ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ថា ​កម្ពុជា​មាន​កត្តា​6​ចំណុច​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​បាន​ក្លាយជា​គោលដៅ​វិនិយោគ​ដ៏​សំខាន់​មួយ​របស់​វិនិយោគិន​បណ្តាក់ទុន​វិនិយោគ​លើ​គ្រប់​វិស័យ ដែល​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​កំណើន​យ៉ាង​រឹង​មាំ និង​កំពុង​បន្ដ​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។ តើ​អ្វី​ជា​ចំណុចខ្លាំង​របស់​កម្ពុជា ដែល​កំពុង​ផ្ដល់​ទំនុកចិត្ត​ឲ្យ​វិនិយោគិន​ហ៊ាន​បោះទុន​រាប់​ពាន់​លាន​ដុល្លារ​លើ​ទឹកដី​យើង​នេះ ? បើ​តាម​អ្នកជំនាញ​សេដ្ឋកិច្ច​មើលឃើញ​ថា…

រាជធានី​ភ្នំពេញ ៖ រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​បាន​ក្លាយជា​គោលដៅ​វិនិយោគ​ដ៏​សំខាន់​មួយ​របស់​វិនិយោគិន​បណ្តាក់ទុន​វិនិយោគ​លើ​គ្រប់​វិស័យ ដែល​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​កំណើន​យ៉ាង​រឹង​មាំ និង​កំពុង​បន្ដ​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។ តើ​អ្វី​ជា​ចំណុចខ្លាំង​របស់​កម្ពុជា ដែល​កំពុង​ផ្ដល់​ទំនុកចិត្ត​ឲ្យ​វិនិយោគិន​ហ៊ាន​បោះទុន​រាប់​ពាន់​លាន​ដុល្លារ​លើ​ទឹកដី​យើង​នេះ ?

បើ​តាម​អ្នកជំនាញ​សេដ្ឋកិច្ច​មើលឃើញ​ថា បច្ចុប្បន្ន​នេះ ចំណុចខ្លាំង​ដែល​កម្ពុជា​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យមក​បណ្តាក់ទុន​បាន គឺ​មាន​ចំនួន​៦​ចំណុច​សំខាន់​ៗ ។

លោក​បណ្ឌិត គី​ម ហ៊ា​ង ម្ចាស់​អាជីវកម្ម Keller Williams Realty នៅ​កម្ពុជា និង​ជា​ប្រធាន​​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចំណុចខ្លាំង​របស់​កម្ពុជា ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគទុន​មក​បណ្ដាក់ទុន​នោះ​រួម​មាន ៖

១-​កំណើន​សេដ្ឋកិច្ចជាតិ ៖ សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​កំណើន​ជា​មធ្យម​ក្នុង​រង្វង់​៧% ជាង​​២​ទសវត្សរ៍​មក​ហើយ ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ចាក​ផុត​ពី​បន្ទាត់​ក្រីក្រ ។

២-​កត្តា​ប្រជាសាស្ត្រ ៖ ដោយ​ប្រទេស​កម្ពុជា​មាន​ប្រជាជន​ប្រហែល​៦៨% ឬ​ប្រហែល​១១​លាន​នាក់ មាន​វ័យ​ក្រោម​អាយុ​៤០​ឆ្នាំ គឺជា​វ័យ​ដែល​ពេញកម្លាំង​ពលកម្ម ។

៣-​កត្តា​ភូមិសាស្ត្រ ៖ ព្រះរាជាណាចក្រ​កម្ពុជា​ជា​ដែនដី​នៃ​ព្រះ​ដែល​នៅ​ឆ្ងាយ​ពី​គ្រោះ​ធម្មជាតិ​ទាំងឡាយ មាន​ដូច​ជា ខ្យល់ព្យុះ រញ្ជួយ​ផែនដី ប​ន្ទុះ​ភ្នំភ្លើង និង​ទឹកជំនន់​ធ្ងន់ធ្ងរ ជាដើម ។

៤-​កត្តានយោបាយ ៖ ដោយ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ស្ថានភាព​នយោបាយ​រឹង​មាំ និង​ចាស់ទុំ ដែល​បាន​ឆ្លងកាត់​ការ​បោះ​ឆ្នោតជាតិ​អស់​ជា​ច្រើន​អាណត្តិ ធ្វើ​ឲ្យ​វិនិយោគិន​មាន​ទំនុកចិត្ត​ទៅ​លើ​ការ​បោះ​ឆ្នោត​សកល​នៅ​ថ្ងៃ​ទី​២៩ កក្កដា ២០១៨ ខាង​មុខ ។

៥-​កត្តា​សង្គម ៖ ដោយ​ប្រជាជន​កម្ពុជា​ភាគច្រើន​មាន​ភាព​រួសរាយ​រាក់ទាក់ ស្មោះត្រង់ ឱ្យ​តម្លៃ​លើ​ជនជាតិ​បរទេស និង​ចេះ​ជួយ​យកអាសា​គ្នា​ទៅ​វិញ​ទៅ​មក គឺជា​ចំណុច​ទាក់​ទាញ​មួយ​នៃ​អ្នក​វិនិយោគ ។

៦-​កត្តា​ពាក់ព័ន្ធ​ផ្សេង​ៗ ៖ ក្រៅពី​កត្តា​សំខាន់​ៗ​ខាងលើ​នេះ ក៏​មាន​កត្តា​ជា​ច្រើន​ទៀត​ដូច​ជា ភាសាបរទេស លុយ​ដុល្លារ ច្បាប់​អាជីវកម្ម អាកាសធាតុ ការ​បង់ពន្ធ ការ​លំហែ​កម្សាន្ត និង​របៀបរបប​នៃ​ការ​រស់នៅ ជាដើម ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​អ្នកជំនាញ​អចលន​ទ្រព្យ​រូប​នេះ ថែម​ទាំង​បាន​បន្ថែម​នូវ​ចំណុចខ្លាំង​របស់​កម្ពុ​ជាមួយ​ចំនួន​ទៀត​ផង​ដែរ ។

លោក ង៉ែត ជូ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៩ កក្កដា ម្សិលមិញ​ថា ៖« មាន​ចំណុច​មួយ​ចំនួន​ទៀត​ដែល​កម្ពុជា​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​បណ្តាក់ទុន ដូច​ជា ការ​លើក​ទឹកចិត្ត​ដល់​ការ​វិនិយោគ​មួយ​ចំនួន​, ការ​លើកលែង​ពន្ធ​មួយ​ចំនួន​ពី​រាជរដ្ឋាភិបាល ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​ក្រុមហ៊ុន​បរទេស​មាន​សិទ្ធិ​កាន់កាប់​អាជីវកម្ម​១០០% និង​អាច​យក​ប្រាក់​ចំណេញ​១០០% ផ្ទេរ​ទៅ​ស្រុក​របស់​ខ្លួនបាន » ។

លោក​បន្ថែម​ថា ៖« ចំណុច​សំខាន់​មួយ​ចំនួន​ទៀត​នោះ គឺ​ប្រព័ន្ធ​អនុគ្រោះ​ដល់​ការ​វិនិ​យោគ​, កំណើនសេដ្ឋកិច្ច​, កំណើនប្រជាជន ជា​ពិសេស ការ​ពង្រីក​ទីក្រុង​ដ៏​លឿន​ដូច​សព្វ​ថ្ងៃនេះ វា​ជា​កម្លាំង​ច​លករ​ដ៏​ខ្លាំង ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​បណ្តាក់ទុន​នៅ​កម្ពុជា » ។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​ទៅ​នេះ (១៩៩៨-២០១៨) ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា បាន​កើន​ពី​៣.១០៦​លាន​ដុល្លារ ដល់​២៤.៦០៥​លាន​ដុល្លារ​, ផលិត​ផល​​ក្នុងស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​កើន​ពី​២៥៣​ដុល្លារ ដល់​១.៥៦៣​ដុល្លារ​, ប្រាក់​ឈ្នួល​អប្បបរមា​ពី​៤០​ដុល្លារ កើន​ដល់​១៧០​ដុល្លារ​, អតិផរណា​ពី​១៤,៧% ថយ​ចុះ​មក​នៅ​៣,៤%, អត្រា​ភាព​ក្រីក្រ​ពី​៥៣,២% ថយ​ចុះ​មក​នៅ​១៣,៥%, ការ​នាំ​ចេញពី​៨០០​លាន​​ដុល្លារ កើន​ដល់​១២.១២៣​លាន​ដុល្លារ​, ទុនបម្រុង​អន្តរជាតិ​មាន​៣៩០​លាន​ដុល្លារ កើន​ដល់​៩.៤៩៤​លាន​ដុល្លារ​, ប្រាក់​សោធន​និវត្តន៍​អប្បបរមា​ក្នុង​ម្នាក់​មាន​៧​ម៉ឺន​រៀល​ក្នុង​១​ខែ កើន​ដល់​៤៨​ម៉ឺន​រៀល​ក្នុង​១​ខែ​, ចំណូល​ថវិកាជាតិ​សរុប​មាន​ពី​២៤៧​លាន​ដុល្លារ កើន​ដល់​៤.៧៣២​លាន​ដុល្លារ​, ចំនួន​ភ្ញៀវ​ទេសចរ​ពី​២៨៦.៥២៤​នាក់ កើន​ដល់​៦.២៦២.១៦៤​នាក់ និង​អាយុកាល​សង្ឃឹម​រស់​ពី​៥៦,៧​ឆ្នាំ ដល់​៧០,៦​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ