ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ចង់​បង្កើន​ប្រាក់បៀវត្សរ៍​​អប្បបរមា៧,៤០​ដុល្លារ​ក្នុង​១​ម៉ោង

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ កាលពី​ថ្ងៃ​ទី​១៤ កក្កដា កន្លង​មកនេះ ប្រទេស​កូរ៉េ​ខាងត្បូង​បាន​សម្រេច​ចិត្ត​ថា នឹង​បង្កើន​ប្រាក់បៀវត្សរ៍​អប្បបរមា​ប្រមាណ​១០,៩% មក​ស្មើ​៧,៤០​ដុល្លារ​ក្នុង​១​ម៉ោង​​នា​ឆ្នាំ​ក្រោយ ប៉ុន្តែ​ក្រុម​អាជីវករ​តូច​ៗ​និយាយ​ថា ពួក​គេ​នឹង​មិន​អនុវត្ត​តាម​កំណែ​ទម្រង់​នេះ​ទេ…

ទីក្រុង​សេ​អ៊ូ​ល ៖ កាលពី​ថ្ងៃ​ទី​១៤ កក្កដា កន្លង​មកនេះ ប្រទេស​កូរ៉េ​ខាងត្បូង​បាន​សម្រេច​ចិត្ត​ថា នឹង​បង្កើន​ប្រាក់បៀវត្សរ៍​អប្បបរមា​ប្រមាណ​១០,៩% មក​ស្មើ​៧,៤០​ដុល្លារ​ក្នុង​១​ម៉ោង​​នា​ឆ្នាំ​ក្រោយ ប៉ុន្តែ​ក្រុម​អាជីវករ​តូច​ៗ​និយាយ​ថា ពួក​គេ​នឹង​មិន​អនុវត្ត​តាម​កំណែ​ទម្រង់​នេះ​ទេ ព្រោះ​សមាជិក​ជួប​ប្រទះ​នឹង​បញ្ហា ខណៈ​សេដ្ឋកិច្ច​កំពុង​តែ​អន់​ថយ ។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក Moon Jae-In បាន​សន្យា​ថា នឹង​បង្កើន​ប្រាក់បៀវត្សរ៍​អប្បបរមា​៥៥% មក​ស្មើ​ប្រមាណ​៨,៨​ដុល្លារ​ក្នុង​១​ម៉ោង​នៅ​ឆ្នាំ​២០២០ ដើម្បី​ជំរុញ​ដល់​ការ​ចំណាយ និង​ការ​លូតលាស់​ក្នុងស្រុក ។

បន្ទាប់​ពី​ការ​បញ្ចប់​កិច្ចប្រជុំ​ប្រមាណ​១៩​ម៉ោង​កាលពី​ថ្ងៃ​សៅរ៍ គណៈកម្មការ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​យល់​ស្រប​ថា នឹង​បង្កើន​ប្រាក់​ឈ្នួល ខណៈ​ព្រួយបារម្ភ​ពី​កំណើន​ការងារ​អន់​ថយ ។

យោង​តាម Statistic Korea បាន​ឲ្យ​ដឹង​ថា ប្រទេស​នេះ​បង្កើត​ការងារ​ថ្មី​ៗ​បានជា​មធ្យម​១៤​ម៉ឺន​២​ពាន់​កន្លែង​ក្នុង​១​ខែ ចាប់ពី​ខែមករា ដល់​ខែមិថុនា​ឆ្នាំ​នេះ ដែល​ជា​ចំនួន​ទាប​ជាងគេ​តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សកល​កាលពី​ឆ្នាំ​២០០៨ និង​២០០៩​មក ។

ក្រុម​អាជីវករ​តូច​ៗ​និយាយ​ថា ការ​បង្កើន​នេះ ជា​ការ​សម្រេចចិត្ត​ឯកតោភាគី ហើយ​ពួក​គេ​នឹង​ពន្យារពេល​អនុវត្ត​វា ។

សហព័ន្ធ​សហគ្រាស​ខ្នាត​តូច​កូរ៉េ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ៖« ពួក​យើង​មិន​អាច​ទទួលយក​ការ​សម្រេចចិត្ត​របស់​គណៈកម្មការ​ប្រាក់​ឈ្នួល​ទេ ។ ម្ចាស់​អាជីវកម្ម​តូច​ៗ​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​មួយ​ដែល​ត្រូវ​តែ​ជ្រើស រើស​រវាង​ការ​បិទ​អាជីវកម្ម ឬ​កាត់​បន្ថយ​ចំនួនបុគ្គលិក » ។

លោក Ryu Jang-Soo ប្រធាន​គណៈកម្មការ​នេះ បាន​ថ្លែង​ថា ៖« ពួក​យើង​ប្រហែលជា​មិន​អាច​ធ្វើ​ឲ្យ​ទាំង​ក្រុមហ៊ុន ទាំង​បុគ្គលិក​ពេញចិត្ត​ទេ ប៉ុន្តែ​បន្ទាប់​ពី​ការ​ជជែក​គ្នា​ដ៏​តាន​តឹង ពួក​យើង​ស្នើ​ជា​កម្រិត​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ពលករ​ល្អ​ប្រសើរ​ឡើង និង​កាត់​បន្ថយ​ការ​ដាក់​កម្រិត​លើ​ប្រាក់​ចំណូល ដោយ​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ការងារ ។ គណៈកម្មការ​នឹង​ដាក់​សំណើ​ទៅ​កាន់​រដ្ឋាភិបាល ឲ្យ​ជួយ​ដល់​អាជីវកម្ម​តូច​ៗ​ដែល​កំពុង​ជួបបញ្ហា » ។

អង្គការ​កិច្ច​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច បាន​និយាយ​ក្នុង​របាយការណ៍​មួយ​កាលពី​ខែឧសភា​ថា ការ​បង្កើន​ប្រាក់បៀវត្សរ៍​អាច​ធ្វើ​ឲ្យ​ការ​បង្កើត​ការងារ​អន់​ថយ និង​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង​របស់​កូរ៉េ​ផង​ដែរ ប្រសិនបើ​គ្មាន​កំណើន​ប្រសិទ្ធភាព​ការងារ​ទេ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ