ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់ថា ថ្ងៃកម្ម​ករ​បើក​ប្រាក់​ខែលក់​ចំណេញ​​ពី​៨​ទៅ​១២​ម៉ឺន​រៀល ​(មាន​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រៀងរាល់ថ្ងៃ គេ​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ មិន​ថា​អ្នកមាន​ជីវភាព​មធ្យម​ឬ​ធូរធារ ជា​ពិសេស បងប្អូន​កម្មករ​-​កម្មការិនី​រោងចក្រ និយម​ទៅ​ទិញ​ស្បែក​ជើង​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ហួស​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ​ប្រមាណ​១០០​ម៉ែត្រ ដែល​ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១…

រាជធានី​ភ្នំពេញ ៖ ជា​រៀងរាល់ថ្ងៃ គេ​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ មិន​ថា​អ្នកមាន​ជីវភាព​មធ្យម​ឬ​ធូរធារ ជា​ពិសេស បងប្អូន​កម្មករ​-​កម្មការិនី​រោងចក្រ និយម​ទៅ​ទិញ​ស្បែក​ជើង​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ហួស​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ​ប្រមាណ​១០០​ម៉ែត្រ ដែល​ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ជាប់​ព្រំ​ប្រទល់​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

ការ​លក់​ស្បែកជើង​នៅ​តាម​ផ្លូវ​នេះ គឺ​ចាប់ផ្តើម​ពី​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​៥​ទៅ​៦​ល្ងាច​ទើប​ឈប់ ហើយ​ភាគច្រើន​ពួក​គេ​លក់​នៅ​ក្រោម​ឆត្រ ជាមួយនឹង​ស្បែកជើង​ដាក់​តម្រៀប​គ្នា​ជា​ច្រើន​គូ ។

ស្ត្រី​អ្នក​លក់ដូរ​ស្បែកជើង​ម្នាក់​ឈ្មោះ ឌឹ​ម ស្រី​លាភ អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​សំរោង ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ នាង​លក់​ស្បែកជើង​អស់ពី​៨ ទៅ​១២​គូ ។ ដោយឡែក នៅ​ថ្ងៃ​ទី​១១ ឬ​ថ្ងៃ​ទី​១២ ជា​ថ្ងៃ​កម្មករ​-​កម្មការិនី​បើក​ប្រាក់ខែ​វិញ នាង​អាច​លក់​បាន​ចាប់ពី​១៥ ទៅ​២៥​គូ​ឯណោះ ហើយ​នាង​អាច​ចំណេញ​ប្រាក់​បាន​ពី​៨​ទៅ​១២​ម៉ឺន​រៀល​ដែរ ។

នាង​បន្ត​ថា ៖« ខ្ញុំ​ចាប់ផ្តើម​រកស៊ី​លក់​ស្បែកជើង​នេះ​ជាង​១​ឆ្នាំ​មក​ហើយ ហើយ​ការ​លក់ដូរ គឺ​មិនមែន​លក់​សម្រាប់​តែ​អ្នក​ក្រីក្រ ឬ​អ្នកមាន​ជីវភាព​មធ្យម​ឡើយ កន្លង​មក ក៏​មាន​អ្នក​មាន​​ជីវភាព​ធូរធារ​ជិះ​រថយន្ត​ទំនើប​ៗ​ម៉ាក​៥៧០ ជាដើម តែង​ឧស្សាហ៍​មក​ទិញ​ស្បែក​ជើង​​នៅ​តំបន់​នេះ​ណាស់ មិន​ថា​ទិញ​នៅ​កន្លែង​របស់ខ្ញុំ ឬ​កន្លែង​ផ្សេង​ទៀត​ឡើយ ។ សម្រាប់​តម្លៃ​ស្បែកជើង​វិញ គឺ​ធូរ​ថ្លៃ ហើយ​គុណភាព​ក៏​គួរសម​ដែរ គឺ​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន » ។

គេ​សង្កេត​ឃើញ​ថា កន្លែង​លក់​ស្បែកជើង​នៅ​តាម​ចិញ្ចើម​ផ្លូវ​នេះ គឺ​ភាគច្រើន​មាន​លក់​ស្បែកជើង​ជំ​ពាម​, ស្បែកជើង​ប៉ាត់​តា និង​ស្បែកជើង​ប៊ូ ជាដើម ដែល​មាន​តម្លៃ​ផ្សេង​ៗ​គ្នា​ទៅ​តាម​ប្រភេទ​ស្បែកជើង​នីមួយ​ៗ ។ បើ​តាម​ក្រុម​អ្នកលក់​ឲ្យ​ដឹង​ថា ស្បែកជើង​ជំ​ពាម និង​ប៉ាត់​តា មាន​តម្លៃ​ចាប់ពី​៣​ម៉ឺន ទៅ​៦​ម៉ឺន​រៀល​។ ចំណែក​ស្បែកជើង​ប៊ូ​មាន​តម្លៃ​ពី​១៥​ដុល្លារ ដល់​២៥​ដុល្លារ ។

ស្ត្រី​អ្នកលក់​ស្បែកជើង​ម្នាក់​ទៀត ដែល​គេ​ហៅ​គាត់​ថា ម៉ាក់​អា​ឌី អាយុ​៤៦​ឆ្នាំ បច្ចុប្បន្ន មាន​ទីលំនៅ​ក្នុងភូមិ​ឫស្សី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ការ​ពិត ការ​លក់​ស្បែកជើង​តាម​ចិញ្ចើម​ផ្លូវ​នេះ គឺ​មានការ​និយម​ទិញ​ពី​សំណាក់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្ពស់ ឬ​និយាយ​ឲ្យ​ស្រួល​ស្តាប់ ហៅ​ថា​អ្នកមាន​តែ​ម្តង ។ កន្លង​មក ពួក​គេ​តែង​នាំ​គ្នា​ជិះ​រថយន្ត ឬ​ម៉ូតូ​ជាមួយ​កូន​ៗ​មក​ទិញ​ជា​បន្តបន្ទាប់ មិន​ថា​ស្បែក​ជើង​​ជំ​ពាម ឬ​ប៊ូ​ឡើយ ។

ម៉ាក់​អា​ឌី និយាយ​ថា ៖« នៅ​ជុំ​វិញ​តំបន់​នេះ គឺ​សុទ្ធ​សឹង​ជា​អ្នកមាន​កម្រិតជីវភាព​ខ្ពស់ ហើយ​អ្នក​ទាំងនោះ​មិន​ចូល​ចិត្ត​ចំណាយ​ពេលវេលា​ទៅ​ណា​ឆ្ងាយ​ទេ ទើប​ពួក​គេ​នាំ​គ្នា​មក​ទិញ​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន » ។

លោក ចាន់ តា​រ៉ា អាយុ​៣១​ឆ្នាំ មន្ត្រី​អគ្គិសនី​កម្ពុជា ដែល​បាន​មក​ទិញ​ស្បែកជើង​នៅ​ទី​នេះ​ឲ្យ​ដឹង​ថា កន្លង​មក លោក​ក៏​ធ្លាប់​ទិញ​ស្បែកជើង​ប៊ូ​នៅ​ហាង​ទំនើប​ៗ ឬ​ហៅ​ថា​ប្រេ​ន​ៗ និង​ទាន់សម័យ យក​ទៅ​ពាក់​ដែរ ដោយ​១​គូ​តម្លៃ​ចាប់ពី​៨០ ដល់​១១០​ដុល្លារ ។

ក្រោយមក លោក​បាន​ជិះ​កាត់​តំបន់​ស្ទឹង​មាន​ជ័យ ប្រទះ​ឃើញ​មានការ​ដាក់​លក់​ស្បែក​ជើង​ជា​ច្រើន លោក​ក៏​ចូល​ទិញ​យក​ទៅ​ពាក់​ម្តង​ជា​២​ដង​ឃើញ​ថា វា​មានគុណ​ភាពល្អ​ប្រើ ។ រីឯ​តម្លៃ គឺ​ធូរ​ថ្លៃ​ជាង​នៅ​ហាង​ទំនើប​ឆ្ងាយ​ណាស់ ។

លោក​បន្ត​ថា ៖« ស្បែកជើង​ប៊ូ​១​គូ បើ​យើង​ពាក់​ចេះ​ថែទាំ​វា​បាន​ល្អ គឺ​យើង​អាច​ពាក់​បាន​ដល់​រាប់​ឆ្នាំ​ឯណោះ បើ​ទោះបី​ស្បែកជើង​ទាំងនេះ​មិន​មានគុណ​ភាពល្អ​ខ្លាំង ឬ​តម្លៃ​មិន​ថ្លៃ​ដូច​នៅ​ហាង​លក់​ស្បែកជើង​ទំនើប​ៗ​ក៏​ដោយ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ