ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​១​គីឡូក្រាម៣​ទៅ​៤​ម៉ឺន​រៀល​ ប៉ុន្ដែ​បើរដូវ​ខ្សត់ក៏​​អាច​ហក់ដល់​១០​ម៉ឺន​រៀល​ (មាន​វីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភូមិ​ព្រែក​ថ្មី ជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​ចំនួន​៣​របស់​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​​ច្បារ​អំពៅ ដែល​ជា​ប្រភព​ផ្គត់ផ្គង់​ផ្កាម្លិះ​ធំ​ជាងគេ​នៅ​ទីក្រុង​ភ្នំពេញ ។ នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ភូមិ​ទាំងនេះ មិន​ថា​ នៅ​ទីធ្លា​ខាង​មុខ…

រាជធានី​ភ្នំពេញ ៖ ភូមិ​ព្រែក​ថ្មី ជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​ចំនួន​៣​របស់​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​​ច្បារ​អំពៅ ដែល​ជា​ប្រភព​ផ្គត់ផ្គង់​ផ្កាម្លិះ​ធំ​ជាងគេ​នៅ​ទីក្រុង​ភ្នំពេញ ។ នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ភូមិ​ទាំងនេះ មិន​ថា​ នៅ​ទីធ្លា​ខាង​មុខ ឬ​ខាងក្រោយ​ផ្ទះ​ទេ គឺ​ហ៊ុម​ព័ទ្ធ​ដោយ​​ចម្ការ​ផ្កាម្លិះ​ដែល​បាន​ចោល​ក្លិនក្រអូប​ឈ្ងុយ​ឈ្ងប់ និង​គួរ​ឲ្យ​គយគន់ ។

កំពុង​បេះ​ផ្កា​បណ្ដើរ អ៊ំ​ស្រី សាន គឹ​ម​សួ មាន​វ័យ​៦០​ឆ្នាំ បាន​ប្រាប់​កោះសន្ដិភាព​ថា គាត់​បាន​ប្រកប​របរ​ដាំ​ផ្កាម្លិះ​នេះ​អស់​រយៈពេល​៣០​ឆ្នាំ​មក​ហើយ ក្នុង​ទំហំ​ផ្ទៃដី​២៥​ម៉ែត្រ​គុណ​នឹង​៨០​ម៉ែត្រ ដែល​បាន​ផ្ដល់​ចំណូល​ប្រចាំ​ថ្ងៃ​ដល់​ក្រុម​គ្រួសារ ។ អ៊ំ​ស្រី​គឹ​ម​សួ និយាយ​ថា ៖« ផ្កាម្លិះ​នេះ​ គឺជា​ជីវិត​ប្រចាំ​ថ្ងៃ​របស់ខ្ញុំ ហើយ​ដើម​ម្លិះ​ផ្តល់​ផ្កា​ជា​រៀងរាល់ថ្ងៃ ដូច្នេះ វា​ក៏​ផ្តល់​នូវ​ចំណូល​រាល់ថ្ងៃ​សម្រាប់​គ្រួសារ​ខ្ញុំ​ដែរ » ។

អ៊ំ​ស្រី​បន្ដ​ថា ដំណាំ​ម្លិះ​មាន​ផ្កា​គ្រប់​រដូវ ប៉ុន្ដែ​រដូវប្រាំង​មាន​ផ្កា​ច្រើន​ជាង​រដូវវស្សា ។ ចំណែក​​តម្លៃ​វិញ គឺ​អាស្រ័យ​លើ​រដូវ​ដែរ ប្រសិនបើ​រដូវ​ផ្កា​សម្បូរ​ខ្លាំង​អាច​ធ្លាក់​មក​នៅ​ត្រឹម​៣​ទៅ​៤​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម ប៉ុន្ដែ​បើ​រដូវ​ខ្សត់​ផ្កា អាច​ហក់​ឡើង​ដល់​១០​ម៉ឺន​រៀល​ដែរ ។

អ៊ំ​ស្រី​និយាយ​ថា ៖« តម្លៃ​ផ្កាម្លិះ​វា​អាស្រ័យ​តែ​លើ​មាត់​ឈ្មួញ​ទេ ។ ពេល​រដូវប្រាំង ម្លិះ​ចេញ​ផ្កា​ច្រើន យើង​លក់​១​គីឡូក្រាម​បាន​ពី​៣​ម៉ឺ​ន​ទៅ​៤​ម៉ឺន​រៀល ។ ចំណែក​ខែវស្សា ម្លិះ​មិនសូវ​ចេញ​ផ្កា អាច​ឡើង​ដល់​១០​ម៉ឺន​រៀល​ក្នុង​មួយ​១​គីឡូ ហើយ​សព្វ​ថ្ងៃនេះ លក់​បាន​តម្លៃ​៨​ម៉ឺន ទៅ​៩​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម ព្រោះ​ជា​រដូវ​បុណ្យ​ទាន​ច្រើន » ។ អ៊ំ​ស្រី​បញ្ជាក់​ថា ដំណាំ​នេះ​ងាយស្រួល​ដាំ មិន​ពិបាក​មើលថែ និង​ដាក់​ជី​ដូច​ដំណាំ​ផ្សេង​ៗ​នោះ​ទេ ។

លើក​ឡើង​ស្រ​ដៀង​គ្នា​នេះ​ដែរ លោក យឹ​ម ណ​យ អាយុ​៥៨​ឆ្នាំ បានឱ្យ​ដឹង​ថា ការ​ដាំ​ដើម​ម្លិះ​គឺជា​មុខរបរ​តាំងពី​ជីដូន​ជីតា​មក ប៉ុន្ដែ​បាន​អាក់ខាន​មួយ​រយៈ​ធំ គ្រា​ដែល​ខ្មែរក្រហម​បណ្តេញចេញ ។ ទោះបី​យ៉ាងនេះ​ក្ដី ក្រោយ​ពី​ថ្ងៃ​រំដោះ ពួក​គាត់​បាន​វិល​ចូល​មក​ស្រុក​កំណើត​វិញ ហើយ​ចាប់ផ្ដើម​ដាំ​ផ្កាម្លិះ​នៅ​ក្នុងភូមិ​ព្រែក​ថ្មី​ដដែល ។

លោក យឹ​ម ណ​យ បញ្ជាក់​ថា ៖« ដំណាំ​នេះ​ងាយស្រួល​ដាំ ដោយ​ត្រូវការ​ស្រោច​ទឹកតែ​២​ដង​ប៉ុណ្ណោះ​ក្នុង​១​ស​ប្តា​ហ៍ ហើយ​ពេល​ចេញ​ផ្កា ត្រូវ​តែ​បេះ​ជា​ប្រចាំ មិន​អាច​ខាន​បាន​ឡើយ​។ ការ​បេះ​នេះ​មិន​ត្រូវ​ឲ្យ​ហួស​ម៉ោង​១​រសៀល​ទេ ប្រសិនបើ​ហួសពេល​បន្តិច ផ្កា​នឹង​រីក​ធំ​ធ្វើ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ ។ ក្នុង​ករណី​បេះ​មិន​ទាន់ យើង​ជួល​គេ​ឲ្យ​បេះ​ក្នុង​១​គីឡូ គេ​យក​ថ្លៃ​៧.០០០​រៀល » ។

ចំពោះ​ទីផ្សារ​ផ្កាម្លិះ​វិញ ម្ចាស់​ចម្ការ​ភាគច្រើន​គឺ​លក់​ឱ្យ​ឈ្មួញកណ្តាល​ដែល​ដើរ​ប្រមូល​ទិញ​នៅ​តាម​ផ្ទះ​ស្រាប់ ។ ក្រៅពី​លក់​បោះ​ដុំ​ឲ្យ​ឈ្មួញ ពួក​គាត់​ក៏​បាន​ឆ្លៀត​ក្រង​ជា​ភួង ដោយ​​ដឹក​មក​លក់​នៅ​ទីក្រុង​នៅ​រៀងរាល់ថ្ងៃ​សីល ដើម្បី​បាន​កម្រៃ​បន្ថែម​ទៀត​ផង​ដែរ ។
បច្ចុប្បន្ន​នេះ ពួក​គាត់​អាច​បេះ​ផ្កាម្លិះ​បាន​២​ទៅ​៣​គីឡូក្រាម​ក្នុង​ទំហំ​ដី​១​ហិ​កតា ។ ចំណែក​​នៅ​រដូវប្រាំង​វិញ ពួក​គាត់​អាច​ប្រមូល​បាន​រហូត​ដល់​២០​ទៅ​២៥​គីឡូក្រាម​ក្នុង​ទំហំ​ដី​ដូច​គ្នា​នេះ ។

សង្កាត់​ព្រែក​ថ្មី​នៃ​ខណ្ឌ​ច្បារ​អំពៅ មាន​ភូមិ​ចំនួន​៣ ក៏​ប៉ុន្តែ​មាន​តែ​ភូមិ​កោះក្របី និង​ភូមិ​ព្រែក​ថ្មី​ទេ ដែល​មាន​ប្រជាពលរដ្ឋ​ប្រកប​របរ​ដាំ​ផ្កាម្លិះ​សម្រាប់​លក់​ច្រើន​ជាងគេ ។

ដោយឡែក ភូមិ​ចំពុះក្អែក មានការ​ដាំ​ដុះ​ផ្កាម្លិះ​បន្តិចបន្តួច ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​ជំនួស​មក​វិញ​ដោយ​ការ​ដាំចេក ស្វាយ ត្របែក និង​ដំណាំ​ហូប​ផ្លែ​ផ្សេង​ទៀត រួម​ទាំង​បន្លែ ដែល​បន្លែ​ពី​តំបន់​នេះ​ក៏​បាន​ចូលរួម​ចំណែក​ផ្គត់ផ្គង់​តម្រូវការ​នៃ​ទីផ្សារ​ក្នុង​ក្រុងភ្នំពេញ​យ៉ាង​សំខាន់​ផង​ដែរ ។

នៅ​ប្រទេស​កម្ពុជា ផ្កាម្លិះ គឺជា​ប្រភេទ​បុប្ផា​ម្យ៉ាង​ដែល​មាន​ក្លិនក្រអូប​ស្រាល និង​មានការ​ពេញ​និយម​ជាទី​បំផុត ។ វា​ក៏​ជា​ផ្កា​ដែល​គេ​អាច​ប្រើ​សម្រាប់​ប្រយោជន៍​ច្រើន​យ៉ាង​ផង​ដែរ ដូច​ជា គេ​អាច​ក្រង​ជា​ភួងផ្កា​សម្រាប់​ថ្វាយ​ព្រះ​, សម្រាប់​ការ​សែនព្រេន​ដល់​វត្ថុ​សក្តិ​សិទ្ធិ​ជាទី​សក្ការៈ និង​សម្រាប់​ពិធី​ស្រោច​ទឹក ឬ​ពិធី​សាសនា​ផ្សេង​ៗ ។ ហេតុ​ដូច្នេះ​ហើយ​បានជា​ការ​ដាំ​ដើម​ផ្កាម្លិះ​បាន​ចារឹក​ជា​វប្បធម៌​ពិសេស​មួយ​សម្រាប់​អ្នក​ភូមិ​ព្រែក​ថ្មី និង​អ្នក​ភូមិ​កោះក្របី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ