ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​គុណភាព​និង​តម្លៃ ធ្វើ​ឱ្យ​ផលិតផល​ខ្មែរ​មិនសូវ​មានការ​គាំទ្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន បាន​ខិតខំ​ប្រឹងប្រែង​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ងាក​មក​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​យ៉ាងណា​ក្ដី ក៏​នៅ​តែ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​ដូច​ការ​រំពឹង​ទុក​នៅឡើយ បើ​ធៀប​នឹង​ការ​គាំទ្រ​ផលិតផល​បរទេស​ដែល​នាំ​ចូល​មក​លក់​ក្នុង​ទីផ្សារ​កម្ពុជា​។ កង្វះ​ការ​គាំទ្រ​នេះ បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា ដោយសារ​តែ​គុណភាព​ផលិតផល​ក្នុងស្រុក​នៅ​មាន​កម្រិត…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន បាន​ខិតខំ​ប្រឹងប្រែង​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​ងាក​មក​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​យ៉ាងណា​ក្ដី ក៏​នៅ​តែ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​ដូច​ការ​រំពឹង​ទុក​នៅឡើយ បើ​ធៀប​នឹង​ការ​គាំទ្រ​ផលិតផល​បរទេស​ដែល​នាំ​ចូល​មក​លក់​ក្នុង​ទីផ្សារ​កម្ពុជា​។ កង្វះ​ការ​គាំទ្រ​នេះ បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​លើក​ឡើង​ថា ដោយសារ​តែ​គុណភាព​ផលិតផល​ក្នុងស្រុក​នៅ​មាន​កម្រិត ខណៈ​ដែល​តម្លៃ​ប្រហាក់ប្រហែល​នឹង​ផលិតផល​នាំ​ចូល ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​កន្លង​មក​ថា ពលរដ្ឋ​ខ្មែរ​នឹង​ងាក​មក​គាំទ្រ ហើយ​ប្រើប្រាស់​ផលិតផល​ខ្មែរ​កាន់តែ​ច្រើន​នៅ​ពេល​ដែល​ផលិតករ និង​សហគ្រិន​ក្នុងស្រុក អាច​ផលិត​ទំនិញ​ដែល​មានគុណ​ភាព​ខ្ពស់ ជាមួយ​តម្លៃ​សមរម្យ ប្រហាក់ប្រហែល​នឹង​ទំនិញ​នាំ​ចូល​ពី​បរទេស ព្រោះ​នេះ​គឺជា​កត្តា​សត្យា​នុ​ម័ត​នៃ​ការ​ប្រកួតប្រជែង​ទីផ្សារសេរី ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ឲ្យ​ផលិតករ បន្ត​ខំប្រឹង​អភិវឌ្ឍន៍​គុណភាព​ផលិតផល​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត ដោយ​ប្រើប្រាស់​គំនិត​ច្នៃប្រឌិត ទាំង​បច្ចេកទេស​ផលិត ការ​វេច​ខ្ចប់ ការ​ដាក់​ម៉ាក និង​ការ​កំណត់​តម្លៃ ព្រមទាំង​ធ្វើ​យុទ្ធសាស្ត្រ​ទីផ្សារ ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំ​ចូល​ពី​បរទេស ។

ជាមួយ​គ្នា​នេះ លោក​បាន​លើកយក​បញ្ហា​ប្រឈម និង​លក្ខខណ្ឌ​ដែល​កម្ពុជា​ត្រូវ​បំពេញ ក្រោយ​ចូលរួម​នៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន អំពី​វិធានការ​រយៈពេល​ខ្លី ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​អនុវត្ត​ដូច​ជា ការ​យកពន្ធ និង​ការ​ប្រើប្រាស់​ច្បាប់ពាណិជ្ជកម្ម ដើម្បី​ទប់ស្កាត់​ការ​ហូរ​ចូល​នូវ​ប្រភេទ​ទំនិញ ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា ។
លោក​ថា ៖« ដើម្បី​ឲ្យ​ផលិតផល​ខ្មែរ​មាន​ទីផ្សារ​ខ្ពស់ ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស ផលិតករ សហគ្រិន និង​ប្រជាជន​ខ្មែរ​ទាំងអស់ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួងពាណិជ្ជកម្មជា​សេនាធិការ នឹង​នៅ​តែ​បន្ត​ស្វែងរក​ទីផ្សារ​ថ្មី​ៗ និង​គាំទ្រ​វិស័យ​ឯកជន​ជា​និច្ច » ។

បើ​តាម​លោកស្រី កែវ មុំ នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី បាន​ឲ្យ​ដឹង​កន្លង​មក​ថា ការ​ផលិត​អស់​ថ្លៃដើម​ច្រើន​ធ្វើ​ឲ្យ​តម្លៃ​ក៏​ត្រូវ​តែ​ខ្ពស់​ដែរ ហើយ​រហូត​មក​ដល់​ពេល​នេះ​សហគ្រិន​ភាគច្រើន​នៅ​កម្ពុជា​នៅ​តែ​ជួប​បញ្ហា ការ​ផលិត​អស់​ថ្លៃដើម​ខ្ពស់ ទើប​ធ្វើ​ឲ្យ​មិន​អាច​ប្រកួតប្រជែង​តម្លៃ​ជាមួយ​ផលិតផល​មក​ពី​ប្រទេស​ក្រៅ​បាន ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​ងាក​មក​ប្រើ​ផលិតផល​ខ្មែរ​ឲ្យ​បាន​កាន់តែ​ច្រើន ក្រសួងពាណិជ្ជកម្ម​តែងតែ​រៀបចំ​នូវ​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ ដែល​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​ទីផ្សារ និង​បាន​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​២០១៥​មក ។ យុទ្ធនាការ​នេះ គឺជា​សំឡេង​ជួង ដើម្បី​ដាស់​ពញ្ញាក់​ស្មារតី​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ទំនិញ​ក្នុងស្រុក ជំនួស​ទំនិញ​នាំ​ចូល​ពី​បរទេស ។ ម្យ៉ាងទៀត យុទ្ធនាការ​នេះ ក៏​មាន​គោលដៅ​ជួយ​ពង្រឹង​សង្វា​ក់​ផលិតកម្ម​ក្នុងស្រុក បង្កើត​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ផ្តល់​ចំណេះដឹង និង​បទ​ពិសោធន៍​ល្អ​ៗ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ផលិត​ទំនិញ​ដែល​មានគុណ​ភាព សុវត្ថិភាព និង​អនាម័យ​ខ្ពស់ សម្រាប់​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំ​ចូល​ពី​បរទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ