ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ព្រមាន​ការយក​ប្រភព​ទុន​ដែល​កើតបំណុលមក​ពង្រីក​អាជីវកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​បង្កើត​អាជីវកម្ម​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន គឺ​ចាប់ផ្ដើម​ដំណើរការ​ដំបូង តែងតែ​ប្រើ​ប្រភព​ទុន​ខ្លួនឯង ប៉ុន្ដែ​នៅ​ពេល​ចង់​ពង្រីក​ឲ្យ​កាន់តែ​ធំ​នោះ ភាគច្រើន​ទៅ​ខ្ចី​លុយ​ពី​មិត្តភក្ដិ​, ខ្ចីបុល​ក្រៅផ្លូវការ​ដែល​មានការ​ប្រាក់​ខ្ពស់ ឬ​យក​អចលនទ្រព្យ​ទៅ​បញ្ចាំ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ…

រាជធានី​ភ្នំពេញ ៖ ការ​បង្កើត​អាជីវកម្ម​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន គឺ​ចាប់ផ្ដើម​ដំណើរការ​ដំបូង តែងតែ​ប្រើ​ប្រភព​ទុន​ខ្លួនឯង ប៉ុន្ដែ​នៅ​ពេល​ចង់​ពង្រីក​ឲ្យ​កាន់តែ​ធំ​នោះ ភាគច្រើន​ទៅ​ខ្ចី​លុយ​ពី​មិត្តភក្ដិ​, ខ្ចីបុល​ក្រៅផ្លូវការ​ដែល​មានការ​ប្រាក់​ខ្ពស់ ឬ​យក​អចលនទ្រព្យ​ទៅ​បញ្ចាំ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ជាដើម ។ ការប្រើ​ប្រភព​ទុន​បែប​នេះ មិនមែន​ជា​ជម្រើស​ល្អ​នោះ​ទេ ហើយ​ត្រូវ​បាន​អ្នកជំនាញ​ព្រមាន​ថា វា​មិន​សម​ស្រប​នឹង​ការ​ធ្វើ​អាជីវកម្ម​រយៈពេល​វែង​ឡើយ ។

អ្នកជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ លោក ហុង សុខ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បានឱ្យ​ដឹង​ថា ការ​ខ្ចី​លុយ​ពី​ក្រុម​គ្រួសារ មិត្តភក្តិ ខ្ចីបុល​គេ ឬ​ខ្ចី​ពី​ធនាគារ វា​ជា​ប្រភព​ទុន​បែប​ប្រពៃណី​មួយ​ទៅ​ហើយ​សម្រាប់​សហគ្រាស​ស្ទើរតែ​ទាំងអស់​នៅ​ស្រុក​ខ្មែរ កំពុង​ប្រើប្រាស់ ។ លោក​បន្ដ​ថា ការ​ប្រើ​ទុន​បែប​នេះ វា​មិន​សម​ស្រប​នៅ​ក្នុង​អាជីវកម្ម​រយៈពេល​វែង​នោះ​ទេ ព្រោះ​ទុន​ទាំងនេះ​មាន​លក្ខណៈ​ជា​បំណុល ។

ថ្លែង​ក្នុង​សិក្ខាសាលា ស្តី​ពី ការ​ប្រមូល​ទុន​ពី​មូលនិធិ​វិនិយោគឯកជន កាលពី​ថ្ងៃ​ទី​១១ កក្កដា លោក ហុង សុខ​ហួរ លើក​ឡើង​ថា ៖« ការ​យក​ទុន​ប្រភេទ​បែប​នេះ​ពង្រីក​អាជីវកម្ម វា​មិន​សម​ស្រប​ទៅ​នឹង​អ្វី​ដែល​យើង​ចង់ឱ្យ​លឿន​នោះ​ទេ ព្រោះ​ទុន​ទាំងនេះ​ជា​ទូទៅ​មាន​លក្ខណៈ​ជា​បំណុល ហើយ​បំណុល​គេ​មិន​អាច​យក​ទៅ​ពង្រីក​អាជីវកម្ម​ទេ ។ ទុន​លក្ខណៈ​ជា​បំណុល​នេះ គេ​ប្រើ​សម្រាប់​តែ​អាជីវកម្ម​ដែល​មាន​រយៈពេល​ខ្លី​១​ឬ​២​ឆ្នាំ​ប៉ុណ្ណោះ ។ បើ​យើង​ត្រូវការ​ខ្ចី​លុយ​សម្រាប់​ពង្រីក​អាជីវកម្ម​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ យើង​មិន​ត្រូវ​ប្រើប្រាស់​បំណុល​នេះ​ទេ ព្រោះ​ផល​ចំណេញ​មួយ​ភាគ​ធំ​នឹង​ត្រូវ​បង់​ទៅ​លើ​បំណុល​នោះ » ។

បើ​តាម​អ្នកជំនាញ​រូប​នេះ មាន​ប្រភព​ទុន​ចំនួន​៤​ប្រភេទ ដែល​សម​ស្រប​នឹង​ការ​ធ្វើ​អាជីវកម្ម​បែប​សម័យ​ថ្មី​នេះ មាន​ដូច​ជា Angel Investor, Venture Capital, Private Equity​និង Stock Market ។
លោក ហុង សុខ​ហួរ ពន្យល់​ថា ៖«​ប្រភព​ទុន Angel Investor គឺ​សំដៅលើ​វិនិយោគិន​ជា​បុគ្គល​ដែល​មាន​លុយ​ច្រើន ហើយ​ព្យាយាម​ស្វែងរក​អាជីវកម្ម​ល្អ​ៗ​ដែល​នៅ​តូច មិន​ទាន់​ចាប់ផ្តើម​ដំណើរការ ឬ​ផលិតផល​របស់​ពួក​គាត់ ទើប​ទទួលស្គាល់​លើ​ទីផ្សារ ។ វិនិយោគិន​បែប​នេះ នឹង​ជួយ​ឲ្យ​ការ​វិនិយោគ​ក្រុមហ៊ុន​យើង​កើនឡើង​មួយ​កម្រិត ។ ចំណែក Venture Capital គឺជា​ក្រុមហ៊ុន​ដែល​មាន​លុយ​ខ្លួនឯង​មួយ​ចំនួន និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ដែល​មាន​លុយ​ច្រើន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ។ ពួក​គេ​អាច​វិនិយោគ​ជាមួយ​យើង​ច្រើន ប្រសិនបើ​គេ​យល់​ថា ក្រុមហ៊ុន​យើង​មាន​សក្ដានុពល និង​រីក​ចម្រើន ។ ដោយឡែក Private Equity គឺជា​មូលនិធិ​សម្រាប់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ដែល​មានការ​រីក​ចម្រើន​ខ្ពស់ មាន​ស្ថិរភាព ហើយ​ទទួល​បាន​ប្រាក់​ចំណេញ ។ ជា​ទូទៅ ក្រុមហ៊ុន​បែប​ហ្នឹង​ភាគច្រើន ជា​ក្រុមហ៊ុន​ត្រៀម​ចូល​ផ្សារ​ហ៊ុន និង​ចុង​ក្រោយ គឺ​ចូល​ផ្សារ​ហ៊ុន IPO តែ​ម្ដង ហើយ​ទុន​ពី​ការ​ចូល​ផ្សារ​ហ៊ុន​នេះ នឹង​ជួយ​ជំរុញ​ឲ្យ​អាជីវកម្ម​មានការ​រីក​ចម្រើន​ប្រកបដោយ ស្ថិរភាព និង​និរន្តរភាព » ។

នាយិកា​ក្រុមហ៊ុន STK CamHome បាន​លើក​ឡើង​ថា មិន​ថា​លោកស្រី និង​សហគ្រិន​ផ្សេង​ទៀត​នោះ​ទេ នៅ​ពេល​ចង់​ពង្រីក​អាជីវកម្ម គឺ​មាន​តែ​ខ្ចី​លុយ​ពី​ធនាគារ ហើយ​ពេល​ខ្លះ មិន​ហ៊ាន​ធ្វើ​សកម្មភាព​អាជីវកម្ម​ខ្លាំងក្លា​នោះ​ទេ ។

លោកស្រី ខន សុខ​ឃៀង នាយិកា​រូប​នេះ​បាន​ថ្លែង​ថា ៖« បទ​ពិសោធន៍​ផ្ទាល់ កន្លង​មក​ខ្ញុំ​ប្រើ​ទុន​របស់​អ្នក​ផ្ទះ ហើយ​ពង្រីក​អាជីវកម្ម មាន​ទុន​អត់​គ្រប់ ដូច្នេះ ខ្ញុំ​ខ្ចី​លុយ​ពី​ធនាគារ ។ អីចឹង​ចំណូល​ដែល​ទទួល​បាន​មួយ​ភាគ​ធំ ខ្ញុំ​ត្រូវ​បង់​ទៅ​ខាង​ធនាគារ ហើយ​ពេល​ខ្លះ យើង​អត់​ហ៊ាន​ធ្វើ​សកម្មភាព​ខ្លាំង​នោះ​ទេ » ។
លោកស្រី​លើក​ឡើង​ថា ជា​ទូទៅ សហគ្រិន​នៅ​ក្នុងស្រុក​គឺ​មានការ​ខ្វះខាត​ទុន​ច្រើន ហើយ​ខ្វះ​ទំនាក់ទំនង​ក្នុង​ការ​ស្វែងរក​ប្រភព​ទុន​ពី​ក្រៅ ដូច្នេះ​ហើយ ភាគច្រើន​តែង​លក់​ដីធ្លី ឬ​យក​ទ្រព្យ​ទៅ​បញ្ចាំ​ដើម្បី​យក​ទុន​ពី​ធនាគារ ។ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ យល់​ស្រប​នឹង​ការ​លើក​ឡើង​នេះ ហើយ​លោក​បន្ថែម​ថា ការ​ធ្វើ​ជំនួញ គេ​មើល​អំពី​ឱកាស បើ​ចំណេញ អ្នកជំនួញ​នឹង​យក​ទុន​ដែល​ខ្ចី​ពី​ធនាគារ ឬ​ពី​ប្រភព​ផ្សេង​យក​ទៅ​ប្រើ​នៅ​ក្នុង​អាជីវកម្ម ។ លោក​ទីប្រឹក្សា​រូប​នេះ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១២ កក្កដា ថា ៖« ជា​រួម ការ​ធ្វើ​ជំនួញ គឺ​យើង​មើល​អំពី​ឱកាស ។ ឱកាស​ណា​ដែល​គេ​អាច​យក​ទៅ​ប្រើ​បាន​ចំណេញ អ្នកជំនួញ​នឹង​យក​កម្ចី​ពី​ធនាគារ ឬ​ពី​ប្រភព​ផ្សេង​ទៅ​ប្រើ​»​។

លោក​បន្ដ​ថា ៖« ប្រភព​ទុន​ពី Angel Investor ក៏​ដូច​ជា​ប្រភព​ផ្សេង​ទៀត គឺជា​ចំណុច​ដែល​ត្រូវការ​យក​មក​ពង្រីក ឬ​ចាប់ផ្តើម​អាជីវកម្ម ។ សម្រាប់​បរិបទ​ស្រុក​ខ្មែរ ប្រភព​ទុន​អាចយ​កមក​ពង្រីក​អាជីវកម្ម​ក្រៅពី​កម្ចី​ធនាគារ គឺ​មាន​២​ជម្រើស​ដូច​ជា អាច​ជា​ក្រុម Angel Investor និង​អាច​ជា​ការ​ចូល​ហ៊ុន​ពី​មិត្តភក្តិ បងប្អូន​ឬ​ក្រុម​គ្រួសារ ដើម្បី​បាន​ទុន​ហ្នឹង​យក​មក​ប្រើ ។ តែ​ទុន​ពី Angel Investor ឬ​ពី​ប្រភព​ផ្សេង​ទៀត វា​មិន​ងាយ​ទទួល​បាន​នោះ​ទេ ទាល់តែ​សហគ្រិន​ក្នុងស្រុក​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​ទាំងមូល » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ