ កក្កដា កន្លង​មកនេះ ។ ដោយ​មាន​អ្នកស្រុក​មក​ពី​តាម​ឃុំ​នានា​នៅ​ស្រុក​អង្គរ​ជ័យ​មក​ចូលរួម​យ៉ាង​កុះករ ។

ប្រាសាទ​ដែល​មាន​ដើមឈើ​ដុះ​ចំ​កណ្តាល​នេះ​កសាង​ពី​ថ្មបាយក្រៀម ស្ថិត​ក្នុង​វត្ត​ប្រាសាទ ដែល​មា​នទី​តាំងនៅ​ជាប់​នឹង​ផ្សារ​តានី ។ ទោះបីជា​បែប​ណា គេ​ពុំ​ដឹង​ពី​ប្រវត្តិ​នៃ​ប្រាសាទ​នេះ​ទេ គ្រាន់តែ​ដឹង​ថា​ធ្វើ​ក្នុង​សតវត្សរ៍​ទី​១០ ។ក្នុង​ពិធីបុណ្យ​ដែល​មាន​មនុស្ស​ប្រុស​ស្រី​ចាស់​ក្មេង​ចូលរួម​យ៉ាងច្រើន​កុះករ​នោះ លោក​អាចារ្យ​ក៏​បាន​រៀបចំ​រណ្តាប់​ក្រុង​ពាលី ថ្វាយ​អា​រុក្ខ​អារក្សអ្នកតា​ថែរក្សា​ដើមឈើ​ផង​ដែរ ។ មនុស្ស​ម្នា​ដែល​ទៅ​ចូលរួម​ក៏​នៅ​តែ​ដណ្ដើម​គ្នា​រើស​ស្លឹកឈើ​ដែល​ជ្រុះ​មក​ពីលើ ។ អ្នកខ្លះ​ដែល​មិន​ទាន់​បាន​ស្លឹកឈើ​នឹង​គេ បាន​ព្យាយាម​ប្រណម​សុំ​ទេវតា​ប្រទាន ឱ្យ​ស្លឹកឈើ​មួយ​សន្លឹក​យក​ទៅ​ដាំទឹក​ផឹក​ក្នុង​ជំនឿ​ត​ៗ​គ្នា​ថា​បានជា​សះស្បើយ​ពី​រោគា ។

ពេល​ភ្លេងពិណពាទ្យ​កំពុង​លេង​ថ្វាយ ស្រាប់តែ​មាន​ស្ត្រី​ចំណាស់​ម្នាក់​នៅ​ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ត្រូវ​បាន​បារមី​ចូល​សន្ធិ​តរាំ​មាន​ក្បាច់​រស់​រវើក​គួរ​ឱ្យ​ភ្ញាក់ផ្អើល ក្រោយមក​ស្ត្រី​ដែល​ថា​បារមី​ចូល​រូប​នោះ ក៏​ត្រូវ​បាន​នគរបាល​ហៅ​ចេញ​ទៅ​ក្រៅ ។ បន្ទាប់​មក​ទៀត​ក៏​មាន​ក្រុម​របាំ​ពី​ខេត្តកំពត មក​រាំ​ថ្វាយ​ជូន​អ្នក​ថែរក្សា​ដើមឈើ​ដែល​គេ​បាន​ស្គាល់​ថា ដើមឈើ​អាចម៍ដែក ដុះ​ក្នុង​ប្រាសាទ​សតវត្សរ៍​ទី​១០ ។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ជា ស្រី​អូន អាយុ​៣៦​ឆ្នាំ ជា​អាជីវក​លក់ដូរ​នៅ​ផ្សារ​តានី បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា ការ​រៀបចំ​ធ្វើបុណ្យ​ឱ្យ​ដើមឈើ​ដុះ​ក្នុង​វត្ត​ប្រាសាទ​នេះ គឺជា​ការ​រួម​គ្នា​ធ្វើ​ដើម្បី​សុំ​សេចក្ដីសុខ ។ ស្រី្ត​រូប​នេះ​និយាយ​ថា នេះ​ជា​ជំនឿ​របស់​ពលរដ្ឋ​បន្ទាប់​ពី​ក្រុម​ជំនាញ​ខាង​មន្ទីរ​វប្បធម៌​គ្រោង​លើកគ្នា​មក​អារ​ចោល ដោយសារ​ខ្លាចរ​លំបាក់​លើ​ប្រាសាទ តែ​ត្រូវ​បាន​អ្នក​ភូមិ​លើកគ្នា​រារាំង​ពួក​មន្ត្រី​ទាំងនោះ ។

បាន​សង្កេត​ឃើញ​ថា ពី​ធី​បុណ្យ​ដែល​ផ្ដើម​ចេញពី​បេះដូង​អ្នកមាន​ជំនឿ​នោះ គេ​មិនឃើញ​មាន​មន្ត្រីរាជការ​ណា​ចូលរួម​ទេ សូ​ម្បី​តែ​ព្រះសង្ឃ​ក៏​មិន​មាន​ដែរ មាន​តែ​ព្រះ​អនុគណ​១​អង្គ​ឯង​គត់ មក​ថត​យក​រូបភាព ។ ទោះបីជា​បែប​នេះ​ក្តី​ក្រុម​អ្នក​ភូមិ​នៅ​តែ​មានការ​ព្រួយបារម្ភ​ថា ឈើ​មួយ​ដើម​នោះ​អាច​រិច​រិល​អស់ ព្រោះ​ពេល​យប់​ត្រូវ​បាន​មនុស្ស​ខ្លះ​យក​ជំ​ពាម​កៅស៊ូ​បាញ់​ស្លឹក​ឱ្យ​ជ្រុះ​រើស​យក​លក់​ដែល​តាម​តំលៃ​មួយ​សន្លឹក​ថ្លៃ​៥​ពាន់​រៀល ។ ចំពោះ​វិធានការ​របស់​ក្រុម​មន្ត្រី​ជំនាញ​ក៏​មិន​ទាន់​ដឹង​ថា​តើ​នឹង​ចាត់ការ​បែប​ណា​នៅឡើយ​ទេ​ចំពោះ​ឈើ​១​ដើម​នេះ ដើម្បី​រក្សា​ការពារ​ប្រាសាទ​ដ៏​តូច​មួយ​កុំឱ្យ​បាក់​រលំ​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ