ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ និង​ក្រុមហ៊ុន​​​មួយ​ចំនួន​កំពុង​សម្លា.ប់​ទីផ្សារ និង​កសិករ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដំឡូង​មី​ឆ្នាំ​នេះ​កំពុង​មាន​ទីផ្សារ និង​តម្លៃ​ល្អ​ប្រសើរ​បន្ដិច​នោះ បែរជា​មាន​ឈ្មួញ និង​ក្រុមហ៊ុន​ខិលខូច​មួយ​ចំនួន​តូច​កំពុង​រកស៊ី​ទុច្ចរិត ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ទី​ផ្សារ​ដំឡូង​មី​របស់​កម្ពុជា​ទាំងមូល និង​កំពុង​សម្លាប់​កសិករ​ដែល​កំពុង​ដាំ​ដុះ​ដំណាំ​សក្ដានុពល​មួយ​នេះ ។ តាម​ប្រសាសន៍​របស់​អភិបាលខេត្ត​កំពង់ចាម…

ខេត្តកំពង់ចាម ៖ ស្រប​ពេល​ដំឡូង​មី​ឆ្នាំ​នេះ​កំពុង​មាន​ទីផ្សារ និង​តម្លៃ​ល្អ​ប្រសើរ​បន្ដិច​នោះ បែរជា​មាន​ឈ្មួញ និង​ក្រុមហ៊ុន​ខិលខូច​មួយ​ចំនួន​តូច​កំពុង​រកស៊ី​ទុច្ចរិត ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ទី​ផ្សារ​ដំឡូង​មី​របស់​កម្ពុជា​ទាំងមូល និង​កំពុង​សម្លាប់​កសិករ​ដែល​កំពុង​ដាំ​ដុះ​ដំណាំ​សក្ដានុពល​មួយ​នេះ ។

តាម​ប្រសាសន៍​របស់​អភិបាលខេត្ត​កំពង់ចាម បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ មាន​ឈ្មួញ​​ពីរ​បី​នាក់ និង​ក្រុមហ៊ុន​មួយ​ឬ​ពីរ ព្រោះតែ​ចង់​ចំណេញ​ច្រើន បែរជា​យក​ដុំ​ថ្ម​បង្កប់​ដាក់​ក្នុង​ដំឡូង​មី យក​ទៅ​លក់​នៅ​លើ​ទីផ្សារ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ជិតខាង ។ ការ​រកស៊ី​ទុច្ចរិត​បែប​នេះ បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​យ៉ាងធ្ងន់ធ្ងរ ដល់​ប្រជា​កសិករ​ដែល​នឹង​ត្រូវ​ប្រឈម​វិបត្តិ​គ្មាន​ទីផ្សារ ។

លោក គួ​ច ចំរើន អភិបាលខេត្ត បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ពិធី​ផ្សារណាត់​បន្លែ​សុវត្ថិ​ភាព និង​ផលិតផល​សុវត្ថិភាព នៃ​គម្រោង​ជំរុញ​ផលិតផល​ស្បៀង កាលពី​ថ្ងៃ​ទី​៤ កក្កដា កន្លង​ទៅ ដែល​មា​នទី​តាំងនៅ​ខាងក្រោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ។

លោក​អភិបាលខេត្ត​បន្ដ​ថា ៖« ស្រប​ពេល​ទីផ្សារ​ដំឡូង​មី​បាន​ថ្លៃ​បន្តិច និង​កំពុង​តែ​ធ្វើ​ឲ្យ​បងប្អូន​កសិករ​ដាំ​ដុះ​ដំឡូង​មី​សប្បាយ​រីករាយ​នោះ បែរជា​មាន​ក្រុម​ឈ្មួញ​ខិលខូច​ប៉ុន្មាន​នាក់​មានគំនិត​ទុច្ចរិត​បាន​យក​ដុំ​ថ្ម​ទៅ​ដាក់​លាយ​ក្នុង​ចំណិត​ដំឡូង រួច​ដឹក​តាម​រថយន្ត​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្ត និង​បាន​កើត​ឡើងជា​ញឹកញាប់ » ។

លោក​អភិបាលខេត្ត​បន្ថែម​ថា ៖« ទ​ង្វើ​រកស៊ី​មិន​ស្មោះត្រង់​បែប​នេះ នៅ​ពេល​ដៃគូ​វិនិ​យោគ​​គេ​បានដឹង​នោះ ថ្ងៃក្រោយ គេ​នឹង​លែង​ទិញ​ពី​យើង ។ ដល់​ពេល​នោះ សួរ​ថា​តើ​ផល​លំបាក​នឹង​ធ្លាក់​ទៅ​លើ​អ្នក​ណា គឺ​មាន​តែ​បងប្អូន​កសិករ​ខ្មែរ​យើង​ទេ ដែល​ពួក​គាត់​បាន​ខិតខំ​ដាំ​ដុះ​ទាំង​លំបាក បែរជា​មាន​ឈ្មួញ និង​ក្រុមហ៊ុន​បែប​នេះ មក​សម្លាប់​ពួក​គាត់​ទៅ​វិញ » ។

លោក​អភិបាលខេត្ត​បញ្ជាក់​ថា ៖« កន្លង​មក ឈ្មួញ​ដែល​ប្រព្រឹត្ត​ទ​ង្វើ​អាក្រក់​ទាំងនោះ ធ្លាប់​​បាន​ហៅ​មក​ធ្វើការ​អប់រំ​ណែនាំ និង​បាន​ធ្វើ​កិច្ចសន្យា​ដែរ ព្រោះ​យើង​មិន​ចង់​ឲ្យ​ពួក​គាត់​ប៉ុន្មាន​នាក់​នោះ​សម្លាប់​ទីផ្សារ និង​កសិករ​ដាំដំឡូង​មី​របស់​យើង » ។

លោក​អភិបាលខេត្ត​សង្កត់ធ្ងន់​ថា ៖« នៅ​អាណត្តិ​ក្រោយ​នេះ ខ្ញុំ​សូម​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ជាមួយ​ក្រុម​ឈ្មួញ​ណា​ដែល​​រកស៊ី​ខូច ដាក់​បង្កប់​ដុំ​ថ្ម​ជាមួយនឹង​ដំឡូង​មីនោះ ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​កសិ​ករ ក៏​ដូច​ជាទី​ផ្សារ​ដំឡូង​មី​របស់​កម្ពុជា​ទាំងមូល » ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ថា ដោយសារ​តែ​កម្ពុជា​ពុំ​ទាន់​មានច្បាប់​ភូតគាម​អនាម័យ ដូច្នេះ​ហើយ​បានជា​ឈ្មួញ​ខិលខូច​មួយ​ចំនួន​មានឱកាស​រកស៊ី​ទុច្ចរិត​បែប​នេះ ។

លោក​រដ្ឋមន្ត្រី​បន្ដ​ថា ៖« រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួងកសិកម្ម ជា​សេនាធិការ​បាន​ខិតខំ​ប្រមូលផ្តុំ និង​ប្រើប្រាស់​ធនធាន​សក្តានុពល​ដែល​មាន​ស្រាប់ ព្រមទាំង​កៀរគរ​ជំនួយ​បន្ថែម​ទៀត សំដៅ​លើកកម្ពស់​ផលិតភាព​កសិកម្ម ដើម្បី​ឆ្លើយ​តប​ទៅ​តាម​តម្រូវការ​ទីផ្សារ ទាំង​បរិមាណ គុណភាព សុវត្ថិភាព និង​ស្តង់ដា » ។

គួរ​រំឭក​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ នៅ​ខេត្ត​ត្បូងឃ្មុំ ក៏​មាន​ឈ្មួញ​ប្រើ​រូបភាព​បែប​នេះ​សម្លាប់​ទីផ្សារ​ផ្កាចំប៉ី​ម្ដង​ដែរ ដែល​ធ្វើ​ឲ្យ​អ្នក​នាំ​ចូល​រាងចាល​លែង​បញ្ជា​ទិញ​ផ្កាចំប៉ី​ពី​កម្ពុជា ហើយ​ទីផ្សារ​នេះ​ក៏​ងើប​មិន​រួច​រហូត​ដល់​សព្វថ្ងៃ ។

ដោយឡែក ការ​រៀបចំ​ពិធី​ផ្សារណាត់​បន្លែ​សុវត្ថិភាព និង​ផលិតផល​សុវត្ថិភាព​នេះ​ឡើង ក្នុង​គោលបំណង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​មាន​ចំណាប់អារម្មណ៍​ក្នុង​ទិញ​បន្លែ​ដែល​មានគុណ​ភាព និង​សុវត្ថិភាព យក​ទៅ​បរិភោគ និង​បង្ហាញ​ឲ្យ​អ្នក​ទទួល​ទិញ​ដុំ​យក​ទៅ​លក់​នៅ​ផ្សារ​ដទៃ បាន​ទទួលស្គាល់​ពី​សមត្ថភាព​នៃ​ការ​ផលិត​បន្លែ​ប្រកបដោយ​គុណ​ភាព និង​សុវត្ថិភាព​របស់​កសិករ ក្រោម​គម្រោង​សាកល្បង​លើក​ដំបូង​របស់​រាជ​រដ្ឋា​ភិបាល​សម្រាប់​ការ​ជំរុញ​ផលិតកម្ម​ស្បៀង​ក្នុង​ខេត្ត​គោលដៅ​ចំនួន​១១ ដែល​បាន​បោះទុន​វិនិយោគ​ចំនួន​ប្រមាណ​២០​លាន​ដុល្លារ​អា​មេ​រិ​ក ។

គម្រោង​ខាងលើ​នេះ​មាន​គោលបំណង​លើក​ស្ទួយ​ផលិតផល​កសិកម្ម​ជាតិ និង​កាត់​បន្ថយ​​ការ​នាំ​ចូល ដោយ​ត្រូវ​បង្កើន​ការ​ផលិត​នូវ​ផលិតផល​កសិកម្ម​ប្រកបដោយ​គុណ​ភាព សុវត្ថិភាព និង​បង្កើន​ប្រាក់​ចំណូល​របស់​កសិករ​ខ្នាត​តូច និង​មធ្យម ដែល​កំពុង​មាន​បញ្ហា​ប្រឈម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ