បើទោះបីជាក្រុមហ៊ុនរថយន្តតាក់ស៊ី Uber បានបាត់មុខពីសង្គមអាស៊ីយើងក្តី ក៏វាត្រូវបានគេប្រើប្រាស់ជាច្រើននៅទ្វីបខាងពួកច្រមុះស្រួចដែរ។ ពេលនេះ ក្រុមហ៊ុនកំពុងតែដាក់កម្មវិធីថ្មីមួយសម្រាប់លើកទឹកចិត្តឲ្យម្ចាស់រថយន្តតាក់ស៊ីនៅអាមេរិក ប្រើប្រាស់រថយន្តអគ្គិសនីជំនួសរថយន្តសាំង ឬម៉ាស៊ូតធម្មតា ។
គំនិតផ្តួចផ្តើមថ្មីរបស់ Uber ហៅថា EV Champions Initiative ឬពានរង្វាន់សម្រាប់រថយន្តអគ្គិសនី នឹងផ្តល់ជាប្រាក់លើកទឹកចិត្តបន្ថែមដល់ម្ចាស់តាក់ស៊ីណាដែលប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីដឹកអ្នកដំណើរ ។
អ្នកបើករថយន្តតាក់ស៊ី Uber ត្រូវតម្រូវឲ្យទិញរថយន្តអគ្គិសនីខ្លួនឯងមួយ ដើម្បីយកមករត់នៅតាមផ្លូវដឹកអ្នកដំណើរ ខាងក្រុមហ៊ុនមិនបានទិញឲ្យនោះទេ ។
កម្មវិធីនេះដំបូងឡើយ គេដាក់ឲ្យមានត្រឹមតែ២តំបន់ប៉ុណ្ណោះនៅអាមេរិក គឺ Pittsburgh និង Portland ។ ពេលនេះ គេបានដាក់ឲ្យមាននៅទីក្រុង៧ទៀតដូចជា Austin, Los Angeles, Montreal, Sacramento, San Diego, San Francisco និង Seattle ។
Uber ធ្លាប់បានលើកឡើងពីការជំរុញទៅលើបច្ចេកវិទ្យាបៃតង ដែលជួយដល់បរិស្ថានសម្រាប់អាជីវកម្មរបស់ខ្លួន ។ នៅពេលនេះ ទីក្រុងឡុងដ៍ មានរថយន្ត Uber ដែលជារថយន្ត Hybrid និងអគ្គិសនីដល់ទៅ៦០%ទៅហើយ ។ គេសង្ឃឹមថា ចំនួននេះនឹងបន្តកើនឡើងរហូតដល់គ្រប់រថយន្តនៅឆ្នាំ២០២០ ។
បើទោះបីជាការប្រើប្រាស់រថយន្តអគ្គិសនី ស្តាប់ទៅហាក់បីដូចជាមានផលប្រយោជន៍ច្រើន ក៏អ្នកមិនគួរភ្លេចថា រថយន្តអគ្គិសនីប្រើពេលយូរជាងក្នុងការបញ្ចូលថាមពល បើធៀបនឹងការចាក់សាំងក្នុងរថយន្តធម្មតា។ នេះគឺពិតជាប៉ះពាល់ដល់ពេលវេលារកចំណូលរបស់ម្ចាស់តាក់ស៊ីមួយចំណែកធំផងដែរ ៕
ចែករំលែកព័តមាននេះ