ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ព្រួយបារម្ភ​ពី​ការ​សរសេរ​អក្សរ​ឡា​តាំង​ជា​សូរសៀង​ខ្មែរ​តាម​ហ្វេ​ស​ប៊ុ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ បច្ចុប្បន្ន​ការ​សរសេរ​អក្សរ​ខ្មែរ​មិន​ត្រឹមត្រូវ ជា​ពិសេសរ​សេរ​ជា​អក្សរ​ឡា​តាំង​ជា​សូរសៀង​ខ្មែរ និង​សរសេរ​ជា​ភាសា​អង់គ្លេស​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក នៅ​តែ​មាន​ច្រើន ទោះបីជា​ទូរស័ព្ទ​ទំនើប​មានកម្ម​វិធី​សរសេរ​អក្សរ​ខ្មែរ​ក្តី ។ នេះ​ជា​កត្តា​នាំ​ឲ្យ​មាន​ក្តី​បារម្ភ​ចំពោះ​ការ​បាត់បង់​តម្លៃ​អក្សរសាស្ត្រ​ជាតិ ខណៈ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ហ្វេ​ស​ប៊ុ​ក​កាន់តែ​ពេញ​និយម​សម្រាប់​មហាជន​ខ្មែរ​ស្ទើរ​គ្រប់​ស្រទាប់វណ្ណៈ…

រាជធានី​ភ្នំពេញ ៖​ បច្ចុប្បន្ន​ការ​សរសេរ​អក្សរ​ខ្មែរ​មិន​ត្រឹមត្រូវ ជា​ពិសេសរ​សេរ​ជា​អក្សរ​ឡា​តាំង​ជា​សូរសៀង​ខ្មែរ និង​សរសេរ​ជា​ភាសា​អង់គ្លេស​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក នៅ​តែ​មាន​ច្រើន ទោះបីជា​ទូរស័ព្ទ​ទំនើប​មានកម្ម​វិធី​សរសេរ​អក្សរ​ខ្មែរ​ក្តី ។ នេះ​ជា​កត្តា​នាំ​ឲ្យ​មាន​ក្តី​បារម្ភ​ចំពោះ​ការ​បាត់បង់​តម្លៃ​អក្សរសាស្ត្រ​ជាតិ ខណៈ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ហ្វេ​ស​ប៊ុ​ក​កាន់តែ​ពេញ​និយម​សម្រាប់​មហាជន​ខ្មែរ​ស្ទើរ​គ្រប់​ស្រទាប់វណ្ណៈ ។

មានការ​លើក​ឡើង​ថា ការ​ដែល​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​សរសេរ​ខុស​អក្ខរា​វិ​រុ​ទ្ធិ​នោះ​គឺ​មិនមែន​ពួក​គេ​ភ្លេច ឬ​សរសេរ​ទៅ​ខ្វះ​ពាក្យ ឬ​លោត​អក្សរ​ណាមួយ​ឡើយ ពោល​គឺ​ពួក​គេ​មិន​បាន​យល់​ពី​ពាក្យ​ខ្មែរ​ដែល​សរសេរ​ត្រឹមត្រូវ​។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អតីត​គ្រូបង្រៀន​វិទ្យាល័យ​មួយ​នា​ស្រុក​កៀនស្វាយ លោក​សែ​ម ណាត បាន​លើក​ឡើង​ថា តាម​ការ​សង្កេត​របស់​លោក​គឺ​មនុស្ស​មួយ​ចំនួន​ពិតជា​សរសេរ​អក្សរ​ខ្មែរ​មិន​ត្រឹមត្រូវ​មែន ។

ជា​ឧទាហរណ៍​លោក​ធ្លាប់​ឃើញជាក់ស្តែង គេ​សរសេរ​ពាក្យ «​ដើម្បី​» ខុស​ទាំងស្រុង​តែ​ម្តង ដោយ​សរសេរ «​ដើមបី​»​។ ពាក្យ​នេះ​ខុស និង​មាន​ន័យ​ខុស​គ្នា​ទាំងស្រុង​តែង​ម្តង ។ មិនមែន​អ្នក​សរសេរ​ភ្លេចភ្លាំង ឬ​បាត់​ពាក្យ​ឡើយ គឺជា​កំហុស​តែ​ម្តង ដោយសារ​តែ​គាត់​មិនដឹង​សរសេរ​បែប​ណា​ត្រឹមត្រូវ ។

ដោយឡែក​មន្ត្រីរាជការ​មួយ​រូប​លោក​ជា ម៉ា​ប់ លើក​ឡើង​ថា លោក​តែងតែ​សង្កេត​ឃើញ​ពី​ការ​សរសេរ​ខុស​ពាក្យ​ខ្មែរ​ជា​ច្រើ​នៅ​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​ជា រឿយ​ៗ​លោក​បាន​ជួយ​ណែនាំ​ទៅ​កាន់​អ្នក​ដែល​សរសេរ​ខុស​នោះ​ដែរ ។

លោក​បញ្ជាក់​ថា «​ការ​សរសេរ​ខុស​នេះ​ទៀត​សោត​មិនមែន​កើតឡើង​តែ​ទៅ​លើ​ប្រជាពលរដ្ឋ​សាមញ្ញ​ធម្មតា​នោះ​ឡើយ ប៉ុន្តែ​វា​ក៏​បាន​កើត​មាន​ឡើង​ទៅ​លើ​បុគ្គល​ដែល​ជា​អ្នកមាន​មុខមាត់​ធំដុំ​នៅ​ក្នុង​សង្គម​ផង​ដែរ ។ យ៉ាងណា​ខ្ញុំ​មិន​បាន​អួតអាង​ថា ខ្លួន​ចេះ​លើសគេ ឬ​ល្អ​ឥត​ខ្ចោះ​នោះ​ដែរ ប៉ុន្តែ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ខ្ញុំ​សូម​សំណូមពរ​ដល់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ធ្វើ​យ៉ាងណា​គួរ​ព្យាយាម​សរសេរ​អក្សរសាស្ត្រ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ប្រព័ន្ធ​មួយ​នេះ​គឺ​វា​មាន​ភាព​ទូលំទូលាយ​ណាស់ »​។

តារា​សម្តែង និង​ជា​ពិធីករ​លោក​សុខ សេរី​វ​ឌ្ឍ​នា បាន​លើក​ឡើង​ដែរ​ថា «​បើ​សរសេរ​អក្សរ​ខ្មែរ ខ្ញុំ​ព្យាយាម​សរសេរ​ឲ្យ​ត្រូវ បើ​មិន​ច្បាស់​ខ្ញុំ​បើក​វចនានុក្រម​ភាសា​ខ្មែរ​មើល ដើម្បី​កុំ​ឲ្យ​ខុស ខ្ញុំ​ព្យាយាម​ធ្វើ​បែប​នេះ ដោយសារ​ខ្ញុំ​មិន​ចង់​ឲ្យ​អក្សរសាស្ត្រ​ខ្មែរ​សោះ ប៉ុន្តែ​កូន​ខ្មែរ​សរសេរ​មិន​ត្រូវ »​។

តារាចម្រៀង និង​ជា​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច និយាយ​ថា «​យើង​មានការ​សោកស្តាយ​និង​បារម្ភ​នៅ​ពេល​ដែល​បានឃើញ​ពី​ការ​សរសេរ​ពាក្យ​ខ្មែរ​ខុស ហើយ​សរសេរ​ភាសា​អង់គ្លេស​ជា​សំនៀង​ខ្មែរ​។ ប្រសិនបើ​យើង​មិន​នាំ​គ្នា​កែប្រែ បំផុស និង​បណ្តែតបណ្តោយ​ឲ្យ​វា​ទៅ​មុខ​ទៀត​នោះ គឺ​យើង​អាច​នឹង​ភ្លេចភ្លាំង និង​បាត់​តម្លៃ​នៃ​អក្សរសាស្ត្រ​ជាតិ​យើង​ជា​មិន​ខាន​ឡើយ ។ សព្វថ្ងៃ​ឃើញ​មានការ​បង្កើត​ពាក្យ ប្លែក​ៗ ដែល​មិន​មាននៅ​ក្នុង​វចនានុក្រម ជា​ពិសេស​នៅ​ក្នុង​បទ​ចម្រៀង ខ្ញុំ​មិន​មាន​យោបល់​អី​ទេ ហើយ​ខាង​ក្រសួង​អប់រំ​លោក​គិត​យ៉ាងណា​នោះ​ដែរ តែ​ជា​សំណូមពរ​សូម​ឲ្យ​ការ​សរសេរ​ត្រឹមត្រូវ​តាម​អក្ខរាវិរុទ្ធ​» ។

លោក​សុះ ម៉ាច ធ្លាប់​បាន​ស្នើ​ដល់​អ្នកសិល្បៈ​ទាំងអស់​ឲ្យ​ចូលរួម​បំផុស​មហាជន​ងាក​មក​ចាប់អារម្មណ៍​អក្សរ​ស​សាស្ត្រ​ខ្មែរ​យើង ដោយ​ការ​សរសេរ​ឲ្យ​បាន​ត្រឹម​តាម​អក្ខរាវិរុទ្ធ និង​តាម​វចនានុក្រម ។

តារា​សម្តែង​ជើង​ចាស់ និង​ជា​អ្នក​បំផុស​ឲ្យ​មានការ​សរសេរ​អក្សរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ជា​អក្សរ​ខ្មែរ​លោក​ហម ឈ​រ៉ា ថ្លែង​ថា «​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ គឺ​ពួក​គាត់​មិន​បាន​ចូលរួម​សរសេរ​អក្សរសាស្ត្រ​ខ្មែរ​ឡើយ ។ ទី​មួយ​ពួក​គាត់​ទម្លាប់​សរសេរ​អក្សរ​ឡា​តាំង​ដែល​មាន​សូរសៀង​ជា​ខ្មែរ មាន​ន័យ​ថា មិនមែន​ជា​អក្សរ​អង់គ្លេស​ចំ​នោះ​ឡើយ ហើយ​ពេល​ដែល​ពួក​គាត់​លែង​សរសេរ​ជា​ខ្មែរ​ធ្វើ​ឲ្យ​គាត់​ភ្លេច ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​ទាំងនោះ​ខ្លាច​មិន​ហ៊ាន​សរសេរ​អក្សរ​ខ្មែរ ព្រោះ​ខ្លាច​ខុស ។

ប្រសិនបើ​យើង​ទាំងអស់​គ្នា​មិន​នាំ​គ្នា​ចូលរួម​អភិរក្ស​ទេ នោះ​អក្សរសាស្ត្រ​ជាតិ​នឹង​បាត់បង់ ខណៈ​ពេល​ដែល​លេខ​ខ្មែរ​បាន​បាត់បង់​ទៅ​ហើយ​នៅ​ក្នុង​ការ​សរសេរ ហើយ​វា​នៅ​បាន​ប្រើប្រាស់​នៅ​តាម​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ប៉ុណ្ណោះ ។ នៅ​តាម​សាលារៀន​គឺ​មានការ​បង្រៀន​គ្រប់​ទាំង​អក្សរសាស្ត្រ​ខ្មែរ និង​លេខ​ខ្មែរ ប៉ុន្តែ​អ្នក​ដែល​យក​មក​សរសេរ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បែរជា​សរសេរ​មិន​ត្រូវ មិន​ចូលរួម​សរសេរ បែរជា​សរសេរ​ភាសាបរទេស​ទៅ​វិញ ។ ខ្ញុំ​មិនមែន​ជា​អ្នកចេះ​ដឹង​លើសគេ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ចូលរួម​ខុស​ជាមួយ​គេ​នោះ​ដែរ គឺ​ខ្ញុំ​ព្យាយាម​រិះគន់​កែតម្រូវ ហើយ​ខ្ញុំ​ក៏​ឲ្យ​គេ​រិះគន់​វិញ​ដើម្បី​កែតម្រូវ​ដូច​គ្នា​ផង​ដែរ »​។

លោក ​ហម ឈ​រ៉ា បាន​ស្នើ​សុំ​ឲ្យ​មហាជន​ចូលរួម​សរសេរ​អក្សរសាស្ត្រ​ជាតិ​ឲ្យ​បាន​ត្រឹមត្រូវ ព្រមទាំង​ចៀសវាង​កុំ​យក​ភាសា​និយាយ​មក​សរសេរ និង​គិត​ថា​វា​លឿន ព្រោះ​វា​នាំ​ឲ្យ​បាត់បង់​ពាក្យ​ត្រឹមត្រូវ និង​ខុស ត​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ