ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​៣​ពួក​ជាប្រភេទមនុស្សយ៉ាប់

5 ឆ្នាំ មុន

តាម​ទស្សនៈ​ព្រះពុទ្ធ​សមណគោតម​នៃ​យើង ព្រះ​អង្គ​បាន​សម្តែង​ថា ការ​កើត​ឡើងជា​មនុស្ស​គឺជា​ការ​ក្រ មាន​ន័យ​ថា បាន​ភាវៈ​ជា​មនុស្ស​នេះ​មិនមែន​កើតឡើង​ដោយ​ស្រួល​ៗ​ទេ ទាល់តែ​អ្នក​នោះ​បាន​ធ្វើអំពើ​ល្អ​សន្សំ​បុណ្យ​កុសល​ទុក​មក​ច្រើន​ហើយ ទើបបាន​បដិសន្ធិ​ក្នុង​ឋានមនុស្ស​។ តែ​ទោះជា​យ៉ាងណា​ប្រភេទ​មនុស្ស​ទាំង​ចិត្តគំនិត ទាំង​ជីវភាព​រស់នៅ​ដែល​អាច​និយាយ​បាន​ថា វិស័យ​មនុស្ស​មិន​ដូច​គ្នា​ទេ…

តាម​ទស្សនៈ​ព្រះពុទ្ធ​សមណគោតម​នៃ​យើង ព្រះ​អង្គ​បាន​សម្តែង​ថា
ការ​កើត​ឡើងជា​មនុស្ស​គឺជា​ការ​ក្រ មាន​ន័យ​ថា បាន​ភាវៈ​ជា​មនុស្ស​នេះ​មិនមែន​កើតឡើង​ដោយ​ស្រួល​ៗ​ទេ ទាល់តែ​អ្នក​នោះ​បាន​ធ្វើអំពើ​ល្អ​សន្សំ​បុណ្យ​កុសល​ទុក​មក​ច្រើន​ហើយ ទើបបាន​បដិសន្ធិ​ក្នុង​ឋានមនុស្ស​។ តែ​ទោះជា​យ៉ាងណា​ប្រភេទ​មនុស្ស​ទាំង​ចិត្តគំនិត ទាំង​ជីវភាព​រស់នៅ​ដែល​អាច​និយាយ​បាន​ថា វិស័យ​មនុស្ស​មិន​ដូច​គ្នា​ទេ គឺ​ឱ្យ​ផល​ទៅ​តាម​បុណ្យ​កុសល​ដែល​ខ្លួន​បាន​សាង​មក​។ ខាងក្រោម​នេះ​ជា​ប្រភេទ​មនុស្ស​៣​ពួក​ដែល​មាន​សន្តាន និង​ជីវភាព​ខុស​គ្នាៈ

១-​មនុស្ស​នេ​រ​យិ​កោ មនុស្ស​ដែល​មាន​អាកា​រៈ​ជីវភាព​អន់​ថយ​ថោកទាប រស់នៅ​លំបាក​វេទនា​បំផុត វិស័យ​ដូច​សត្វ​នរក​គ្មាន​ញាតិ​មិត្ត មិនដឹង​គុណ​ទោស ខុស​ត្រូវ គ្មាន​សីលធម៌ សប្បុរសធម៌​នៅ​ក្នុង​ខ្លួន​សូ​ម្បី​បន្តិចបន្តួច​សោះឡើយ ។

២-​មនុស្ស​បេ​តា មនុស្ស​ដែល​មាន​អាកា​រៈ​ជីវភាព​រស់នៅ​លំបាក​វេទនា គឺ​ខ្វះមុខខ្វះក្រោយ បាន​ព្រឹក​ខ្វះ​ល្ងាច ជួន​ក៏​បាន​ឆ្អែត ជួន​មិន​បាន​ឆ្អែត ហើយ​មាន​អាការ​អាកប្បកិរិយា​សាហាវយង់ឃ្នង​ដូច​ប្រេត មិនដឹង​គុណ​ទោស ខុស​ត្រូវ ពុំ​មានធម៌​ក្នុង​ខ្លួន​សោះឡើយ ។

៣-​មនុ​ស្សតិរ​ច្ឆា​នោ មនុស្ស​ដែល​មាន​អាកា​រៈ​លំបាក​វេទនា​ទាំង​កាយ ទាំង​ចិត្ត ការ​ដេក​ពួន ការ​ស៊ីចុក ស្លៀកដណ្តប់ ដោយ​ត្រូវ​ធ្វើការ​បម្រើ​គេ​យ៉ាងធ្ងន់ធ្ងរ ទើប​មាន​លទ្ធភាព​បាន​ដោយ​ត្រដាបត្រដួស​។ ជា​ប្រភេទ​មនុស្ស​មិន​មានធម៌​នៅ​ក្នុង​ខ្លួន មិនដឹង​ខុស​ត្រូវ មិនដឹង​ម៉ែឪ មិន​ស្គាល់​មេបា យក​ម៉ែឪ​ឯង​ធ្វើ​ជាស​ត្រូវ ឈ្លោះប្រកែក​គ្នា​ជា​និច្ច​ធ្វើ​ឱ្យ​ម៉ែឪ​លំបាក​ចិត្ត ដិតដាម​ដោយ​ទឹកភ្នែក​។ បុគ្គល​ប្រភេទ​នេះ​មាន​រាង​កាយ​ជា​មនុស្ស តែ​ចិត្តគំនិត​ដូច​សត្វ​តិរច្ឆាន ។

ថ្វីបើ​មនុស្ស​ទាំង​បី​ពួក​នេះ​លោក​ចាត់​ចូល​ទៅ​ក្នុង​ប្រភេទ​មនុស្ស​យ៉ាប់​ដូច​គ្នា តែ​ក៏​គង់​មាន​សន្តាន​ចិត្ត និង​ជីវភាព​ខុស​គ្នា​ខ្លះ​ដែរ​គឺ ពួក​ទី​៣​ទាំង​សន្តាន​ចិត្ត ទាំង​ជីវភាព​ប្រសើរ​ជាង​ពួក​ទី​២ ហើយ​ពួក​ទី​២​នេះ​ក៏​គង់​ប្រសើរ​ជាង​ពួក​ទី​១ ដែល​អាច​និយាយ​បាន​ថា ជា​ប្រភេទ​មនុស្ស​យ៉ាប់​បំផុត ។