ប្រទេសនីការ៉ាហ្គា ៖ ពួកប្រឆាំងនីការ៉ាហ្គា កាលពីថ្ងៃទី១២ កក្កដា បានបង្កើនការគាបសង្កត់លើប្រធានាធិបតី លោកដានីញ៉ែល អ័រតេហ្គា ដោយធ្វើបាតុកម្មធំមួយ។ បន្ទាប់ពីនេះនាថ្ងៃទី១៣កក្កដា ក៏រៀបចំធ្វើកូដកម្មទូទៅមួយ។
ចំណែករដ្ឋាភិបាលនៅតែប្រើកណ្ដាប់ដៃដែក ហើយប្រកាសរៀបចំការដើរហែក្បូនធំមួយនាថ្ងៃទី១៣ កក្កដា ដោយរំលឹកដល់ខួបបដិវត្តន៍ឆ្នាំ១៩៧៩ នៅទីក្រុងម៉ាសាយ៉ា។
រលកបាតុកម្មផ្ទុះពីថ្ងៃទី១៨ មេសាមក ដើម្បីបរិហារដល់ការកែទម្រង់សង្គម ដែលបន្ទាប់ពីនោះត្រូវបោះបង់ចោលវិញ។ ចាប់តាំងពីថ្ងៃទី១៨ មេសានោះមក ប្រជាជននីការ៉ាហ្គាងាកមកបះបោរប្រឆាំងនយោបាយប្រធានាធិបតី លោកដានីញ៉ែល អ័រតេហ្គា ភរិយារបស់លោក និងអនុប្រធានាធិបតី លោកស្រីរ៉ូសារី យ៉ូមូរីលឡូ។ ការបះបោរត្រូវបានបង្ក្រាបដោយបង្ហូរឈាម ហើយរហូតមកទល់ពេលនេះមានមនុស្សស្លាប់ដល់យ៉ាងតិច២៦៤នាក់ និងជាង១៨០០នាក់រងរបួស។
ជាអ្នកមានឥទ្ធិពលខ្លាំងក្នុងប្រទេស ព្រះវិហារកាតូលិកប៉ុនប៉ងធ្វើអាជ្ញាកណ្ដាល រវាងរដ្ឋាភិបាល និងពួកប្រឆាំង ប៉ុន្តែពុំបានជោគជ័យ។ រដ្ឋាភិបាលបដិសេធទាំងស្រុង បណ្ដាការទាមទាររបស់ពួកប្រឆាំង ជាពិសេសការទាមទារឲ្យមានការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់ នាឆ្នាំ២០១៩ ពុំចាំដល់ឆ្នាំ២០២១។ លោកអ័រតេហ្គាកាន់អំណាចពីខែមករា ឆ្នាំ២០០៧មក បន្ទាប់ពីកាន់អំណាចអាណត្តិដំបូងរវាងឆ្នាំ១៩៧៩ និង១៩៩០៕
ចែករំលែកព័តមាននេះ