ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង០៣និង១០នាទីរសៀលថ្ងៃទី០៨ កក្កដា ស្ថិតនៅចំណុចភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ក្រោយពីជននេះ បានបន្លំធ្វើជាអ្នករត់ម៉ូតូឌុប រួចធ្វើសកម្មភាពប្លន់ជនបរទេស ។
លោកឧត្តមនីយត្រី ជេត វណ្ណនី ស្នងការរងខេត្តបានឲ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះសា រ៉មលី អាយុ ៣៨ឆ្នាំ ជាជនជាតិខ្មែរ-ឥស្លាម រស់នៅភូមិ-សង្កាត់ខាងលើ ។ លោកស្នងការរងបន្តថា ជននេះត្រូវកម្លាំងអធិការក្រុងបាត់ដំបងធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពីបានប្រព្រឹត្តបទល្មើសប្លន់ទូរស័ព្ទពីជនបរទេសម្នាក់ ភេទស្រី អាយុ២៥ឆ្នាំ ជាជនជាតិអង់គ្លេស ស្នាក់នៅផ្ទះជួលបណ្តោះអាសន្ន ក្នុងភូមិរតនះ សង្កាត់រតនះ ក្រុងបាត់ដំបង កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៧មិថុនា នៅចំណុចភូមិរំចេក៣ សង្កាត់រតន: ខណ:ស្ត្រីរងគ្រោះជិះម៉ូតូឌុបជនសង្ស័យ ស្វែងរកសង្សាររបស់ខ្លួន ។
បើយោងតាមការបំភ្លឺខ្លះៗពីស្ត្រីជនរងគ្រោះជនបរទេសនោះ ដែលសមត្ថកិច្ចបានសួរនាំដំបូង បានឲ្យដឹងថា នៅម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ មិថុនា ខ្លួនបានហៅម៉ូតូឌុប(ម៉ូតូជនសង្ស័យ)ជិះចេញពីចំណុចចុងស្ពានសម្ដេចក្រឡាហោមស ខេង ក្នុងសង្កាត់រតន: ដើម្បីស្វែងរកសង្សារបស់ខ្លួន ។ ប៉ុន្តែពេលជិះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែអ្នករត់ម៉ូតូឌុបនោះឈប់ម៉ូតូ រួចគំរាមប្លន់យកទូរស័ព្ទម៉ាកអាយហ្វូន១គ្រឿង ពីខ្លួនហើយជិះគេចខ្លួនបាត់ ។
នាងបន្តថា ជាមួយនឹងសកម្មភាពនោះ អ្នករត់ម៉ូតូឌុបបានបង្ហាញកាំភ្លើងខ្លីនៅជាប់ចង្កេះ ហើយដកភ្ជង់គំរាមនាង ហើយថែមទាំងបានព្យាយាមចង់រំលោភនាងទៀតផង តែមិនមានឱកាស ទើបប្លន់បានតែទូរស័ព្ទ១គ្រឿង ហើយជិះគេចខ្លួនបាត់ លុះនៅព្រឹកថ្ងៃដដែលនាង ក៏ទៅប្ដឹងសមត្ថកិច្ចតែម្ដង។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ