រាជធានីភ្នំពេញ ៖ អតីតដីយានដ្ឋានជួសជុលរថយន្តរបស់ក្រសួងសុខាភិបាលនៅជាប់ផ្សារឌុយម៉ិច និងផ្សារសេរីភាព ស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ឥឡូវទីតាំងនោះ បានក្លាយទៅជាអគារខុនដូមួយដ៏ទំនើប និងមានកម្ពស់៤១ជាន់ ។ តាមអតីតមន្ត្រីសុខាភិបាលដែលចូលនិវត្តន៍ បានប្រាប់ភ្នាក់ងារកោះសន្តិភាពថា តាមពិតទៅដីយានដ្ឋានជួសជុលរថយន្តរបស់ក្រសួងសុខាភិបាលនេះ បានធ្លាក់ទៅលើដៃឯកជនច្រើនឆ្នាំមកហើយ ។
ទោះជាយ៉ាងណា ទីតាំងដីរដ្ឋដែលបានធ្លាក់ទៅលើដៃឯកជននេះ មិនមានអ្នកណាដឹងពីការទិញ-លក់ ឬជាថ្នូរទៅនឹងអ្វីមួយនោះទេ ហើយស្ងាត់ៗ ស្រាប់តែលេចចេញខុនដូដ៏ទំនើបកម្ពស់៤១ជាន់បាត់ទៅហើយ និងជិតបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទៀតផង ។
ក្រុមអាជីវករដែលលក់ដូរគគ្រឹកគគ្រេងលើចិញ្ចើមផ្លូវសាធារណៈ នៅផ្សារសេរីភាពជាច្រើនឆ្នាំមកហើយនោះបានត្អូញត្អែរថា ចាប់តាំងពីក្រុមហ៊ុន១នោះយកអតីតដីយានដ្ឋានជួសជុលរថយន្តក្រសួងសុខាភិបាល សាងសង់ខុនដូ ពួកគាត់លក់មិនដាច់ទេ ដោយមូលហេតុក្រុមហ៊ុននោះបានវាតធ្វើរបងបាំងការដ្ឋានជីកយកដីចាក់គ្រឹះ ដែលកន្លងមកអាជីវករលក់ដូរនៅផ្សារសេរីភាព ត្រូវបានអាជ្ញាធរច្រើនជំនាន់ឲ្យលក់លើចឹញ្ចើមផ្លូវទាំងខាងនេះ ។
ប៉ុន្តែរយៈពេល២ទៅ៣ឆ្នាំមកនេះ មានក្រុមហ៊ុនមួយមកអភិវឌ្ឍន៍នៅទីតាំងនោះ ដោយសាងសង់ទៅជាខុនដូ ដែលធ្វើឲ្យពួកគាត់លក់ដូរតែមួយចំហៀងផ្លូវទេ និងថែមទាំងមានភាពចង្អៀតដល់អតិថិជនដែលទៅរកទិញបន្លែត្រីសាច់ទៀតផង ។ អគារខុនដូនោះត្រូវបានគេដាក់ឈ្មោះថាក្រុមហ៊ុន SKy line កម្ពស់៤១ជាន់ កំពុងសាងសង់ជិតរួចរាល់ជាស្ថាពរហើយ ។
ចំពោះករណីនេះ លោក លីម សុភា អភិបាលខណ្ឌ៧មករា បានឲ្យដឹងថា ពិតហើយដីនោះជាអតីតយានដ្ឋានជួសជុលរថយន្តរបស់ក្រសួងសុខាភិបាលមែន ប៉ុន្តែឥឡូវនេះបានធ្លាក់លើដៃឯកជនជាជនជាតិចិន ។ លោកបន្តថា រឿងអ្វីៗវាកន្លងហួសទៅហើយ ដែលលោកមិនបានដឹងទាំងអស់ ព្រោះលោកទើបនឹងឡើងធ្វើជាអភិបាលខណ្ឌនៅអាណត្តិនេះ ។ ម្យ៉ាងទៀត ដីនោះជាដីរបស់ក្រសួងសុខាភិបាល ដូច្នេះហួសដែនសមត្ថកិច្ចដែលលោកត្រូវដឹង ។ អ្នកមើលការខុសត្រូវអគារខុនដូដែលកំពង់សាងសង់ថ្មីនោះម្នាក់បានឲ្យដឹងថា នេះជាខុនដូ ឬហៅថា«ផ្ទះស្នាក់នៅរួម» ដែលកំពុងសាងសង់មានកម្ពស់៤១ជាន់ និងមានការបែងចែកជាច្រើនផ្នែក តាមជាន់នីមួយៗ ដូចជាជាន់ទី១ទី២ជាផ្សារទំនើបលក់ដូរទំនិញគ្រប់សារពើ ។
ជាន់ទី៣ទី៤ជាកន្លែងផ្ញើរថយន្ត និងជាន់បន្តបន្ទាប់ជាខុនដូសម្រាប់អ្នកត្រូវការជួលឬទិញស្នាក់នៅ ហើយក៏មានជាន់ខ្លះជាកន្លែងលក់ មានអាងហែលទឹក អាហារដ្ឋាន ភោជនីយដ្ឋាន ភេសជ្ជៈគ្រប់មុខ គុយទាវ កាហ្វេ ។ល។ ចំណែកជាន់ខាងលើបំផុតជារង្គសាល ឬជាកន្លែងភ្ញៀវឡើងទៅកម្សាន្ត ។ ពេលនេះក្រុមហ៊ុន SKy line កំពុងត្រូវការជ្រើសរើសបុគ្គលិកឲ្យបម្រើការងារនៅទីនោះតាមផ្នែក និងតាមជំនាញទៀតផង ៕
ចែករំលែកព័តមាននេះ