ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប័ណ្ណកម្មសិទ្ធិ​1​សន្លឹកមាន​តម្លៃ​ស្មើនឹង​តម្លៃផ្ទះ ​ឬ​ក្បាលដី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ឬ​លំនៅ​ឋាន សូម​ថែរក្សា​ឲ្យ​បាន​ល្អ និង​ទុកដាក់​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព ពិសេស​សូម​ពិចារណា មុន​នឹង​សម្រេច​យក​ទៅ​ដាក់​នៅ​ធនាគារ ព្រោះ​ប័ណ្ណ​កម្មសិទ្ធិ​១​សន្លឹក មាន​តម្លៃ​ស្មើនឹង​តម្លៃ​ផ្ទះ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ឬ​លំនៅ​ឋាន សូម​ថែរក្សា​ឲ្យ​បាន​ល្អ និង​ទុកដាក់​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព ពិសេស​សូម​ពិចារណា មុន​នឹង​សម្រេច​យក​ទៅ​ដាក់​នៅ​ធនាគារ ព្រោះ​ប័ណ្ណ​កម្មសិទ្ធិ​១​សន្លឹក មាន​តម្លៃ​ស្មើនឹង​តម្លៃ​ផ្ទះ ឬ​ក្បាលដី​នោះ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​កាលពី​ចុងខែ​មិថុនា ថា កម្ម​សិទ្ធិ​១​សន្លឹក គឺ​មាន​តម្លៃ​ស្មើនឹង​តម្លៃ​ផ្ទះ ឬ​ក្បាលដី​នីមួយ​ៗ ។ ដូចនេះ សូម​បងប្អូន​ថែរក្សា​​​ប័ណ្ណ​ឲ្យ​បាន​ល្អ និង​មាន​សុវត្ថិភាព​បំផុត ។ សូម​បងប្អូន​កុំ​យក​វា​ទៅ​អ៊ុត​រឹង ពី​ព្រោះ​​វា​អាច​ធ្វើ​ប័ណ្ណ​ខូច នៅ​ពេល​យើង​យក​ប័ណ្ណ​នេះ​ទៅ​ចុះបញ្ជី​បន្ត ជា​ពិសេស ពេល​យក​ប័ណ្ណកម្មសិទ្ធិ​នេះ​ទៅ​ដាក់​ធនាគារ សូម​បងប្អូន​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់ ។

លោក​អភិបាល​រាជធានី​បាន​បញ្ជាក់​ថា ៖ « ផែនការ​ជំរុញ​ការ​ផ្តល់​ប័ណ្ណ​ជូន​ប្រជា​ពល រដ្ឋ​នេះ គឺជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​ដីធ្លី ធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​គ្រប់​គ្នា​ទទួល​បាន​នូវ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី និង​ក៏​ជា​យុទ្ធសាស្ត្រ​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ »​។

ទោះ​យ៉ាងនេះ​ក្ដី លោក​ថា ៖«​ការ​ចែក​ប័ណ្ណកម្មសិទ្ធិ​យឺតយ៉ាវ ដោយសារ​ពលរដ្ឋ​រស់នៅ​លើ​ដី​កម្មសិទ្ធិ​របស់​រដ្ឋ ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី មាន​ក្តី​អនុគ្រោះ អាណិត​ស្រឡាញ់ និង​ធ្វើ​សម្បទាន​ជូន​ពលរដ្ឋ​ជា​បន្តបន្ទាប់ »​។

បើ​តាម លោក សា​រិ​ន វ​ណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា គិត​ពី​ឆ្នាំ​២០០៣ រហូត​មក​ដល់​ពេល​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​​ផ្តល់​កម្មសិទ្ធិ​ដី​និង​ផ្ទះ ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​ជាង​១៥​ម៉ឺន​ក្បាលដី​ហើយ ក្នុង​គម្រោង​ទិន្នន័យ​សរុប​ជាង​២២​ម៉ឺន​ក្បាលដី ។

លោក សា​រិ​ន វ​ណ្ណា មាន​ប្រសាសន៍​ថា ៖«​គម្រោង​រៀបចំ​ដែនដី និង​រដ្ឋបាល​ដីធ្លី​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​នៅ​ខែតុលា ឆ្នាំ​២០០៣ រហូត​មក​ដល់​បច្ចុប្បន្ន គម្រោង​ចុះបញ្ជី​ដីធ្លី​បាន​ចំនួន​៦០​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ចំណោម​គម្រោង​ប្រមូល​ទិន្នន័យ​សរុប​បាន​ចំនួន​២២៧.១៦៤​ក្បាលដី និង​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៥២.២៣០​ប័ណ្ណ » ។

លោក​បន្ដ​ថា រាជរដ្ឋាភិបាល​បាន​ធ្វើ​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​តាំងទី​លំនៅ​បណ្ដោះអាសន្ន​ជា​យូរ​មក​ហើយ ។ ជាក់ស្ដែង​សម្រាប់​ខណ្ឌដូនពេញ​ពេល​នេះ ក្រោយ​ពី​បាន​ធ្វើការ​បណ្តុះបណ្តាល គណៈកម្មការ​រដ្ឋបាល​ដីធ្លី​, ការ​បោះពុម្ព​ប័ណ្ណកម្មសិទ្ធិ​, កម្មវិធី​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ភូមិ​១១, ១២, ១៣ សង្កាត់​ស្រះ​ចក​, ភូមិ​១០ សង្កាត់​វត្ត​ភ្នំ និង​ភូមិ​១២ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ក្នុង​ខណ្ឌដូនពេញ ។

លោក​បន្ថែម​ថា ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ គឺជា​វិធីសាស្ត្រ​មួយ​មាន​ភាព​ច្បាស់លាស់ មាន​ប្រសិទ្ធភាព មាន​តម្លាភាព និង​ធានា​បាន​នូវ​ភាព​កក់ក្តៅ​ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​កាន់កាប់​ដីធ្លី និង​ធានា​សុវត្ថិភាព​ដីធ្លី​។ ការ​គ្រប់គ្រង​ដីធ្លី​បាន​ល្អ គឺជា​មូលដ្ឋាន​ឲ្យ​រដ្ឋ​គិតគូរ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ និង​ផ្តល់​លក្ខណៈ​ងាយស្រួល​ដល់​ការ​ជំរុញ​កិច្ច​វិនិយោគ និង​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ ដែល​ជា​ការ​រួមចំណែក​យ៉ាង​ពិតប្រាកដ ក្នុង​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​លើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍ​សង្គម​ប្រកបដោយ​ចីរភាព ។

លោក​បន្ត​ថា ៖« មុន​នឹង​ចេញ​ប័ណ្ណកម្មសិទ្ធិ​សម្គាល់​អចលនវត្ថុ គឺ​ក្រុម​មន្ត្រី​ជំនាញ​សុ​រិ ​យោ​ដី​បាន​ចុះ​មក​ធ្វើការ​វាស់វែង​ក្បាលដី​ជូន​ពលរដ្ឋ​ជា​ច្រើន​ខែ​មក​ហើយ រហូត​មក​ដល់​ពេល​នេះ ទើប​បងប្អូន​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ជា​ផ្លូវការ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ