ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​អំពាវនាវ​ដល់​ពលរដ្ឋ​ថែទាំ​ដំណាំ​ស្រូវ​ឱ្យ​បាន​ល្អ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ជំនាញ​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ ការ​បង្កបង្កើន​ផល​ស្រូវ​វស្សា​របស់​បងប្អូន​កសិករ បាន​ចាប់ផ្ដើម​លឿន​ជាង​ឆ្នាំ​មុន និង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​កើនឡើង ដោយសារ​ភ្លៀង​ធ្លាក់​ពី​ដើមរដូវ និង​ទឹក​គ្រប់គ្រាន់ ។…

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ជំនាញ​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ ការ​បង្កបង្កើន​ផល​ស្រូវ​វស្សា​របស់​បងប្អូន​កសិករ បាន​ចាប់ផ្ដើម​លឿន​ជាង​ឆ្នាំ​មុន និង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​កើនឡើង ដោយសារ​ភ្លៀង​ធ្លាក់​ពី​ដើមរដូវ និង​ទឹក​គ្រប់គ្រាន់ ។ ទន្ទឹម​នឹង​កំណើន​នៃ​ការ​ដាំ​ដុះ​នេះ មន្ត្រី​ជំនាញ​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ត្រូវ​ថែទាំ​ជា​ប្រចាំ ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់ ។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កោះសន្ដិភាព កាលពី​ថ្ងៃ​ទី​១០ កក្កដា កន្លង​ទៅ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ការ​បង្កបង្កើន​ផល​ស្រូវ​វស្សា​បាន​ប្រមាណ​ជាង​១១​ម៉ឺន​ហិ​កតា លើ​ផែនការ​ជាង​១២​ម៉ឺន​ហិ​កតា គឺ​ស្មើនឹង​៩០%​នៃ​ផែនការ ដែល​តួលេខ​នេះ គឺ​ល្អ​ប្រសើរ​បំផុត​លើស​បណ្តា​ឆ្នាំ​មុន​ៗ ។ ដោយឡែក សម្រាប់​ដំណាំ​រួម​ផ្សំ​វិញ មក​ដល់​ពេល​នេះ គឺ​ដាំ​ដុះ​បាន​ជាង​៤​ពាន់​ហិ​កតា លើ​ផែនការ​ជាង​៨​ពាន់​ហិ​កតា គឺ​ស្មើនឹង​ប្រមាណ​៥០%​នៃ​ផែនការ ។ លោក​បន្ដ​ថា ៖« បើ​ទោះបីជា​ដំណាំ​ស្រូវ​បង្កបង្កើន​ផល​បាន​ច្រើន និង​លឿន​ជាង​ឆ្នាំ​កន្លង​ទៅ​ក្តី ប៉ុន្តែ​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ប្រជា​កសិករ​ទូ​ទាំង​ខេត្ត ត្រូវ​ការពារ និង​ថែទាំ​ដំណាំ​ស្រូវ​របស់​ខ្លួន​ជា​ប្រចាំ ដោយ​ដាក់​ជី និង​ទប់ទឹក​ទុក​ក្នុង​ស្រែ​មិន​ឲ្យ​ហូរ​ចេញ រហូត​ដល់​ពេល​ច្រូតកាត់ទទួលផល ។ ជាមួយ​គ្នា​នេះ ត្រូវ​តាមដាន​សភាពការណ៍​ដំណាំ​ស្រូវ​របស់​ខ្លួន បើសិនជា​មាន​សត្វ​ចង្រៃ ឬ​ជំងឺ​រាតត្បាត​ផ្សេង​ៗ សូម​រាយការណ៍​ជា​បន្ទាន់​ទៅ​កាន់​ភ្នាក់ងារ​កសិកម្ម​ភូមិ​-​ស្រុក ដើម្បី​រាយការណ៍​បន្ត​មក​មន្ទីរ​កសិកម្ម​ខេត្ត នឹង​ចុះ​ជួយ​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេលវេលា » ។ លោក​ប្រធាន​មន្ទីរ​កសិកម្ម​បញ្ជាក់​ថា សម្រាប់​តុល្យភាព​ស្បៀង​កាលពី​ឆ្នាំ​២០១៧ ខេត្តកំពង់ឆ្នាំង​នៅ​សល់​ស្រូវ​នាំ​ចេញ​ជាង​៣០​ម៉ឺន​តោន ហើយ​រំពឹង​ថា នៅ​ឆ្នាំ​២០១៨​នេះ នឹង​អាច​សល់​ស្រូវ​នាំ​ចេញ​ប្រមាណ​ជាង​៣៥​ម៉ឺន​តោន​ផង​ដែរ ។

ដោយឡែក ការ​ចិញ្ចឹមសត្វ​វិញ គិត​មក​ត្រឹម​ពេល​នេះ ខេត្តកំពង់ឆ្នាំង​មាន​កសិដ្ឋាន​ចិញ្ចឹមសត្វ​ប្រមាណ​១៣៨​កសិដ្ឋាន ក្នុង​នោះ​មានការ​ចិញ្ចឹម​មាន់​, ទា​, ជ្រូក និង​គោ ក្របី ជាដើម ។ លោក​មាន​ប្រសាសន៍​ថា ៖« បើ​គិត​ពី​បរិមាណ​សត្វ​ស្លាប​(​មាន់ ទា​)​មាន​ប្រមាណ​ជាង​២​លាន​ក្បាល​, ជ្រូក​ប្រមាណ​៣០​ម៉ឺន​ក្បាល និង​គោ​-​ក្របី​ប្រមាណ​ជាង​២០​ម៉ឺន​ក្បាល ។ ជាមួយ​គ្នា​នេះ នៅ​ក្នុង​ឆ្នាំ​២០១៨ យើង​បាន​បញ្ជូន​កសិករ​គំរូ​ផ្នែក​ចិញ្ចឹម​គោ ទៅ​ប្រឡងប្រណាំង​ថ្នាក់​ជាតិ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ផង​ដែរ​។ ចំណែក​បទល្មើស​ព្រៃឈើ និង​វិស័យ​ជលផល​វិញ គឺ​មិនសូវ​សម្បូរ​ប៉ុន្មាន​ទេ ដោយសារ​ខែ​នេះ​ជា​រដូវ​បិទ​ការ​នេសាទ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ