ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​វៀតណាម​លូតលាស់​ ខណៈ​មាន​ហានិភ័យ

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ សេដ្ឋកិច្ច​វៀតណាម​បន្ត​លូតលាស់​យ៉ាង​រឹង​មាំ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ ប៉ុន្តែ​ហានិភ័យ​លេចឡើង​កាន់តែ​ច្បាស់ ជា​ពិសេស ការ​គំរាមកំហែង​លើ​អត្រា​ប្តូរ​ប្រាក់ និង​អត្រា​ការ​ប្រាក់ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Nguyen…

ទីក្រុង​ហាណូយ ៖ សេដ្ឋកិច្ច​វៀតណាម​បន្ត​លូតលាស់​យ៉ាង​រឹង​មាំ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំ​នេះ ប៉ុន្តែ​ហានិភ័យ​លេចឡើង​កាន់តែ​ច្បាស់ ជា​ពិសេស ការ​គំរាមកំហែង​លើ​អត្រា​ប្តូរ​ប្រាក់ និង​អត្រា​ការ​ប្រាក់ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Nguyen Duc Thanh នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​គោលនយោបាយ (VEPR) បាន​និយាយ​ក្នុង​សន្និសីទ​មួយ​នៅ​ក្រុង​ហាណូយ កាលពី​ថ្ងៃ​ពុធ ។

លោក​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ៖« ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហ​រដ្ឋអាមេរិក​និង​ចិន បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រាក់​យាន់​របស់​ចិន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បើ​ធៀប​នឹង​ប្រាក់​ដុល្លារ ។ វៀតណាម​មិន​អាច​មិន​ផ្លាស់​ប្តូរ​អត្រា​ប្តូរ​ប្រាក់​ទេ ដែល​បង្ក​ជា​ហានិភ័យ​សម្រាប់​ក្រុមហ៊ុន » ។

អត្រា​អតិផរណា​របស់​វៀតណាម​នឹង​ចាប់ផ្តើម​កើនឡើង​បន្តិច ដូច្នេះ ធនាគារជាតិ​វៀតណាម​ត្រូវ​គ្រប់គ្រង​អត្រា​អតិផរណា​នេះ​មិន​ឲ្យ​លើស​ពី​៥% ។

លោក Nguyen Duc Thanh បន្ថែម​ថា ដោយ​ធនាគារជាតិ​ធំ​ៗ​ជា​ច្រើន​រឹត​បន្តឹង​លើ​រូបិយ​ប័ណ្ណ រួម​ជាមួយ​ហានិភ័យ​នៃ​កំណើន​អតិផរណា ធនាគារជាតិ​វៀតណាម​អាច​នឹង​បង្កើន​អត្រា​ការ​ប្រាក់ ដើម្បី​ធ្វើ​ឲ្យ​អត្រា​ប្តូរ​ប្រាក់​មាន​លំនឹង ។

យោង​តាម​របាយការណ៍​របស់ VEPR ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​វៀត​ណាម​លូតលាស់​បាន​៦,៧៩%​ក្នុង​ត្រីមាស​ទី​២ ដែល​ជា​អត្រា​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ ។

របាយការណ៍​នេះ​ឲ្យ​ដឹង​ទៀត​ថា វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ នេសាទ និង​សេវាកម្ម បន្ត​លូតលាស់​យ៉ាង​លឿន ។ វិស័យ​ឧស្សាហកម្ម និង​សាងសង់ ក៏​បាន​លូតលាស់​ក្នុង​កម្រិត​៩,០៧%​ដែរ ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ ។ រីឯ​វិស័យ​ផលិតកម្ម​បន្ត​ជំរុញ​ដល់​សេដ្ឋកិច្ច ប៉ុន្តែ​វិស័យ​រ៉ែ​បែរជា​ធ្លាក់​ចុះ​វិញ ។

ការ​លូតលាស់​ពាណិជ្ជកម្ម​បាន​អន់​ថយ​កាលពី​ត្រីមាស​ទី​២ ប៉ុន្តែ​ប្រទេស​វៀតណាម​មាន​ផល​លើស​ពាណិជ្ជកម្ម​៤​ត្រីមាស​ជាប់​ៗ​គ្នា​មក​ហើយ និង​ស្មើ​១,៤​ប៊ី​លាន​ដុល្លារ ។ ចិន​បាន​​ក្លាយជា​ប្រទេស​មាន​ឱនភាព​ពាណិជ្ជកម្ម​ខ្ពស់​ជាងគេ ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​របស់​វៀតណាម ។

របាយការណ៍​នេះ​ព្យាករ​ថា ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​វៀតណាម​ក្នុងឆ្នាំនេះ​អាច​នឹង​លូតលាស់​បាន​៦,៨% ខ្ពស់​ជាង​គោលដៅ​របស់​សភាជាតិ ដែល​ស្មើ​ពី​៦,៥% ទៅ​៦,៧% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ