ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចាន់ សម័យ ធ្លាក់ខ្លួន​មែនឬ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បាត់​មុខ​ពី​ពិភព​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មកនេះ គេ​មិន​នឹក​ស្មានថា​ម្ចាស់​បទ​«​សុំ​មេមាន់​មួយ​» លោក​ចាន់ សម័យ ធ្លាក់ខ្លួន​ខ្លាំង​ខណៈ​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​កូន​៥​នាក់​នោះ​ទេ ។ លោក​ចាន់ សម័យ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បាត់​មុខ​ពី​ពិភព​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មកនេះ គេ​មិន​នឹក​ស្មានថា​ម្ចាស់​បទ​«​សុំ​មេមាន់​មួយ​» លោក​ចាន់ សម័យ ធ្លាក់ខ្លួន​ខ្លាំង​ខណៈ​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​កូន​៥​នាក់​នោះ​ទេ ។

លោក​ចាន់ សម័យ ធ្លាប់​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក សល់​ប្រាក់​បើកហាង ប៉ុន្តែ​បាន​ខាតចុងខាតដើម ហើយ​បច្ចុប្បន្ន​គ្មាន​ទាំង​ផ្ទះ​ផ្ទាល់ខ្លួន​ស្នាក់​នៅទេ គឺ​ជួល​ផ្ទះ​គេ​នៅ ។

ចំពោះ​ការ​មានកូន​ដល់​ទៅ​៥​នាក់​នោះ គឺ​ដោយសារ​ភរិយា​របស់​លោក​ចាន់ សម័យ ពពោះ កូនភ្លោះ​ពីរ​ដង ។ ដោយ​បន្ទុកគ្រួសារ​កាន់តែ ធ្ងន់​ទៅ​ៗ ពេលទំនេរ​លោក​ចាន់ សម័យ​​តែងតែ​ទៅ​ស្ទូចត្រី យក​ឲ្យ​ប្រពន្ធ​ធ្វើ​ម្ហូប​កាត់​បន្ថយ​ចំពោះ​ការ​ខ្វះខាត​ប្រាក់​ទៅ​ទិញ​​ម្ហូបម្ហា​ពី​ផ្សារ ។ អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​លោក​ជួប​ការ​លំបាក​ក្នុង​ជីវិត​ថែម​ទៀត​នោះ គឺ​លោក​មាន​ជំងឺរបេង​ខួរឆ្អឹង (​ជើង​ស្តាំ​) ។

លោក​ចាន់ សម័យ កន្លង​មក​មាន​បទ​ចម្រៀង ល្បី​ៗ​មួយ​ចំនួន​ដូច​ជា បទ «​សុំ​មេមាន់​មួយ​» «​ពិបាកចិត្ត​ណាស់​បំភ្លេច​អូន​មិន​បាន​» ជាដើម ។

កាលពី​ពេល ថ្មី​ៗ​កន្លង​តារាចម្រៀង​លោក មាស សាលី បន្ទាប់​ពី​បានឃើញ​រូបភាព​ដើរ​ស្ទូចត្រី​បែប​កម្សត់​របស់ លោក​ចាន់ សម័យ ដែល​ជា​តារាចម្រៀង​ល្បី​រួម​ជំនាន់​ជាមួយ​គ្នា​ត្រូវ​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក មក ចង់​ដឹង​ការណ៍​ពិត លោក​ក៏​បាន​ទៅ​ដល់​ផ្ទះ​នៅ​តំបន់​ព្រែក​លៀប ។ ពេល​ទៅ​ដល់​លោក​មាស សាលី បានឃើញ​លោក​ចាន់ សម័យ រស់នៅ​ផ្ទះ​ជូ​ល​ជាមួយ​ប្រពន្ធ និង​កូន​ៗ៥​នាក់ ប្រុស​២ ស្រី​៣ ។

ពេល​ជួប​មិត្ត​ចាស់​នោះ​លោក​មាស សាលី បាន​ជជីក​សួរ​រឿង​ជីវិត ប៉ុន្តែ​លោក​ចាន់ សម័យ ហាក់​ខ្មាស​អៀន​មិន​ចង់​បើក​កកាយ ពិសេស​ឲ្យ​មហាជន​ដឹង​ទេ ។ លោក​គ្រាន់​តែ​បង្ហើប​ពី​រឿងរ៉ាវ ខ្លះ​ៗ ដែល​បាន​ជួប​ប្រទះ ធ្វើ​ឲ្យ​លោក​ធ្លាក់ខ្លួន​ដល់​ថ្នាក់​នេះ ។ លោក​ថា​លោក​ធ្លាប់​រកស៊ី​បរាជ័យ និង​បាត់​លុយ​នៅ​បរទេស ។ ជា​ពិសេស​សព្វថ្ងៃ​លោក​មាន​ជំងឺរបេង​ឆ្អឹង​ប្រចាំ​កាយ ព្រមទាំង​ភ្លេចភ្លាំង​ច្រើន ជា​ពិសេស​ទំនុកច្រៀង ។

ដោយ​ក្តី​អាណិតអាសូរ​ចំពោះ​លោក​ចាន់ សម័យ ជួប​ការ​លំបាក​ក្នុង​ជីវិត​បែប​នោះ លោក មាស សាលី បាន​ផ្តល់​ប្រាក់​មួយ​ចំនួន​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព ក្នុង​នាម​ជា​មិត្តភក្តិ ធ្លាប់​តស៊ូ​ក្នុង​អា​ជី​ត​សិល្បៈ​ជាមួយ​គ្នា ។

តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Movie Star Research របស់​អតីត​តារា​សម្ដែង​ស៊ិ​ន ឧត្ដម​ផល្លា ឲ្យ​ដឹង​ថា​កន្លង​មក​លោក​ចាន់ សម័យ ធ្លាប់​ទៅ​ច្រៀង និង​សម្ដែង​នៅ​សហ​រដ្ឋ​អាមេរិក ប៉ុន្តែ​នៅ​ពេល​លោក​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ត្រូវ​ចោរលួច​កាបូប បាត់បង់​ប្រាក់​អស់​គ្មាន​សល់ ។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​លោក​ធ្លាក់ខ្លួន​លំបាកលំបិន ។ បច្ចុប្បន្ន​នេះ​លោក​មិន​មានផ្ទះ​ផ្ទាល់ខ្លួន​ស្នាក់​អាស្រ័យ​ទេ គឺ​នៅផ្ទះ​ជួល ។

មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​លោក​ចាន់ សម័យ បាន​ប្រាប់​អ្នក​នាង ស៊ិ​ន ឧត្តម​ផល្លា ថា លោក​ចាន់ សម័យ ជួប​បញ្ហា​ជា​ច្រើន ដូច​ជា គ្មាន​មធ្យោបាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ច្រៀង ជា​ដើម ។ ដូច្នេះ​ហើយ​លោក​តែងតែ​ឲ្យ​មិត្ត​សិល្បៈ​ជូន​ជា​និច្ច តែ​មិន​ឲ្យ​ជូន​ដល់​ផ្ទះ​ទេ គឺ​ចុះ​តាម​ផ្លូវ ព្រោះ​មិន​ចង់​ឲ្យ​ដឹង​ពី​ស្ថានភាព​លំបាក​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ