ប្រពន្ធ​បីកូន​ខ្ចី និង​ដឹក​ដៃ​កូនស្រី​តូច​ម្នាក់​ទៀត​​អង្គុយ​យំ​យ៉ាង​សង្វេគ​មុខ​ប៉ុស្តិ៍​នគរបាល


រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បីកូន​ខ្ចី​ទើបតែ​មាន​អាយុ​២​ខែ​ម្នាក់ និង​មាន​ដឹក​ដៃ​កូនស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​ទៀត បាន​មក​អង្គុយ​សម្រក់​ទឹកភ្នែក​យ៉ាង​សង្វេគ​ជាទី​បំផុត​នៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ក្រោយ​ពី​ប្តី​របស់​គាត់​បាន​ធ្វើ​សកម្មភាព​លួច​ខ្សែភ្លើង​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​កោះ​ពេ​ជ្រេ​នោះ ។ ​ហេតុ
ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ ២០១៨ នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ផ្លូវ​ព្រះ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

 តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ឈ្មោះ ម៉​ន សា​រ៉ា​ន អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​នៅ​ក្នុង​កោះ​ពេជ្រ និង​មានស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។

មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក បុរស​ជា​ជនសង្ស័យ​ខាងលើ​បាន​ស្ពាយ​បាវ​ស៊ីម៉ង់​តិ៍​មួយ​ក្នុង​បំណង​យក​ចេញពី​ក្នុង​កោះ​ពេជ្រ​មក​ខាងក្រៅ ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ដោយ​មានការ​សង្ស័យ កម្លាំង​សន្តិសុខ​ក៏​បាន​ហៅ​មក​សួរ​រ​នាំ និង​ឆែក​រក​ឃើញ​សុទ្ធតែ​ជា​កំណាត់​ខ្សែភ្លើង​លាក់​ទុក​នៅ​ខាងក្នុង​បាវ​ស៊ីម៉ង់​តិ៍​មួយ​នោះ ហើយ​ក៏​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។ រហូត​ដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ក្នុង​ថ្ងៃ​ដែល ទើប​កម្លាំង​សន្តិសុខ​កោះ​ពេជ្រ​នាំ​ខ្លួន​បុរស​ជា​ជនសង្ស័យ រួម​ទាំង​កំណាត់​ខ្សែភ្លើង​មួយ​បាវ​ស៊ីម៉ង់ត៍​នោះ​យក​មក​ប្រគល់​អោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ចាត់ការ​តាម​ច្បាប់​ជា​បន្ត​។

តាម​ប្រភព​បាន​បន្ត​ថា ក្នុង​ពេល​ដែល​បុរស​ជា​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​ដល់​នគរបាល​ប៉ុស្តិ៍​ទន្លេបា
សាក់​រួច​ហើយ គេ​ក៏​បានឃើញ​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​បាន​បីកូន​ប្រុស​ទើបតែ​មាន​អាយុ ២​ខែ​ម្នាក់ និង​ដឹក​ដៃ​កូនស្រី​អាយុ​៤​ឆ្នាំ​ម្នាក់​ទៀត​មក​ដល់​ប៉ុស្តិ៍ ហើយ​ក៏​បាន​សម្រក់​ទឹកភ្នែក​យ៉ាង​កំសត់​ផង​ដែរ​នៅ​ពេល​ដែល​បានឃើញ​ប្តី​របស់​ខ្លួន​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះដៃ​ជាប់​នោះ​។

ស្ត្រី​ជា​ប្រពន្ធ​បាន​យំ​រៀបរាប់​ប្រាប់​ថា រូប​គាត់​មិន​នឹក​ស្មានថា​ប្តី​របស់​គាត់​ធ្វើ​បែប​នេះ​ឡើយ និង​ស្ទើ​តែ​មិន​ជឿ​ឡើយ ព្រោះ​កន្លង​មក​ប្តី​របស់​គាត់​មក​ធ្វើការ​មិន​ដែល​ចេះ​លួច​របស់​គេ​ឡើយ ហើយ​សូ​ម្បី​តែ​ស្រា​ក៏​មិន​ចេះ​ផឹក​ផង​។ កាលពី​ពេល​កន្លង​មក ប្តី​របស់​គាត់​មិន​ធ្លាប់​មក​ធ្វើការ​នៅ​ទី​នេះ​ទេ និង​ធ្វើការ​នៅ​កន្លែង​ផ្សេង ហើយ​មក​ធ្វើការ​នៅ​កោះ​ពេជ្រ​នេះ​ទើបតែ​បាន​រយៈពេល​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ​ក៏​កើត​មានរឿង​បែប​នេះ​តែ​ម្តង​។

នាង​ក៏​បាន​រៀបរាប់​ប្រាប់​ទាំង​ទឹកភ្នែក​បន្ត​ទៀត​ថា នាង​មានកូន​ចំនួន​២​នាក់ ដោយ​កូនស្រី​បង​មាន​អាយុ​៤​ឆ្នាំ និង​កូនប្រុស​ប្អូន​ទើបតែ​មាន​អាយុ​២​ខែ​ប៉ុណ្ណោះ​។ កាលពី​ពេល​កន្លង​មក ប្តីរបស់​នាង​តែងតែ​ដើរ​ធ្វើ​ជា​ជាងសំណង់​ជា​ប្រចាំ ដោយ​មួយ​ថ្ងៃ​បាន​ប្រាក់​ចំនួន​ពី​៤​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល ដើម្បី​យក​ទៅ​ចិញ្ចឹម​គ្រួសារ តែ​ពេល​នេះ​បើ​ប្តី​របស់​គាត់​ត្រូវ​បាន​គេ​ចាប់ខ្លួន តើ​មាន​អ្នក​ណា​ចិញ្ចឹម​ពួក​គាត់ ហើយ​ណាមួយ​ឪពុក​បង្កើត​របស់​ប្តី​គាត់​ក៏​កំពុង​តែ​មាន​ជម្ងឺ​ឈឺ​ធ្ងន់​ផង​ដែរ​នោះ​។

បើ​ទោះបី​ស្ត្រី​ជា​ប្រពន្ធ​បីកូន​ខ្ចី​ម្នាក់ និង​ដឹក​ដៃ​កូនស្រី​តូច​ម្នាក់​មក​អង្គុយ​សម្រក់​ទឹកភ្នែក​យំ​យ៉ាង​សង្វេគ​បំផុត ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​កម្លាំង​មាន​សមត្ថកិច្ច​មិន​អាច​ធ្វើការ​ដោះ​លែង​ប្តី​របស់​នាង​វិញ​ឡើយ ហើយ​ក៏​បាន​ធ្វើ​កំណត់ហេតុ និង​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ