ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​លក់​អាហារ​ឆ្ងាញ់​តម្លៃ​សមរម្យ​នៅ​ទីក្រុង​បាងកក

5 ឆ្នាំ មុន

បាងកក ៖ ជាមួយនឹង​កម្រិតជីវភាព​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ប្រជាពលរដ្ឋ​កម្ពុជា បាន​ធ្វើ​​ដំណើរ​កំសាន្ត​ទៅ​ក្រៅប្រទេស​កាន់តែ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជាមួយ​គ្នា​នោះ​ផង​ដែរ សម្រាប់​បងប្អូន​ដែល​ចេញ​ទៅ​ក្រៅប្រទេស​គឺ​ក្នុង​គោលដៅ​ចម្បង​ពីរ គឺ​ទៅ​កំសាន្ត​​តំបន់​ទេសចរ​ល្បី​ៗ​ផង និង​ឆ្លៀតឱកាស​ត្រួតពិនិត្យ​សុខភាព​ផង​។ ប្រាកដ​ណាស់​ការ​បរិភោគ…

បាងកក ៖ ជាមួយនឹង​កម្រិតជីវភាព​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន ប្រជាពលរដ្ឋ​កម្ពុជា បាន​ធ្វើ​​ដំណើរ​កំសាន្ត​ទៅ​ក្រៅប្រទេស​កាន់តែ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជាមួយ​គ្នា​នោះ​ផង​ដែរ សម្រាប់​បងប្អូន​ដែល​ចេញ​ទៅ​ក្រៅប្រទេស​គឺ​ក្នុង​គោលដៅ​ចម្បង​ពីរ គឺ​ទៅ​កំសាន្ត​​តំបន់​ទេសចរ​ល្បី​ៗ​ផង និង​ឆ្លៀតឱកាស​ត្រួតពិនិត្យ​សុខភាព​ផង​។

ប្រាកដ​ណាស់​ការ​បរិភោគ និង​ស្វែងរក​អាហារ​តាម​ដងផ្លូវ​នៅ​ទីក្រុង​បាងកក​បាន​និង​កំពុង​ទទួល​ការ​ពេញ​និយម​ខ្លាំង​ឡើង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ព្រោះ​តម្លៃ​ធូរ​ថ្លៃ អាហារ​មាន​រសជាតិ​ឆ្ងាញ និង​មាន​អនាម័យ​ផង​ដែរ ដូច្នេះ​ទីក្រុង​បាងកក គឺជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ល្អ​បំផុត​ក្នុង​ពិភពលោក​សម្រាប់​ការ​ញុំ​ម្ហូបអាហារ​គ្រប់​ប្រភេទ​។

លោកស្រី ស្រី​ផុ​ន ផេ​កា​ណា​ន់​ដា​ណា (Sripon Bhekanandana) អនុប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក​នៃ​អាជ្ញាធរ​ទេសចរណ៍​ថៃ (Tourism Authority of Thailand) បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​ថៃ ក្រៅពី​តំបន់​ទេសចរណ៍​ល្បី​ៗ​នៅ​ក្រុង​បាងកក និង​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត គឺ​អាហារ​ថៃ​ក៏​កំពុង​ល្បីល្បាញ និង​ទទួល​បានការ​ពេញ​និយម​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​បរទេស​គ្រប់​ជាតិ​សាសន៍​ដែល​អញ្ជើញ​ទៅ​កំសាន្ត និង​ទេសចរ​សុខភាព​នៅ​ប្រទេស​ថៃ ។

ស្រី​ផុ​ន ផេ​កា​ណា​ន់​ដា​ណា មាន​ប្រសាសន៍​ថា​៖ «​នៅ​បាងកក​ពិត​មាន​ទីកន្លែង​ជា​ច្រើន​ទៀត​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​កំសាន្ត​រីករាយ​ជាមួយនឹង​ការ​ទិញ​ឥ​វ៉ា​ន់ និង​អ្វី​ដែល​ពេញ​និយម​បំផុត​គឺ​អាហារ​តាម​ដងផ្លូវ (Street foods)»​។

ដើម្បី​ឲ្យ​ដំណើរ​កំសាន្ត​សុខភាព​របស់​លោក​អ្នក កាន់តែ​ល្អ​ប្រសើរ និង​បាន​ស្គាល់​នូវ​រសជាតិ​ម្ហូប​ប្លែក កោះសន្តិភាព​សូម​លើកយក​នូវ​ទីតាំង​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​កំសាន្ត និង​ទទួលទាន​អាហារ ៖

១- ឆាយ​ណា​ថោ​ន (ChinaTown Bangkok) ៖ ឆាយ​ណា​ថោ​ន​នៅ​ទីក្រុង​បាងកក គឺជា​កន្លែង​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដ៏​ពេញ​និយម និង​ជា​កន្លែង​ដែល​លោក​អ្នក​រីករាយ​ជាមួយនឹង​ចំណីអាហារ​គ្រប់​ប្រភេទ ។ ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​អាច​ធ្វើ​ដំណើរ​តាម​ឡានក្រុង​សាធារណៈ ឬ​តាម​រទេះភ្លើង ឬ​ក៏​តាម​រយៈ​តុ​តុ មក​កាន់​ទី​នេះ​បន្ទាប់​ពី​ថ្ងៃ​លិច ដើម្បី​ភ្លក់​នូវ​រសជាតិ​អាហារ​តាម​ដងផ្លូវ​។

តាម​ប្រសាសន៍​តម្រួត​ប្រចាំ​នៅ​តំបន់ Chinatown Bangkok បាន​ឲ្យ​ដឹង​ថា អាជីវករ​លក់​តាម​ដងផ្លូវ​ក្នុង​ប្លុក​ទេសចរ Chinatown គឺ​អនុញ្ញាតិ​ឲ្យ​បើក​លក់​ទទួលភ្ញៀវ​ចាប់ពី​ម៉ោង ៦ ល្ងាច​តទៅ ហើយ​រាល់​អាជីវករ​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​តាម​រទេះ គឺ​តម្រូវ​ឲ្យ​ពាក់មួក និង​អាវ​អនាម័យ​សម្រាប់​ចម្អិន​អាហារ និង​បម្រើសេវា​កម្ម​ដល់​ភ្ញៀវ​ទេសចរ ។ អាហារ​ដែល​ល្បី​នៅ Chinatown គឺ​៖

ហាង​គួ​យ​ចាប់ (Kuay Jab Uan Pochana) ៖ ហាង​មួយ​នេះ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ជា​ហាង​គួ​យ​ចាប់ (​របៀប​គុយទាវ​កាត់​ខ្មែរ​) ជា​ហាង​ដែល​ទទួល​ការ​ពេញ​និយម​បំផុត​មួយ ដោយសារ​តែ​ការ​រក្សា​បាន​នូវ​រសជាតិ​ដើម​។

ហាង​លក់​ទា​ខ្វៃ ៖ ហាង​លក់​ទា​ខ្វៃ​នៅ​មួយ​កន្លែង​នៅ Chinatown គឺ​ល្បីល្បាញ​ខ្លាំង​ដោយសារ​រសជាតិ​ពិសេស​។

ហាង​លក់​គ្រឿង​សមុទ្រ Jumbo Lobster ៖ លោក ឆៃ ចា​ឡឺម រ៉ាត់​ចា​រា​ផ​ន ម្ចាស់​ហាង Jumbo Lobster អះអាង​ថា ហាង​របស់​លោក​គឺ​មាន​បង្កង​យក្ស​ដែល​ពេញ​និយម​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ ព្រោះ​បង្កង​ទាំងនោះ​ត្រូវ​បាន​នាំ​ចូល​ពី​ភូ​កេ​ត ហើយ​ក្នុង​មួយ​ថ្ងៃ​លោក​លក់​បង្កង​យក្ស​នេះ​ដាច់​បាន​ចន្លោះ​ពី ២០ ទៅ ៣០​ក្បាល​ក្នុង​មួយ​ថ្ងៃ ។

នំ​បុ័ង​អាំង ៖ នៅ​ពេល​លោក​អញ្ជើញ​ទៅ​ដល់ Chinatown លោក​អ្នក​នឹង​បានឃើញ​ក្រុម​អ្នកទេសចរ​បរទេស​ឈរ​តម្រង់​ជួរ​ណែនណាន់តាន់តាប់​ច្រើន​ជាង​បណ្តា​ហាង​តាម​ដងផ្លូវ​ផ្សេង​ៗ​ទៀត ដើម្បី​ទិញ​នំ​បុ័ង​អាំង​លាប​ប៊ើ​នៅ​ទី​នះ​។

២- ហាង​តាម​ផ្លូវ​សុខុម​វីត​តាម​ផ្លូវ​តូច​លេខ ៣៨ ៖ ហាង​អាហារ​តាម​ដងផ្លូវ គឺ​មាន​ច្រើន​នៅ​ទី​នេះ ។ លោក​អ្នក​អាច​អង្គុយ​តាម​តុ​ដែល​អ្នកលក់​បាន​រៀបចំ​លើ​ដងផ្លូវ​មួយ​នេះ ហើយ​អ្វី​ដែល​ពិសេស នោះ​គឺ​មាន ជម្រើស​ច្រើន​ដើម្បី​អង្គុយ​ចុះ​នៅ​ហាង​ណាមួយ​តាម​បណ្តោយ​ផ្លូវ​លេខ 38 ។ អាហារ​តាម​ផ្លូវ​នៅ​លើ​ផ្លូវ 38 ត្រូវ​បាន​គេ​ពេញ​និយម​ទាំង​ភ្ញៀវ​ទេសចរ​បរទេស​ក៏​ដូច​ជា​អ្នកស្រុក​រស់នៅ​ទីក្រុង​បាងកក​ផង​ដែរ ។

៣ – ផ្សារ​រាត្រី Rod Fai Train Night Market ៖ ទៅ​លេង​បាងកក កុំ​ភ្លេច​ឲ្យ សោះ​ផ្សារ​រាត្រី​មួយ​នេះ ព្រោះ​វា​ពោរពេញ​ទៅ​ដោយ​ប្រភេទ​អាហារ​ជា​ច្រើន និង​ឥ​វ៉ា​ន់​ជា​ច្រើន​ប្រភេទ ដែល លោក​អ្នក​អាច​ទិញ​ជាមួយ​តំលៃ​ថោក​។ អ្វី​ដែល​ល្អ​បំផុត គឺ​ទៅ​លេង​ផ្សារ​រាត្រី​នេះ​ជា​ពេល​ចុង​ស​ប្តា​ហ៍ គឺ​អ៊ូអរ​ខ្លាំង​ណាស់ ។ ផ្សារ​រាត្រី Rot Fai ជា​ផ្សារ​លក់ដូរ​ដ៏​ល្អ​បំផុត​មួយ​នៅ​ទីក្រុង​បាងកក​ដែល​មាន​ទីតាំង ស្ថិត​នៅ​លើ​ផ្លូវ Srinakarin តាម​ផ្លូវ​តូច​លេខ 51 នៅ​ពីក្រោយ Seacon Square Shopping Mall ដែល​មាន​ចំងាយ ប្រហែល 18 គីឡូម៉ែត្រ​ពី​ប្រា​តា​នុម​។ នៅ​ទី​នេះ លោក​អ្នក​អាច​ភ្លក​រសជាតិ​អាហារ​គ្រប់​ប្រភេទ ជា​ពិសេស​អាហារ​រសជាតិ​ដើម​របស់​ថៃ​តែ​ម្តង​។

៤- Asiatique ៖ ទៅ​ដើរ​លេង​កំសាន្ត ឬ​ក៏​ទេសចរណ៍​សុខភាព អ្នក​មិន​គួរ​មើល​រំលង Asiatique នោះ​ទេ ។ Asiatique មាត់ទន្លេ (Asiatique Riverfront) គឺជា​ផ្សារ​ដ៏​ធំ និង​ពេញ​និយម​មួយ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។ ស្ថិត​នៅ​នឹង​ទន្លេ​ឆាវ​ប្រា​យ៉ា Asiatique The Riverfront គឺជា​ទីផ្សារ​រាត្រី​មួយ​ដែល​ផ្តល់​ឱ្យ​អ្នក​នូវ​បទ​ពិសោធន៍​នៃ​ការ​ដើរ​ទិញ​ឥ​វ៉ា​ន់​នៅ​ផ្សារ​ទំនើប និង​ផ្សារ​រាត្រី​មួយ ភ្លក់​រសជាតិ​អាហារ​ចម្រុះ និង​ជា​កន្លែង​ដែ​លោក​អ្នក​អាច​រីករាយ​នឹង​ខ្យល់អាកាស​បរិសុទ្ធ និង​ជា​កន្លែង​កំសាន្ត​ជិះ​កន្ត្រក​យក្ស​ផង​ដែរ ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ