ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ប​ម្តាយ​ទៅ​ផ្សារ​មិន​ទាន់​ដល់​ផង​…​អស់​លុយ​ជាង​៤​លាន​រៀល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ពីរ​នាក់​ម្តាយ​និង​កូន​បាន​ឌុ​ប​គ្នា​ទៅ​ទិញ​ម្ហូប ពេល​ធ្វើ​ដំណើរ​ជិត​មក​ដល់​ផ្សារ​ត្រូវ​ជនសង្ស័យ​ប្លន់​យក​ម៉ូតូ និង​លុយ​ជាង​៤​លាន​រៀល បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៩ ខែកក្កដា នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ពីរ​នាក់​ម្តាយ​និង​កូន​បាន​ឌុ​ប​គ្នា​ទៅ​ទិញ​ម្ហូប ពេល​ធ្វើ​ដំណើរ​ជិត​មក​ដល់​ផ្សារ​ត្រូវ​ជនសង្ស័យ​ប្លន់​យក​ម៉ូតូ និង​លុយ​ជាង​៤​លាន​រៀល បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៩ ខែកក្កដា នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ជា​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ម្ដាយ​ឈ្មោះ ណេ​ត សំបូរ អាយុ​៥២​ឆ្នាំ មុខរបរ​លក់​បាយ​នៅផ្ទះ រស់នៅ​ភូមិ​ព្រៃ​សណ្តែក សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កូនស្រី​ឈ្មោះ សេង សុ​ភក្តិ ភេទ​ស្រី​អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់​នៅ​ជាមួយ​ម្តាយ​។ ចំណែក​សម្ភារ​ដែល​បាត់បង់​រួម​មាន ម៉ូតូ​ស្គូ​ពី​មួយ​គ្រឿង ព​ណ៍​ក្រហម ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ ១DY-៤៦១៣ ប្រាក់​ជាង​២​លាន​រៀល និង​៥០០​ដុល្លារ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ម្តាយ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បាន​ចេញពីផ្ទះ​ដោយ​កូនស្រី​ជា​អ្នក​ឌុ​ប​គាត់​ទៅ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ជម្ពូ​វ័ន លុះ​ជិះ​ម៉ូតូ​មក​ដល់​ផ្លូវ​កាត់​ម្តុំ​ផ្ទះសំណាក់​ខាងក្រោយ​វិទ្យាល័យ​ជម្ពូ​វ័ន ស្រាប់តែ​មាន​ជនសង្ស័យ​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ និង​ពាក់មួក​សុវត្ថិភាព ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ជាមួយ​គាត់ លុះ​មក​ដល់​ផ្លូវ​ស្ងាត់ ជនសង្ស័យ​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបយួរ​ពី​គាត់ បណ្តាល​ឲ្យ​ដួល​ម៉ូតូ ។​

ស្ត្រីជាម្តាយ​បន្ត​ទៀត​ថា​ ​ជនសង្ស័យ​ម្នាក់​បាន​ចុះ​ទាញ​កាបូប​ជាមួយ​គាត់ បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​យក​ដំបង​រក​វាយ​ស្ត្រី​ជា​ម្តាយ ដោយ​កូនស្រី​ឃើញ​ជនសង្ស័យ​យក​ដំបង​រក​វាយ​ម្តាយ ក៏​បាន​ស្រែក​ប្រាប់​ម្តាយ​ថា «​ឱ្យ​​កាបូប​ទៅ​គេ​ទៅ​ម៉ែ គេ​វាយ​ឥឡូវ​ហើយ​» បន្ទាប់​មក​ជនសង្ស័យ​បាន​យក​កាបូប​ពី​ស្ត្រី​ជា​ម្តាយ​បាន​ដោយ​សុវត្ថិភាព ភ្លាម​ៗ​នោះ​ដែរ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ម្តាយ​និង​កូនស្រី​រត់​ចេញពី​ម៉ូតូ ហើយ​ត្រូវ​ជនសង្ស័យ​លើកយក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព បន្ទាប់​មក​ទើប​ជន​រង​គ្រោះ​ស្រែក​អោយ ប្រជាពលរដ្ឋ​ជួយ តែ​មិន​មាន​ន​ណា​ម្នាក់​ជួយ​ពួក​គាត់​ឡើយ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ម្តាយ​និង​កូនស្រី​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​កង់​បី​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣​ឲ្យ​ជួយ​អន្តរាគមន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ