ទីក្រុងប៉េកាំង ៖ ប្រទេសចិនបានព្រមានថា ពួកគេនឹងចេញវិធានការឆ្លើយតបវិញ បន្ទាប់ពីរដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គំរាមថា នឹងដាក់ពន្ធ១០%លើផលិតផលចិនប្រមាណ២០០ប៊ីលានដុល្លារបន្ថែមទៀត ។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃពុធថា ពួកគេភ្ញាក់ផ្អើលនឹងការគំរាមនេះ ហើយប្រទេសចិននឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប៉ុន្តែគេមិនទាន់ផ្តល់ព័ត៌មានលម្អិតពីវិធានការឆ្លើយតបទេ ។
ក្រសួងការបរទេសចិន ក៏បាននិយាយដែរថា ការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ប្រៀបដូចជាការធ្វើបាប ខណៈជម្លោះនេះហាក់ជាការប្រកួតប្រជែងរវាងឯកតោភាគីនិយម និងពហុភាគីនិយម ។
គួរបញ្ជាក់ថា មន្ត្រីអាមេរិកបានចេញបញ្ជីមួយកាលពីថ្ងៃអង្គារ បង្ហាញពីឈ្មោះផលិតផលចិនរាប់ពាន់មុខ ដែលនឹងត្រូវជាប់នឹងពន្ធថ្មីនេះ។ ផលិតផលសំខាន់ៗរួមមាន គ្រឿងសង្ហារិមមានតម្លៃនាំចូលសរុប២៩ប៊ីលានដុល្លារនៅឆ្នាំ២០១៧, បណ្តាញ Router មានតម្លៃនាំចូលប្រមាណ២៣ប៊ីលានដុល្លារ និងគ្រឿងកុំព្យូទ័រមានតម្លៃនាំចូលសរុប២០ប៊ីលានដុល្លារ ។
ក្រុមអាជីវករអាមេរិក និងតំណាងរាស្ត្រមួយចំនួន ដែលមកពីគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់ដល់ការបង្កើនពន្ធនេះ ។
សភាពាណិជ្ជកម្មអាមេរិកបានគាំទ្រចំពោះវិធានការកាត់ពន្ធនៅក្នុងស្រុក និងបន្ធូរបន្ថយវិធានការសម្រាប់អាជីវកម្ម ប៉ុន្តែពួកគេមិនគាំទ្រគោលនយោបាយពន្ធរបស់លោក ដូណាល់ ត្រាំ ឡើយ ៕
ចែករំលែកព័តមាននេះ