ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ទេសចរណ៍​សំខាន់​ៗ​នៅ​បាងកក​ដែល​ប្រជាជន​កម្ពុជា​អាច​ទៅ​លេង

5 ឆ្នាំ មុន

បាងកក ៖ ប្រជាជន​កម្ពុជា​រហូត​ដល់​ជិត​មួយ​លាន​នាក់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ដើម្បី​កម្សាន្ត​ផង ទិញ​ឥ​វ៉ា​ន់​ផង និង​ដើម្បី​ពិនិត្យ ព្រមទាំង​ព្យាបាល​សុខភាព​ផង​។ មន្ត្រី​ថៃ​និយាយ​ថា ទេសចរ​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ ក្នុង​ឆ្នាំ​២០១៧…

បាងកក ៖ ប្រជាជន​កម្ពុជា​រហូត​ដល់​ជិត​មួយ​លាន​នាក់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ដើម្បី​កម្សាន្ត​ផង ទិញ​ឥ​វ៉ា​ន់​ផង និង​ដើម្បី​ពិនិត្យ ព្រមទាំង​ព្យាបាល​សុខភាព​ផង​។

មន្ត្រី​ថៃ​និយាយ​ថា ទេសចរ​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​ប្រមាណ​ជាង ៨៥៤,៤៣១ នាក់ កើនឡើង ២៦,៥៩% ធៀប​នឹង​ឆ្នាំ ២០១៦ ដោយ​ក្នុង​នោះ​មាន​ប្រមាណ​ជាង​២០​ម៉ឺន​នាក់​ទៅ​ថៃ ដើម្បី​ពិនិត្យ និង​ព្យាបាល​សុខភាព​។

ដើម្បី​អោយ​ប្រជាជន​កម្ពុជា​កាន់តែ​បានដឹង​ច្បាស់​អំពី​តំបន់​ទេសចរណ៍​សំខាន់​ៗ​នៅ​ទីក្រុង​បាងកក សារព័ត៌មាន​កោះសន្តិភាព​បាន​ជួប​ជាមួយ​មន្ត្រី​ជំនាញ​ទេសចរណ៍​ថៃ ដើម្បី​ស្វែង​យល់​ពី​តំបន់​សំខាន់​ៗ​នៅ​ទីក្រុង​បា​កក​ដែល​ប្រជាជន​កម្ពុជា​អាច​ពិចារណា​សម្រាប់​ដំណើរ​កម្សាន្ត និង​ការ​ទិញ​ទំនិញ​តាម​ចំណូលចិត្ត​។

កញ្ញា សៀង​ចាន់ (SEANGCHAN Kaewprathoomrussamee ) ប្រធាន​ផ្នែក​ទេស​ចរណ៍​​សេដ្ឋកិច្ច និង​កីឡា នៃ​ក្រសួងទេសចរណ៍ និង​កីឡា ប្រទេស​ថៃ និយាយ​ថា «ប្រទេស​​ថៃ​មាន​កន្លែង​ទេ​ចរណ៍​សំខាន់​ច្រើន​ណាស់ ជា​ពិសេស​ប្រាសាទបុរាណ និង​ការ​ធ្វើ​បដិសណ្ឋារកិច្ច​បាន​ល្អ ទើប​យើង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​ទទួល​សេវាកម្ម​ទេសចរ​សុខភាព​ផង និង​រីករាយ​កំសាន្ត​នូវ​ការ​ដើរ​ទិញ​ទំនិញ (shopping) និង​ទស្សនា​តំបន់​ទេសចរណ៍​សំខាន់​ៗ​ផង​ដែរ​» ។

តំបន់​ទេសចរណ៍​សំខាន់​ៗ​នៅ​បាងកក

សម្រាប់​ទីក្រុង​បាងកក តំបន់​ទេសចរណ៍​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ខ្លាំង​បំផុត​នោះ​គឺ ៖

១- ព្រះ​បរមរាជវាំង​ថៃ (Grand Palace) ៖ តម្លៃ​សំបុត្រ​ចូល​ទស្សនា​ព្រះរាជវាំង​ថៃ គឺ ៥០០ បាត (​ប្រមាណ 15.28 ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​មនុស្ស​ម្នាក់ និង​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​ជាង ៣៥,០០០ ក្នុង​មួយ​ថ្ងៃ​មក​ទស្សនា​ព្រះ​បរម​រាជ​វាំង​ថៃ ។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​ឈរ​នៅ​លំដាប់ថ្នាក់​លេខ ១ បន្ទាប់​មក​គឺ​ភ្ញៀវ​ទេសចរ​មក​ពី​សហរដ្ឋអាមេរិក អង់គ្លេស និង​សហគមន៍​អឺរ៉ុប ដែល​ភាគច្រើន​ធ្វើ​ដំណើរ​កំសាន្ត​បន្ត​ពី​ប្រទេស​ថៃ​មក​កាន់​ប្រទេស​ឡាវ និង​កម្ពុជា​ផង​ដែរ ។

២- វត្ត​ផូ (Wat Phu)៖ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រះ​បរមរាជវាំង​នោះ​គឺ វត្ត​ផូ ។ វត្ត​ផូ ស្ថិត​នៅ​ខាងត្បូង​ព្រះរាជវាំង​ថៃ គឺជា​កន្លែង​ល្បីល្បាញ​បំផុត​នៅ​បាងកក​ក និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ ចូល​ទៅ​ទស្សនា ព្រោះ​អ្នកទេសចរ​អាច​ដើរ​ថ្មើ​ជើង​ត្រឹម ៥ នាទី​ពី​ព្រះរ​បម​រាជវាំង​ថៃ ដើម្បី​ទៅ​ទស្សនា​វត្ត​បុរាណ​មួយ​នេះ ដែល​មាន​រូបសំណាក​ព្រះពុទ្ធ​ដ៏​ធំ​មួយ​នៅ​ទី​អា​រា​ម្យ​មួយ​នេះ ។

៣- វត្ត​អា​រុណ (Wat Arun) ៖ វត្ត​អា​រុណ​ជា​កន្លែង​ដ៏​ល្បីល្បាញ​បំផុត​មួយ​របស់​ទីក្រុង​បាងកក និង​ល្បី​ជា​វត្ត​ចំណាស់​បំផុត​មួយ​របស់​ប្រទេស​ថៃ មុន​ការ​បង្កើត​ទីក្រុង​បាងកក​។ ប្រាសាទ​វត្ត​អា​រុណ ជា​ប្រាង្គ​ប្រាសាទ​ដែល​មានកំ​ពស់​ជាង 80 ម៉ែត្រ សាងសង់​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​ថៃ​។ អ្នកទេសចរ​បរទេស​អាច​ធ្វើ​ដំណើរ​កំសាន្ត​តាម​ទូក​ទេសចរណ៍​ពី​ដង​ទន្លេ​ចៅ​ប្រា​យ៉ា ដើម្បី​ទស្សនា​វត្ត​អា​រុណ ព្រោះ​សព្វថ្ងៃ​វត្ត​អា​រុណ​មាន​ប្រាសាទ​មាន​ក្បាច់រចនា​ដ៏​ប្រណីត នេះ​នៅ​តែ​ជា​កន្លែង​ទេសចរណ៍​មាន​ទេសភាព​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​។

លោកស្រី ស្រី​ផុ​ន ផេ​កា​ណា​ន់​ដា​ណា (Sripon Bhekanandana) អនុប្រធាន​នាយក​ដ្ឋាន​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក​នៃ​អាជ្ញាធរ​ទេសចរណ៍​ថៃ (Tourism Authority of Thailand) មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រៅពី​តំបន់​ទេសចរណ៍​ល្បី​ខាងលើ នៅ​បាងកក​ក៏​នៅ​មាន​ទីកន្លែង​ជា​ច្រើន​ទៀត​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​កំសាន្ត​រីករាយ​ជាមួយនឹង​ការ​ទិញ​ឥ​វ៉ា​ន់ និង​ពេញ​និយម​បំផុត​គឺ​អាហារ​តាម​ដងផ្លូវ ។

លោកស្រី ស្រី​ផុ​ន ផេ​កា​ណា​ន់​ដា​ណា មាន​ប្រសាសន៍​បន្ថែម​ថា​៖ «​សម្រាប់​ទីក្រុង​បាង​កក គឺ​យើង​មាន​កន្លែង​ទេសចរណ៍​ជា​លក្ខណៈ​ប្រាសាទបុរាណ​និង​ផ្សារ​ទំនើប​ក៏​ដូច​ជា​កន្លែង​កម្សាន្ត​ថ្មី​ជា​ច្រើន ដែល​អ្នកទេសចរ​បរទេស​ពេញ​និយម​» ។ អ្នកស្រី​បាន​បញ្ជាក់​ថា អាហារ​តាម​ដងផ្លូវ (Street foods) កំពុង​តែ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​បរទេស​។

កន្លែង​លក់ទំនិញ​សំខាន់​ៗ​នៅ​បាងកក

១- Chatuchak Weekend market (​ឬ​ហៅ​ថា JJ market) ៖ សម្រាប់​ផ្សារ​ចា​ទុ​ចាក់ គឺជា​ផ្សារ​ដែល​មាន​គ្រប់យ៉ាង​សម្រាប់​អ្នកទេសចរ ហើយ​ជាទី​កន្លែង​កំសាន្ត​ដ៏​ពេញ​និយម​សម្រាប់​ទេសចរ​ក្នុងស្រុក​និង​បរទេស​។ ផ្សារ Chatuchak Weekend market គឺ​បើក​បម្រើ​តែ​ចុង​ស​ប្តា​ហ៍ ។

ស្ថិត​នៅ​លើ​ផ្លូវ Kamphaeng Phet 2 ផ្សារ Chatuchak Weekend market គឺជា​ទីផ្សារ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​មាន​ស្តង់​លក់​ដល់​ទៅ ១៥,០០០ ស្តង់ និង​ត្រូវ​បាន​បែង​ចែក​ជា ២៧ ផ្នែក ។ មាន​ន័យ​ថា គ្រប់យ៉ាង​មាននៅ Chatuchak Weekend market ចាប់ពី​សម្លៀក​បំពាក់ អាហារ​ដ្ឋា​ន គ្រៀង​អនុស្សាវរីយ៍​គ្រប់​ប្រភេទ ។

២- តំបន់ Ratchaprasong ៖ គឺជា​តំបន់​មាន​ដ៏​មមាញឹក​សម្រាប់​ការ​ដើរ​ទិញ​ឥ​វ៉ា​ន់​នៅ​តាម​ផ្លូវ និង​ជិត​ទី​សក្ការៈ Erawan Shrine ដ៏​ល្បីល្បាញ​។ តំបន់ Ratchaprasong សំបូរ​ទៅ​ហាង​ទំនើប​ៗ ដូច​ជា Siam Paragon, Central Department Store ជាដើម ដែល​សុទ្ធ​ជា​ផ្សារ​ទំនើប​សំបូរ​ទៅ​ដោយ​របស់​ប្រើប្រាស់​ម៉ាក​ល្បី​ៗ ប្រែ​ន​ៗ​ថ្លៃ ដែល​អ្នក​ទេស​ចរ​ជា​អ្នកមាន​លំដាប់​ចូល​ចិត្ត​ទី​ជាវ​ទំនិញ​លំដាប់​កាលី​ប​ៗ ។ ផ្សារ​ទំនើប MBK ( Mahboonkrong) ជា​ផ្សារ​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​យ៉ាង​ខ្លាំង​ផង​ដែរ​។ គេ​អាច​រក​ទិញ​ទំនិញ​គ្រប់មុខ​នៅ​ទីនោះ​។

៣- Platinum Fashion Mall ៖ គឺជា​ផ្សារ​ទំនើប​ដែល​សំបូរ​ទៅ​ដោយ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ជាវ​ឥ​វ៉ា​ន់​ធូរ​ថ្លៃ (​មិនមែន​ម៉ាក​ល្បី​ដែល​នាំ​ចូល​) និង​មាន​គ្រប់​ម៉ូត​គ្រប់​ម៉ាក និង​សម្រាប់​គ្រប់​វ័យ ។ Platinum Fashion Mall មាន​ទីតាំង​ជិត​នឹង​ផ្សា​របោះ​ដុំ ប្រ​ទូ​ណា​ម ផ្លា​ក​ទី​នឹម​ផ្លា​សា ។

យ៉ាងណាមិញ​លោកស្រី ស្រី​ផុ​ន ផេ​កា​ណា​ន់​ដា​ណា (Sripon Bhekanandana) បាន​បញ្ជាក់​ថា តំបន់​ទេសចរណ៍​សំខាន់​ៗ​ផ្សេង​ទៀត​ដែល​សំបូរ​ភ្ញៀវ​ទេសចរ​បរទេស ហើយ​លោកស្រី​ចង់​ណែនាំ​ដល់​អ្នកទេសច​កម្ពុជា​ឲ្យ​បាន​ដឹងផង​ដែរ​នោះ គឺ​តំបន់​ទេសចរណ៍​នៅ​ខេត្ត​ត្រា​ត​ជិត នឹង​ខេត្តកោះកុង​ប្រទេស​កម្ពុជា ខេត្ត​ឈាង​ម៉ៃ​និង​ឈាង​រ៉ៃ ភូ​កេ​ត ជាដើម ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ