នេះជា​សេចក្តីស្រឡាញ់របស់ប្តីឬ? បង្ហូរឈាមនាងរួចបីចេញពីបន្ទប់ គេចបាត់


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ បាន​មានទំនាស់​ជាមួយ​ប្រពន្ធ ប៉ុន្តែ​ពុំ​មាន​អ្នក​ណា​ម្នាក់ដឹង​ថា ​ផ្ដើម​ចេញពី​រឿង​អ្វី​ឡើយ ស្រាប់តែ​បុរសនេះ​ បាន​កាប់​ប្រពន្ធ​បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ ។ ប៉ុន្តែខណៈនោះ​ អ្នក​ជិតខាង​មិន​បានដឹង​ភ្លាម​ៗ​ទេ ចំណែក​ជន​ដៃដល់​ជា​ប្ដី​ ក្រោយ​ពី​កាប់​ប្រពន្ធ​រួច ក៏​បី​នាង​ចេញពី​បន្ទប់ ហើយ​មុន​ដំបូង​ស្មាន​ថា ​នាង​ខ្យល់គ លុះ​ពេល​សួរនាំ​ទើប​ដឹង​ថា​ ត្រូវ​ប្ដី​កាប់ តែ​ក៏​មិន​មាន​អ្នក​ណា ​ហ៊ាន​ឃាត់ខ្លួន​ប្ដី​ឡើយ ហើយ​​បន្ទាប់​មក​ប្ដី​កំណាច​នេះ ​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ ។ ហេតុការណ៍​ខាងលើ​នេះ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៨ ខែកក្កដា នៅ​បន្ទប់​ជួល​លេខ​៦ ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជា​ប្ដី​ ដែល​បាន​កាប់​ប្រពន្ធ​នេះ ភ្លាម​ៗ នោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ​គ្រាន់តែ​ដឹង​ថា​ជា​កម្មករ​សំណង់ ចំណែក​ប្រពន្ធ​ដែល​រង​គ្រោះ ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​កាត​ការងារ​ថា​ឈ្មោះ​ត្រេ​ន ពៅ អាយុ​៣៣​ឆ្នាំ ជា​កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​ហែ​ន​សាំ ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​។ នាង​បាន​រង​របួស​ក្បាល​និង​កញ្ចឹងក​ជា​ច្រើន​កន្លែង មិនតែប៉ុណ្ណោះ​នៅ​ក្នុង​បន្ទប់​មាន​ឈាម​និង​សក់​ក្បាល​របស់​ស្ត្រី​រង​គ្រោះ​ដាច់​ដោយសារ​ប្ដី​កាប់ ហើយ​ក៏​បន្សល់​ទុក​កាំបិត​ផ្គាក់​មួយ​នៅ​ក្បែរ​ថ្លុកឈាម​នោះ​ផង​ដែរ​។

អ្នក​ជិតខាង​និយាយ​ថា ពួក​គាត់​មិន​បានដឹង​ថា​ប្ដី​ប្រពន្ធ​១​គូ​នេះ​មាន​ទំនាស់​គ្នា​ពី​រឿង​អ្វី​ទេព្រោះ​មិន​បានឮ​អ្នក​ទាំង​២​ទាស់​គ្នា​ឡើយ ដោយនៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ពួក​គេ​មានការ​ស្ងប់ស្ងាត់​ជា​ធម្មតា ។ នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល​ក៏​ពុំ​មាន​អ្នក​ណា​បានដឹង​ថា បុរស​នេះ​កាប់​ប្រពន្ធ​បែប​នេះ​ដែរ គឺ​ស្រាប់តែ​ឃើញ​បុរស​ជា​ប្ដី​បី​ប្រពន្ធ​ចេញពី​ក្នុង​បន្ទប់ ដោយ​នាង​ស្ថិត​នៅ​ក្នុង​អាការធ្ងន់​ទៅ​ហើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​ឃើញ​នោះ​ពួក​គាត់​ស្មានថា​នាង​ខ្យល់គរ​ក៏​នាំ​គ្នា​សួរ តែ​បុរសជា​ប្ដី​មិន​បាន​ឆ្លើយ​តប​ទេ ឯ​នាង​ជា​ប្រពន្ធ​បាននិយាយ​តិច​ៗ​ថា​ត្រូវ​ប្ដី​កាប់ ។ បន្ទាប់​មក បុរស​ជា​ប្ដី​បាន​បី​ប្រពន្ធ​ទៅ​កាន់​គ្លីនិក​ជិត​នោះ ប៉ុន្តែ​ដោយសារ​របួសធ្ងន់​ពេក អ្នក​ជិតខាង​ក៏​នាំ​គ្នា​ហៅ​រ៉ឺ​ម៉ក​កង់​បី​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​។ ឆ្លៀតពេល​នោះ ជន​ដៃដល់​ជា​ប្ដី​បាន​រត់គេចខ្លួន​បាត់​ស្រមោល ហើយ​ក៏​មិន​មាន​អ្នក​ណា
ហ៊ាន​​ឃាត់ខ្លួន​ដែរ ។ លុះ​ក្រោយមក​ទើប​រាយការណ៍​ទៅ​នគរបាល​ឲ្យ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ជន​នេះ​ចាត់ការ​តាម​ច្បាប់ ។ ដោយឡែក​នាង​ជា​ប្រពន្ធ​ដែល​រង​គ្រោះ រហូត​ដល់​រសៀល​ថ្ងៃ​ដដែល នៅ​សន្លប់​នៅឡើយ ។

តាម​ព័ត៌មាន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា បុរស​ជាប្តី​នេះ​ឈ្មោះ ហន រិ​ទ្ធី អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​មិច ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ហើយ​បើ​តាម​ការ​សន្និដ្ឋាន អំពើ​ហិង្សា​នេះ​កើតឡើង​ដោយសារ​ប្រចណ្ឌ ។ តាម​ការ​សាកសួរ​ស្ត្រី​រង​គ្រោះ​ដែល​និយាយ​បាន​តិច​ៗ​ថា​ប្តី​គាត់​ប្រចណ្ឌ​បាន​រករឿង​យូរថ្ងៃ​ហើយ។ ដោយសារ​តែ​មានការ​ប្រចណ្ឌ​បែប​នេះ​នាង​ក៏​បាន​ទាមទារ​លែងលះ​ដើម្បី​បញ្ចប់​បញ្ហា​ជាមួយ​គ្នា ព្រោះ​រស់នៅ​មិន​ចុះសម្រុង ផ្ទុយ​ទៅ​វិញ​ប្តី​បាន​កាប់​នាង​ប៉ង​សម្លាប់ ៕ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ