ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ជំនាញ​ប្រាប់​អំពី​របៀប​រស់នៅ ដើម្បី​កុំឱ្យ​មាន​ជំងឺ​បេះដូង

5 ឆ្នាំ មុន
  • ភ្នំពេញ

បាងកក ៖ សុខភាព​បេះដូង​ល្អ គឺជា​កាដូ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ជីវិត​លោក​អ្នក​យ៉ាង​​ណាមិញ​ការ​យល់​ដឹង​អំពី​របៀប​នៃ​ការ​រស់នៅ​ល្អ​សម្រាប់​សុខភាព​បេះដូង​របស់​លោក​អ្នក គឺជា​រឿង​ដែល​លោក​អ្នក​គួរ​អនុវត្ត ដើម្បី​ចៀសវាង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត និង​សេដ្ឋកិច្ច​គ្រួសារ​ផង​ដែរ ។ វេជ្ជបណ្ឌិត…

បាងកក ៖ សុខភាព​បេះដូង​ល្អ គឺជា​កាដូ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ជីវិត​លោក​អ្នក​យ៉ាង​​ណាមិញ​ការ​យល់​ដឹង​អំពី​របៀប​នៃ​ការ​រស់នៅ​ល្អ​សម្រាប់​សុខភាព​បេះដូង​របស់​លោក​អ្នក គឺជា​រឿង​ដែល​លោក​អ្នក​គួរ​អនុវត្ត ដើម្បី​ចៀសវាង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត និង​សេដ្ឋកិច្ច​គ្រួសារ​ផង​ដែរ ។

វេជ្ជបណ្ឌិត វិ​សុ​ទ្ឋ វី​វេ​កា​ភី​រ៉ាត ( Dr. Visuit Vivekaphirat ) ឯកទេស​ជំងឺ​បេះដូង​នៃ​មន្ទីរ​ពេទ្យ​​លំដាប់​ផ្កាយ ៥ Bumrungrad International Hospital នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រសិនបើ​លោក​អ្នក​ស្រលាញ់​បេះដូង​របស់​លោក​អ្នក ហើយ​​ចង់​បង្កើន​សុខភាព​បេះដូង​របស់​អ្នក​ឲ្យ​ល្អ​ប្រសើរ ត្រូវ​កាត់​បន្ថយ​កត្តា​ហា​និ​យ​ភ័យ​ដែល​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក ដូច​ជា​ការ​ជក់បារី ទឹកនោមផ្អែម មាន​កូ​លេ​ស្តេ​រ៉ុល សម្ពាធ​ឈាម​ខ្ពស់ ទទួលទាន​ជាតិ​អាកុល​ច្រើន​ជ្រុល និង​ស្ត្រេ​ស​ជាដើម ។

គ្រូពេទ្យ​ជំនាញ​បេះដូង​នៅ​កម្ពុជា និង​នៅ​ថៃ​បាន​ប្រាប់​កោះសន្តិភាព​ពី​វិធី​រស់នៅ​ដូច​ខាងក្រោម​ដើម្បី​អោយ​បេះដូង​មាន​សុខភាព​ល្អ​ ៖

១- បញ្ឈប់​ការ​ជក់បារី ៖ បើ​ស្រលាញ់​បេះដូង​របស់​អ្នក និង​ចង់​បង្កើន​សុខភាព​បេះដូង អ្វី​ដែល​សំខាន់​បំផុត​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​បង្កើន​សុខភាព​បេះដូង​របស់​អ្នក បើ​អ្នក​ទទួល​ទាន​បារី​គឺ​អ្នក​ត្រូវ​តែ​បញ្ឈប់​ការ​ជក់បារី​។

២- គ្រប់គ្រង​សម្ពាធ​ឈាម និង​ជាតិ​ខ្លាញ់ កូ​លេ​ស្តេ​រ៉ុល ៖ គ្រប់គ្រង​សម្ពាធ​ឈាម និង​កូ​លេ​ស្តេ​រ៉ុល​របស់​អ្នក​។ ប្រសិនបើ​អ្នកមាន​បញ្ហា​មួយ ឬ​ទាំង​ពីរ​ខាងលើ​នេះ​ខ្ពស់ អ្នក​គួរ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​សម្រាប់​លោក​អ្នក​ទទួល​ទាន​ថ្នាំ​គ្រប់គ្រង​នូវ សម្ពាធ​ឈាម​និង​កូ​លេ​ស្តេ​រ៉ុល ក៏​ដូច​ជា​ការ ផ្លាស់​ប្តូរ​របប​អាហារ​និង​ឱសថ​របស់​អ្នក​។ សូម​សួរ​វេជ្ជបណ្ឌិត​របស់​អ្នក​ថា​តើ​អ្នក​ត្រូវការ​កម្រិត​សម្ពាធ​ឈាម​និង​កម្រិត​កូ​លេ​ស្តេ​រ៉ុល​តាម​របៀប​ណា​។

៣- គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម ៖ ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ ការ​ញ៉ាំ​អាហារ​ល្អ និង​ការ​​សម្រក​ទម្ងន់ គឺ​ទាំង​អស់នេះ​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ក្នុង​កម្រិត​កាន់​ល្អ​ប្រសើរ​។ មនុស្ស​ជា​ច្រើន​ក៏​ត្រូវការ​ថ្នាំ​ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​របស់​ពួក​គេ​ដែរ ដូច្នេះ​ត្រូវ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួលទាន​ថ្នាំ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​របស់​លោក​អ្នក។

៤- ត្រួតពិនិត្យ​សុខភាព​ជា​ទៀងទាត់ ៖ ការ​ត្រួតពិនិត្យ​សុខភាព​ជា​ទៀងទាត់ គឺ​ជួយ​លោក​​អ្នក​ឲ្យ​បានដឹង​ទាន់​ពេលវេលា​នូវ​បញ្ហា​ណាមួយ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូង​របស់​អ្នក ។

៥- ហាត់ប្រាណ ៖ ការ​ដើរ ៣០ នាទី​ក្នុង​មួយ​ថ្ងៃ និង​អនុវត្ត ៥​ថ្ងៃ ក្នុង​មួ​យស​ប្តា​ហ៍ អាច​បង្កើន​សុខភាព​បេះដូង​របស់​អ្នក​ឲ្យ​ដំណើរការ​បាន​ល្អ​។

៦- រក្សា​ទំងន់ ៖ ការ​លើស​ទម្ងន់​ប៉ះពាល់​ដល់​សុខភាព​បេះដូង​របស់​អ្នក ហើយ​អាច​រួមចំណែក​ដល់​ការ​កើនឡើង​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​, សម្ពាធ​ឈាម​ខ្ពស់ និង​ជំងឺ​ទឹកនោមផ្អែម ដូច្នេះ​ចូរ​រក្សា​ទម្ងន់​របស់​អ្នក​ឲ្យ​បាន​ល្អ​។

៧- ទទួលទាន​របប​អាហារ​ដែល​មាន​សុខភាព​ល្អ ៖ កាត់​បន្ថយ​អាហារ​មាន​ជាតិ​ខ្លាញ់ និង​​កាត់​បន្ថយ​ជាតិ​ប្រៃ ពីព្រោះ​វា​មិនល្អ​ដល់​បេះដូង និង​សម្ពាធ​ឈាម​ទេ​។ បរិភោគ​របប​អាហារ​ដែល​មាន​សុខភាព​ល្អ​ដែល​រួម​មាន​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ ដូច​ជា​ត្រី សណ្តែក ផ្លែ​ឈើ បន្លែ និង​ធញ្ញជាតិ ។

៨- គ្រប់គ្រង​ភាព​តានតឹង ៖ កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​។ ពិនិត្យ​មើល​ទម្លាប់​នៃ​បំពេញការងារ​របស់​អ្នក និង​រក​វិធី​ដែល​មាន​សុខភាព​ល្អ​ដើម្បី​កាត់​បន្ថយ ឬ​ដោះស្រាយ​ជាមួយនឹង​ព្រឹត្តិការណ៍​ស្ត្រេ​ស​នៅ​ក្នុង​ជីវិត​របស់​អ្នក​។

វេជ្ជបណ្ឌិត ថេ​ង យូ​ដា​លី​ន ឯកទេស​ជំងឺ​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សំនួរ​ពាក់ព័ន្ធ​នឹង​របៀប​រស់នៅ​ដើម្បី​ឲ្យ​សុខភាព​បេះដូង​ល្អ គឺជា​ជា​សំនួរ​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាជន​ខ្មែរ​យើង ។ ដូច​យើង​ដឹង​ស្រាប់​ទៅ​ហើយ ប្រជាជន​ខ្មែរ​យើង​មួយ​ចំនួន​ធំ គឺ​កម្រ​ថា សុខ​ៗ​គាត់​មក Check-up សុខភាព​ជាមួយនឹង​គ្រូពេទ្យ​ណាស់ លុះត្រាតែ​គាត់​ឈឺ​ធ្ងន់ ។ បើសិនជា​កំរិត​គាត់​នៅ​ឈឺ​តិចតួច ក៏​គាត់​ទៅ​កន្លែង​ផ្សំ​ថ្នាំ​តិចតួច​ដោយ​គ្មាន​វេជ្ជបញ្ជារ​លេប​ដែរ ។

ហើយ​នៅ​ពេល​ណា​ដែល​ឈឺ​ធ្ងន់ គឺ​គាត់​ទើប​មក​ជួប​ឯកទេស​នៅ​មន្ទីរពេទ្យ​ធំ​ៗ​ជាដើម ហើយ​នៅ​ក្នុង​នោះ​ដែរ អ្វី​ដែល​សំខាន់​នោះ គឺ​ការ​ការពារ ប្រសើរ​ជាង​ការ​ព្យាបាល ព្រោះ ទី​១ ៖ គឺ​យើង​កាត់​បន្ថយ​នៃ​ការ​ចំណាយ​ជា​ច្រើន​ដែល​បណ្តាល​មក​ពី​ជំងឺខ្សោយបេះដូង​ដែល​ធំ​ជាងគេ ។ មួយវិញទៀត​គឺ​យើង​ផ្តល់​ការ​យល់​ដឹង​ដល់​ប្រជាជន​យើង​អំពី​ការ​ថែរក្សា​​សុខភាព​របស់​គាត់ ។ ដោយសារ​សព្វ​ថ្ងៃនេះ​ការ​យល់​ដឹង​របស់​ប្រជាជន​យើង​ទាក់ទង​នឹង​ជំងឺលើសឈាម ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម មហារីក និង​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេង​ៗ​ទៀត គឺ​គាត់​មានការ​យល់​ដឹង​ទាប ដោយសារ​ការ​ផ្សព្វផ្សាយ​យើង​នៅ​មាន​កំរិត​នៅ​ឡើយ ដូច្នេះ​ហើយ​ទាមទារ​ធ្វើ​ម៉េច គឺ​ការ​អប់រំ ធ្វើ​យុទ្ធនាការ​ពន្យល់​តាម​រយៈ​សារ​ព័ត៌​មាន តាម​រយៈ​វិទ្យុ ឬ​មួយ​បណ្តាញ​សង្គម​ជាដើម ។

វេជ្ជបណ្ឌិត ថេ​ង យូ​ដា​លី​ន មាន​ប្រសាសន៍​ផ្តាំផ្ញើ​ថា​៖ «​ចំពោះ​ប្រជាជន​យើង​ដែល​ឥត​ទាន់​​មាន​ជំងឺ​អ្វី​ទាំងអស់ បើសិនជា​គាត់ (​មនុស្ស​ប្រុស​) មាន​អាយុ​ចាប់ពី ៥៥ ឆ្នាំ​ឡើង​ទៅ និង​ចំពោះ​មនុស្ស​ស្រី​ចាប់ពី​អាយុ ៤៥ ឆ្នាំ​ឡើង គួរ​មក​ពិនិត្យ​សុខភាព (Check-up) យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ឆ្នាំ ។ បើសិនជា​អ្នកជំងឺ​មាន​បញ្ហា​ធាត់ ទឹកនោមផ្អែម សូម​ជួប​គ្រូពេទ្យ​ឯកទេស​ដើម្បី​តាមដាន និង​ពិនិត្យ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ។ ចំពោះ​អ្នកជំងឺ​មាន​ជំងឺ​បេះដូង​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ទៀងទាត់ និង​ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជារ​ឲ្យ​បាន​ទៀត​ទាត់ ជា​ពិសេស​ការ​ជួប​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​ទៀងទាត់ បើសិនជា​ករណី​ជាយថាហេតុ​ត្រូវ​ឈប់​ទទួលទាន​ថ្នាំ ដើម្បី​ធ្វើការ​វះកាត់ គឺ​អាច​ជួយ​អ្នកជំងឺ​បាន​»៕​​

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ