ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទាំង​៦​កើតឡើង​នៅ World Cup 2018 នៅ​រុ​ស្ស៊ី​ដែល​គ្រប់​គ្នា​មិន​បានដឹង

5 ឆ្នាំ មុន

ការប្រកួតពាន់រង្វាន់ពិភពលោក World Cup ២០១៨ នៅប្រទេសរុស្ស៊ី នាពេលនេះបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ( Semi-Final ) ហើយ…

ការប្រកួតពាន់រង្វាន់ពិភពលោក World Cup ២០១៨ នៅប្រទេសរុស្ស៊ី នាពេលនេះបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ( Semi-Final ) ហើយ ពេលនេះក៏បានរកឃើញក្រុមខ្លាំងមួយក្រុមរួចហើយដែរដែលត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ គឺក្រុមជម្រើសជាតិបារាំង ដោយនៅរង់ចាំមួយក្រុមទៀតរវាង អង់គ្លេសប៉ះនឹងក្រូអាស៊ី នៅយប់រំលងអធ្រាត្រនេះ នឹងអាចរកឃើញ២ក្រុមដែលត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរុស្ស៊ី ។ ពេលនេះដែរសូមបង្វែរចំណាប់អារម្មណ៍មិត្តអ្នកអានមកដឹងពីចំណុចដែលបានកើតឡើងគួរឱ្យភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍នេះនាពេលកន្លងមកនេះ ៖

ចំណុច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទី​១

ក្រុមបាល់ទាត់​ជម្រើស​រុ​ស្ស៊ី​ដែល​ក្នុង​តារាង​ចំណាត់ថ្នាក់​របស់ FIFA ស្ថិត​នៅ​លេខ​រៀង​ទី៧០​នោះ​អាច​យកឈ្នះ​ក្រុម​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ដែល​ស្ថិត​នៅ​លេខ​រៀង​ទី​៦៧ ដោយលទ្ធ​ផល​ ៥-០ និង​បន្ត​យកឈ្នះ​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​ដែល​ស្ថិត​នៅលេខ​រៀង​ទី​៤៥​ដោយ​លទ្ធ​ផល​៣-១​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​៣២​ក្រុម​នៅ​ក្នុង​ពូ​ល​A ។

សរុបក្នុង​ការ​ប្រកួត​ពីរ​លើក​នេះ ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី រកបាន​ដល់​ទៅ​៨​គ្រាប់​និង​របូត​វិញ​តែ​១​គ្រាប់​បំបែក​កំណត់​ត្រា​របស់​ក្រុម​ជម្រើសជាតិ​អុី​តា​លី​ដែល​រកបាន​៨​គ្រាប់​ដូច​គ្នា​តែ​របូត​វិញ​ដល់​ទៅ​​២​គ្រាប់​នៅ​ពេល​ធ្វើ​ជា​ម្ចាស់ផ្ទះ​World Cup ក្នុង​ឆ្នាំ​១៩៣៤​។ តាម​រយៈ​លទ្ធផល​ដ៏​ល្អ​នេះ​បាន​​អនុញ្ញាត​ឲ្យ​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ជាមួយ​ក្រុម​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ​និង​បន្ត​ឡើង​ដល់​វគ្គ​៨​ក្រុម​ក្រោយ​ទម្លាក់​ក្រុម​អេ​ស្ប៉ា​ញ​ដោយ​បាល់​ប៉េ​ណា​ល់​ទី ។

សម្រាប់​រុ​ស្ស៊ី នេះ​ជា​លើក​ទី​១​ហើយ​ដែល​បាន​ឡើង​មក​ដល់​វគ្គ​នេះ​ក្រោយ​ពី​អាក់ខាន​អស់​រយៈពេល​៣២​ឆ្នាំ​។ ម្ល៉ោះ​ហើយ​បានជា​សារព័ត៌មាន​លោក​ខាងលិចមួយ​ចំនួន​ដែល​ជា​ទូទៅ​តែង​ចុះ​ផ្សាយ​ថា ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី​មិន​ខ្មេះ​ទេ​នោះ បែរជា​នាំ​គ្នា​លេប​សំដី​របស់​ខ្លួន​ជំនួស​វិញ​ដោយ​ពាក្យ​សរសើរ និង​សូមទោស​រុ​ស្ស៊ី​ឡើង​ញាប់​មាត់ ។

ចំណុច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទី​២

ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ ដែល​ជា​ម្ចាស់​ជើងឯក World Cup 2014 នៅ​ប្រេ​ស៊ី​ល ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​តារាង​របស់ ​FIFA ​ស្រាប់តែ​លេង​ចាញ់​ក្រុម​ជម្រើសជាតិ​មុិ​ក​ស៊ិ​ក ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១៥​ដោយ​លទ្ធផល​ ០-១ ។ ដោយសារ​ជ័យជម្នះ​នេះ ធ្វើ​ឱ្យ​សង្កាត់​កណ្តាល​ក្រុង​ម៉ូ​ស្គូ ត្រូវ​ពួក​អ្នកគាំទ្រ​មុិ​ក​ស៊ិ​ករាប់​ពាន់​នាក់​ច្រៀង​ផង រាំ​ឡក​លោតកញ្ឆេង​ផងសឹង​រញ្ជួយ​ដី​អស់​ពេញ​មួយ​យប់ ​។

ចំណុច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទី​៣

ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៥​ក្នុង​តារាង​របស់ FIFA ទទួល​បាន​លទ្ធផល​ស្មើ​ ១-១​ជាមួយ​ក្រុម​ជម្រើសជាតិ​អុី​ស្លង់​ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​២២ ​។
សម្រាប់​អា​ហ្ស​ង់​ទី​ន គឺជា​លើក​ទី​១​បើ​គិត​ពី​ឆ្នាំ​១៩៩០​មក​ដែល​ខ្លួន​មិន​បាន​ទទួល​ជ័យជម្នះ​ពេល​ទាត់​ក្នុង​ពូ​ល​របស់​ខ្លួន ។ ចំណែក​អុី​ស្លង់ ដែល​មាន​ប្រជាជន​តែ​៣​សែន​នាក់​នោះ ការ​រកបាន​គ្រាប់​បាល់​ស្មើនឹង​អា​ហ្ស​ង់​ទី​ន គឺ​ប្រៀប​បាន​ជ័យជម្នះ​បាត់​ទៅ​ហើយ​ ។

ចំណុច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទី​៤

ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​តារាង​របស់ FIFA ក៏​ទទួល​បាន​លទ្ធផល​ស្មើ​ ១-១ ​ជាមួយ​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៦ ។ សម្រាប់​ប្រេ​ស៊ី​ល នេះ​ជា​លើក​ទី​១ បើ​គិត​ក្នុង​រយៈពេល​៤០​ឆ្នាំ​ចុង​ក្រោយ​ដែល​មិន​ទទួល​បាន​ជ័យជម្នះ​ពេល​ទាត់​ក្នុង​ពូ​ល​របស់​ខ្លួន​។

ចំណុច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទី​៥

ក្រុម​ជម្រើសជាតិ​ជប៉ុន ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៦១​ក្នុង​តារាង​របស់ ​FIFA បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី​ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​១៦ ដោយ​លទ្ធផល​ ២-១​ ។​ នេះ​គឺជា​លើក​ទី​១​ដែល​ក្រុម​ជម្រើសជាតិ​មក​ពី​អាស៊ី​នេះ បាន​ទទួល​ជ័យជម្នះ​លើ​ក្រុម​ជម្រើសជាតិ​មក​ពី​អា​មេ​រិ​កឡា​ទី​ន ។

ជ័យជម្នះ​នេះ ប្រហែល​បាន​មក​ដោយសារ​វត្តមាន​លើកទឹកចិត្ត នៃ​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ជប៉ុន​ Hisako Takamado​ ដែល​រយៈពេល​២០​ឆ្នាំ​មក​ហើយ​តែង​បង្ហាញ​វត្តមាន​លើកទឹកចិត្ត​ក្រុមបាល់ទាត់​ជប៉ុន​ក្នុង​ការ​ប្រកួត World Cup ​។ ​ហើយ​នេះ​ក៏​ជា​លើក​ទី​១​ផង​ដែរ​ដែល​មាន​តំណាង រាជ​វង្សា​នុ​ង្ស​នៃ​អធិរាជ​ជប៉ុន យាង​មក​ទស្សនា​ប្រទេស​រុ​ស្ស៊ី បើ​គិត​ក្នុង​រយៈពេល​១០០ ឆ្នាំ​ចុង​ក្រោយ ។

ចំណុច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទី​៦

អ្នកគាំទ្រ​ជនជាតិ​ជប៉ុន ក្រោយ​ពី​ចប់​ការ​ប្រកួត​មួយ​លើក​ៗ​របស់​ក្រុម​ជម្រើសជាតិ​ខ្លួន​តែង​នាំ​គ្នា​ដើរ​ប្រមូល​សំរាម​ដែល​រាយ​ប៉ាយ​នៅ​តាម​កន្លែង​អង្គុយ​របស់​ទស្សនិកជន​ដាក់​ថង់​ប្លា​ស្ទីក ដែល​តាម​ការ​អធិប្បាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស BBC គឺជា​ទម្លាប់​មាន​ជាប់​ជា​ហូរហែ​យូរ​មក​ហើយ​របស់​ជនជាតិ​ជប៉ុន​ក្នុង​ការ​ចូលរួម​សម្អាត​បរិស្ថាន ។ ពួក​អ្នកគាំទ្រ​ជនជាតិ​សេ​ណេ​ហ្គា​ល់ ដែល​ក្រុម​ជម្រើសជាតិ​គេ​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ប៉ូ​ឡូញ​ក៏​បាន​ដើរ​ប្រមូល​សំរាម​បែប​នេះ​ដែរ​ក្រោយ​ពី​ចប់​ការ​ប្រកួត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ