ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចុប្បន្ន យានយន្ត​កំពុង​ចរាចរ​នៅ​រាជធានី​ភ្នំពេញ​​ជាង​2​លាន​គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណើន​សេដ្ឋកិច្ចជាតិ​រឹង​មាំ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ បាន​បែងចែក​ផ្លែ​ផ្កា​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​រក​ទទួលទាន បង្កើត​ប្រាក់​ចំណូល និង​មាន​ជីវភាព​ធូរធារ​គួរ​ឲ្យ​កត់សម្គាល់ ។ កត្តា​ទាំងនេះ បាន​ធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់​ផលិតផល និង​សម្ភារ​នានា…

រាជធានី​ភ្នំពេញ ៖ កំណើន​សេដ្ឋកិច្ចជាតិ​រឹង​មាំ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ បាន​បែងចែក​ផ្លែ​ផ្កា​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​រក​ទទួលទាន បង្កើត​ប្រាក់​ចំណូល និង​មាន​ជីវភាព​ធូរធារ​គួរ​ឲ្យ​កត់សម្គាល់ ។ កត្តា​ទាំងនេះ បាន​ធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់​ផលិតផល និង​សម្ភារ​នានា មានការ​កើនឡើង​ខ្ពស់​ផង​ដែរ ។ ជាក់ស្ដែង បើ​មើល​ពី​វិស័យ​យានយន្ដ គិត​ត្រឹម​ដំណាច់​ខែ​មិថុនា​ឆ្នាំ​នេះ ចំនួន​យានយន្ត​គ្រប់​ប្រភេទ​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​កើនឡើង​ដល់​ជាង​២​លាន​១​សែន​៩​ម៉ឺន​គ្រឿង ដែល​ជា​ចំនួន​មួយ​ដ៏​ច្រើន ។ នេះ​បើ​តាម​របាយការណ៍​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា កំណើន​យានយន្ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ខ្លី​កន្លង​មកនេះ វា​បាន​បង្ហាញ​ពី​កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា និង​កំណើន​ប្រាក់​ចំណូល​របស់​ប្រជា​ពល​រដ្ឋ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ទិញ​យានយន្ត​ប្រើប្រាស់​ផ្ទាល់ខ្លួន ។ ជាក់ស្ដែង ក្នុង​១​គ្រួសារ អាច​មាន​ម៉ូតូ​ម្នាក់​១​គ្រឿង​បាត់​ទៅ​ហើយ ។

លោក​ប្រធាន​មន្ទីរ​បាន​ថ្លែង​បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា ថា ៖« បច្ចុប្បន្ន​នេះ ចំនួន​រថយន្ត​គ្រប់​ប្រភេទ ដែល​បាន​ចុះបញ្ជី​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ មាន​ចំនួន​ជាង​៤៨​ម៉ឺន​គ្រឿង​, ម៉ូតូ​ចំនួន​១​លាន​៧០​ម៉ឺន​គ្រឿង និង​រ៉ឺ​ម៉ក​កង់​បី មាន​ចំនួន​១​ម៉ឺន​១​ពាន់​គ្រឿង » ។

លោក​បន្ត​ថា ក្នុង​រយៈពេល​១​មួយ​ឆ្នាំ​កន្លង​មកនេះ កំណើន​រថយន្ត​ដែល​បាន​ចុះបញ្ជី​ប្រើ​ប្រាស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​កើនឡើង​ទ្វេ​ដង ។ ជាក់ស្ដែង កាលពី​ចុងឆ្នាំ​២០១៦ ចំនួន​រថយន្ត​ដែល​ចុះបញ្ជី មាន​តែ​ជាង​៤០​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ ខណៈ​ម៉ូតូ​មាន​១​លាន​៤​សែន​គ្រឿង ។ លោក​ថា ៖« យានយន្ត​ទាំងអស់ គឺ​បាន​ចុះបញ្ជី​រួចរាល់​អស់ហើយ លើក​លែងតែ​រ៉ឺ​ម៉ក​កង់​បី​ប្រមាណ​តែ​ជាង​១០%​ទៀត ដែល​មិន​ទាន់​បាន​មក​ចុះបញ្ជី » ។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​រថយន្ត​ម៉ាក Chevrolet នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​លក់​រថយន្ត​នៅ​តែ​មាន​កំណើន​ជា​បន្តបន្ទាប់ បើ​ទោះបីជា​ឆ្នាំ​នេះ រាជ​រដ្ឋា​ភិបាល​ដំឡើង​ពន្ធ និង​ជា​ឆ្នាំ​បោះ​ឆ្នោត​ក៏​ដោយ ។

លោក ប៉ែន ពិសិដ្ឋ នាយក​គ្រប់គ្រង​រូប​នេះ​បាន​និយាយ​ថា ៖« អ្នកទិញ​រថយន្ត​នៅ​តែ​ទិញ ស្រប​ពេល​ប្រាក់​ចំណូល​របស់​ពួក​គាត់​បាន​កើនឡើង ក៏​ប៉ុន្តែ​កត្តា​ដំឡើង​ពន្ធ បាន​ធ្វើ​ឲ្យ​រថយន្ត​ឡើងថ្លៃ ហើយ​ក៏​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​អតិថិជន​ស្រងាកចិត្ត​បន្តិច​ដែរ »​។ លោក​បន្ដ​ថា ៖ «​បើសិនជា​ពន្ធ​មិន​ឡើងថ្លៃ​ទេ កំណើន​លក់​រថយន្ត​ថ្មី នឹង​កាន់តែ​ច្រើន​ថែម​ទៀត »។

ចំណែក​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ហុងដា ក៏​បាន​បង្ហាញ​តួលេខ​ផង​ដែរ​ថា ក្នុង​១​ឆ្នាំ ក្រុមហ៊ុន​របស់​ខ្លួន​បាន​ដំឡើង​ម៉ូតូ​ប្រមាណ​៣០​ម៉ឺន​គ្រឿង ក្នុង​នោះ មួយ​ថ្ងៃ ក្រុមហ៊ុន​នេះ​អាច​ដំឡើង​បាន​រហូត​ដល់​១.២០០​គ្រឿង ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់ ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បង្ហាញ​ថា ចំនួន​យានយន្ត​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​បន្ទាប់​ពី​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​បាន​រីក​លូតលាស់​ប្រមាណ​៧%​ក្នុង​១​ឆ្នាំ ដែល​បច្ចុប្បន្ន រថយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ជិត​១​លាន​គ្រឿង និង​ម៉ូតូ​ប្រមាណ​ជាង​៦​លាន​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ