ខេត្តកំពង់ឆ្នាំង ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្ត កំព ង់ឆ្នាំង បន្ទាប់ពីរូបគេបានធ្វើពុតជាខាំអណ្តាតប្រុងសម្លាប់ក្នុងបន្ទប់ឃុំឃាំងបណ្តោះអាសន្ន នៅក្នុងស្នងការនគរបាលខេត្តកំពង់ឆ្នាំង កាលពីម៉ោង១០ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនតាមការប្តឹងរបស់ស្ត្រីម្នាក់ថា ជនសង្ស័យបានចាប់រំលោភនាង កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅអាស្រមភ្នំយោង ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា បុរសជាជនសង្ស័យខាងលើនេះឈ្មោះ ហាក់ មាន អាយុ៥៨ឆ្នាំ ជាមុខសញ្ញាចោរលួច ទើបតែចេញពីពន្ធនាគារ២ទៅ៣ខែមុននេះ និងធ្លាប់ជាប់ ពន្ធនាគារ៣ដងរួចមកហើយ រូបគេពុំមានទីលំនៅពិតប្រាកដទេ ស្នាក់នៅតាមចិញ្ចើមផ្លូវ នៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ ប្រភពដដែលបានបន្តថា កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ មានស្ត្រីម្នាក់អាយុ៤២ឆ្នាំ នៅក្នុងភូមិទី៦ សង្កាត់ខ្សាម បានមកប្តឹងសមត្ថកិច្ចថា ជនសង្ស័យខាងលើនេះ គឺជាមនុស្សធ្លាប់ស្គាល់ក្រោយពីផឹកស្រាជាមួយគ្នា បានបបួលជិះម៉ូតូថា ទៅយកលុយពីកូន ចាំនៅទួលក្រាំងមកចាយ។ ពេលនោះស្រីរងគ្រោះអាងតែស្គាល់គ្នាក៏ឡើង លើម៉ូតូរបស់ជនសង្ស័យជិះចេញទៅ តែមិនទៅទួលក្រាំងទេបែរជាជិះទៅអាស្រមភ្នំយោងវិញ ពេលនោះស្ត្រីរងគ្រោះសួរថា ម៉េចក៏មកភ្នំយោងវិញចឹង បុរសនោះប្រាប់ថាមកបត់ជើងសិន។
លុះដល់គេឈប់នៅគុម្ពោតព្រៃមួយ ស្ត្រីរងគ្រោះក៏ចុះប្រុងរត់ចេញដែរ តែត្រូវបុរសនោះចាប់រំលោភបានសម្រេចតែម្តង។ បន្ទាប់មកបុរសនោះបានឡើងជិះម៉ូតូទៅចោល នាងបាត់ ហើយនាងក៏បានដើរមកផ្ទះវិញ ប្រាប់បងប្អូន និងទៅប្តឹងសមត្ថកិច្ចតែម្តង។ លុះព្រឹកឡើងសមត្ថ្កកិច្ចក៏បានតាមចាប់ខ្លួនជនសង្ស័យមកសាកសួរចម្លើយ នៅក្នុងអធិ ការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង តែជនសង្ស័យមិនបានឆ្លើយសារភាពទេ ដោយប្រកែកថា ស្ត្រីរូបនោះបានសុំលុយកាត់៥ពាន់រៀល ពេលគាត់មិនឲ្យក៏ប្តឹងថាគាត់ចាប់រំលោភទៅ។
ក្រោយពីការសាកសួរចម្លើយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី សមត្ថកិច្ចក៏បានយកជនសង្ស័យទៅឃុំខ្លួនបណ្តោះអាសន្ន ស្រាប់តែជនសង្ស័យដែលធ្លាប់មានល្បិចច្រើ ន បានខាំអញ្ចាញធ្មេញរបស់ខ្លួនចេញឈាមពេញបន្ទប់ឃុំខ្លួន ពេលឃើញដូច្នេះ សមត្ថកិច្ចគិតថាប្រហែលជាគេខាំអណ្តាតសម្លាប់ខ្លួន ក៏បានបញ្ជូនខ្លួនជនសង្ស័យមកកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះតែគ្រូពេទ្យថា ជនសង្ស័យនៅមានសុខភាពធម្មតាមិនមានបញ្ហាអ្វីឡើយ។ បច្ចប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ