ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រានចោល​ការ​វាយ​​ប្រហារ​ខ្លាំង​តាម​​ហ្វេស​​ប៊ុក…

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​វាយប្រហារ​មិន​សំចៃមាត់ក្នុង​បណ្តាញ​សង្គម ក្រោយ​ពេល​ម្ចាស់​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ដែ​ល​ឆេះ​ដោយសារ​ភ្លើង​បារី​ជនជាតិ​ចិន បាន​ទទួលមរណភាព​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដោយសារ​ការ​ឆេះ​ខ្លួន​ធ្ងន់ធ្ងរ​ស្មាន​មិន​ដល់ ។ រលក​នៃ​ការ​រិះគន់​តាម​បណ្តាញ​សង្គម​នោះ​បាន​ចោទ​ថា…

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ ត្រូវ​បាន​វាយប្រហារ​មិន​សំចៃមាត់ក្នុង​បណ្តាញ​សង្គម ក្រោយ​ពេល​ម្ចាស់​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ដែ​ល​ឆេះ​ដោយសារ​ភ្លើង​បារី​ជនជាតិ​ចិន បាន​ទទួលមរណភាព​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដោយសារ​ការ​ឆេះ​ខ្លួន​ធ្ងន់ធ្ងរ​ស្មាន​មិន​ដល់ ។ រលក​នៃ​ការ​រិះគន់​តាម​បណ្តាញ​សង្គម​នោះ​បាន​ចោទ​ថា សមត្ថកិច្ច​គិតតែ​ពី​ធ្វើ​កំណត់ហេតុ​សាកសួរ​ជន​រង​គ្រោះ មិន​យកចិត្តទុកដាក់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ទេ ទើប​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់ ។

នៅ​ក្នុង​សេចក្តី​បំភ្លឺ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ ចុះ​ថ្ងៃ​ទី​១១ កក្កដា បាន​សរសេរ​ថា «ចំពោះ​ករណី​អគ្គិភ័យ​ឆេះ​ រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ស្លាក​លេខ​ភ្នំពេញ 2AR-6124 នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​យីហោ​តេ​លា ម្ចាស់​ឈ្មោះ សៀ​ក ម៉ៅ មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ស្ថិត​នៅ​ភូមិ​ចំបក់​ក្អែ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្រោយ​ទទួល​បាន​ព័ត៌មាន​សមត្ថកិច្ច​នគរ បាល​ប៉ុស្តិ៍ អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី បាន​សហការ​អន្តរាគមន៍​ជួយ​ពន្លត់ និង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​-​ចិន​ចំនួន​២​នាក់ មានឈ្មោះ តាំង គឹ​ម​ហេង ភេទ​ប្រុស ជា​តៃកុង​ឡាន និង​ឈ្មោះ លី​ន ប៊ី​ន​ប៊ី​ន ភេទ​ប្រុស ជនជាតិ​ចិន អ្នក​រួម​ដំណើរ ។ រយៈពេល​ប្រមាណ​២០​នាទី​ក្រោយ​ហេតុ ការណ៍ សមត្ថកិច្ច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង ។

ក្នុង​ពេល​នោះ សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​គងពិសី និង​រថយន្ត​សង្គ្រោះ​ឯកជន ដើម្បី​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ក្នុង​រយៈពេល​រង់ចាំ​រថយន្ត​សង្គ្រោះ​មក​ដល់ សមត្ថ​​កិច្ច​រួម​ជាមួយ​ប្រជាពលរដ្ឋ​បាន​ជួយ​សង្គ្រោះ​បឋម​ប្រើ​ស្បៃ និង​ភួយ​សើម ហើយ​យក​ជន​រង​គ្រោះ​អង្គុយ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​ម៉ាត​ស្ថានីយ​ប្រេង ។ ពេល​នោះ សមត្ថកិច្ច​ឆ្លៀត​សាកសួរ​បឋម អំពី​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​ធ្វើការ​ទំនាក់ទំនង​ជូនដំណឹង​អំពី​គ្រោះថ្នាក់​របស់​ជន​រង​គ្រោះ ។ ថ្មី​ៗ​នេះ​ តាម​រយៈ​បណ្តាញ​សង្គម​ក៏​ដូច​ជា​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ចោទប្រកាន់ ដោយ​ខ្វះ​ប្រភព​ព័ត៌មាន​ពិត​ថា សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ជន​រង​គ្រោះ និង​ពន្យារពេល​ការ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ទើប​បណ្តាល​​ឱ្យ​ជន​រង​គ្រោះ​ទទួលមរណភាព ។

ក្នុង​នាម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ សូម​ចូលរួម​សោកស្តាយ​ជាមួយ​ក្រុម​គ្រួសារ​សាច់ញាតិ​ជន​រង​គ្រោះ និង​សូម​ធ្វើការ​បដិសេធ និង​មិន​ទទួល​ចំណុច​រិះគន់​ទាំងឡាយ​ណា​ដែល​ខ្វះ​ព័ត៌មាន​ពិត ។ ចំណែក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​សម្តែង​ការ​អរគុណ​ចំពោះ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ ដែល​បាន​ខិតខំ​ជួយ​ខ្នះខ្នែង បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ និង​បាន​ជួយ​សម្របសម្រួល​នីតិវិធី​មួយ​ចំនួន​ទៀត ។ ជា​ថ្មី​ម្តងទៀត ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ សូម​ធ្វើការ​អំពាវនាវ​ដល់​បណ្តាញសារព័ត៌មាន និង​អ្នកលេង​បណ្តាញ​សង្គម Facebook មេត្តា​កុំ​ចុះ​ផ្សាយ​នូវ​ព័ត៌មាន​ ដែល​មិន​ពិត និង​ខ្វះ​ប្រភព​ព័ត៌មាន នាំ​ឱ្យ​មានការ​យល់​ច្រឡំ ប៉ះពាល់​កិត្តិយស​ស្ថាប័ន​សមត្ថកិច្ច ដែល​កំពុង​បំពេញភារកិច្ច​ជូន​ប្រជាពលរដ្ឋ​និង​សង្គម​ជាតិ ។

សូម​រំលឹក​ថា រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​សល់​តែ​គ្រោង​ដែក នៅ​ក្នុង​ស្ថានីយ​ចាក់​ប្រេង​មួយ​កន្លែងនិង​បណ្តាល​ឱ្យ​រង​របួស​មនុស្ស​២​នាក់ ខណៈ​ពេល​កំពុង​ចាក់​ហ្កា​ស ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗដោយសារ​តែ​ការ​ឆេះ​ខ្លួន ។ ក្នុង​ហេតុការណ៍​នេះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​ដោយ​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​អស់​១​គ្រឿង ទើប​គ្រប់គ្រង​សភាពការណ៍​បាន និង​មិន​ប៉ះពាល់​ដល់​ស្ថានីយ​ប្រេង​ឡើយ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែកក្កដា នៅ​តាម​ផ្លូវ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧​និង​លេខ​១៨ ក្នុងភូមិ​ចំបក់​ក្អែ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ហើយ​ការ​ឆេះ​នេះ​ដោយ សារ​តែ​ភ្លើង​បារី ដែល​ជនជាតិ​ចិន​នោះ​ជក់ ។ ម្ចាស់​រថយន្ត​ឈ្មោះ តាំង គឹ​ម​ហេង អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នក​រត់​តាក់​សុ​ី ។ តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច ត្រូវ​បាន​ម្ចាស់​រថយន្ត​ប្រាប់​ថា មុន​ពេល​កើតហេតុ​មាន​ជនជាតិ​ចិន​ជួល​រថយន្ត​គាត់​ជិះ​មក​ពី​បូកគោ​ខេត្តកំពត ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។ ពេល​មក​ដល់​ចំណុច​ខាងលើ ដោយសារ​រថយន្ត​អស់​ហ្គា​ស់ គាត់​ក៏​ចូល​ទៅ​ចាក់​ហ្គា​ស់​បន្ថែម លុះ​ចាក់រួច ​ហើយ គាត់​ក៏​ចូល​អង្គុយ​ក្នុង​រថយន្ត​ដាក់​ខ្សែក្រវាត់ ហើយ​យក​លុយ​ឱ្យ​ថ្លៃ​ហ្គា​ស់ ។

ម្ចាស់​រថយន្ត​បន្ត​ថា ពេល​នោះ​ជនជាតិ​ចិន​ម្នាក់​នោះ​បាន​ជក់បារី ហើយ​ពេល​កេះ​ដែកកេះ​ក៏​បណ្តាល​ឱ្យ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង និង​បាន​ម្ចាស់​ស្ថានីយ​ជួយ​បាញ់​ទឹក​និង​ទាញ​ចេញពី​ក្នុង​រថយន្ត​ទាន់ កុំ​អី​ប្រហែលជា​ត្រូវ​ស្លាប់​ក្នុង​ភ្លើង​បាត់​ទៅ​ហើយ ។ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឱ្យ​ឆេះ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង សល់​តែ​គ្រោង​ដែក និង​របួស​មនុស្ស​ធ្ងន់​ម្ចាស់​រថយន្ត​និង​របួសស្រាល​ជនជាតិ​ចិន ក្នុង​នោះ​ជនជាតិ​ចិន​ម្នាក់ ។ បុរស​ជា​ម្ចាស់​រថយន្ត ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​បន្ត​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ចំណែក​គ្រោង​រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​បន្ត​នីតិវិធី ។

មហាជន​បាន​រិះគន់​ចំពោះ​ជនជាតិ​ចិន ​ដែល​ជក់បារី​ឥត​សណ្តាប់ធ្នាប់​ បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែប​
នេះ ៕

អត្ថបទសរសេរ ដោយ