ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រក់​ទឹកភ្នែក​ពេល​អាន​អត្ថន័យ​សំបុត្រ​សរសេរ​ដោយ​ផ្ទាល់​របស់​ក្មេង​ៗ​ផ្ញើ​ទៅ​កាន់​ក្រុម​គ្រួសារ

5 ឆ្នាំ មុន

ឈៀង​រ៉ៃ ៖ ប្រជាជន​ទូ​ទាំង​ប្រទេស​ថៃ​មានការ​ព្រួយបារម្ភ​អំពី​ក្រុម​ក្មេង​ៗ និង​គ្រូបង្វឹក​ទាំង​13​នាក់​ដែល​ពេល​នេះ​ពួក​គេ​នៅមិនទាន់អាច​ចាក​ចេញពី​រូងភ្នំ​ថាំ​ហ្លួង​នោះ​នៅឡើយ ។ ចាប់តាំងពី​ថ្ងៃ​ទី​23 ខែមិថុនា មក​ពួក​គេ​ត្រូវ​បាន​ជាប់​គាំង​នៅ​ក្នុង​រូងភ្នំ​ធំ​មួយ នៅ​ភាគ​ខាងជើង​ឈាង​រ៉ៃ ដែល​មាន​ក្មេង​ប្រុស…

ឈៀង​រ៉ៃ ៖ ប្រជាជន​ទូ​ទាំង​ប្រទេស​ថៃ​មានការ​ព្រួយបារម្ភ​អំពី​ក្រុម​ក្មេង​ៗ និង​គ្រូបង្វឹក​ទាំង​13​នាក់​ដែល​ពេល​នេះ​ពួក​គេ​នៅមិនទាន់អាច​ចាក​ចេញពី​រូងភ្នំ​ថាំ​ហ្លួង​នោះ​នៅឡើយ ។ ចាប់តាំងពី​ថ្ងៃ​ទី​23 ខែមិថុនា មក​ពួក​គេ​ត្រូវ​បាន​ជាប់​គាំង​នៅ​ក្នុង​រូងភ្នំ​ធំ​មួយ នៅ​ភាគ​ខាងជើង​ឈាង​រ៉ៃ ដែល​មាន​ក្មេង​ប្រុស 12 នាក់ និង​គ្រូបង្វឹក​បាល់ទាត់​វ័យ 25 ឆ្នាំ​របស់​ពួក​គេ​ម្នាក់ ។ ប៉ុន្តែ​កាលពី​យប់មិញ​នេះ វា​ជា​លើក​ដំបូង​ដែល​ពួក​គេ​បាន​សរសេរ​សំបុត្រ​ដោយ​ដៃ​ផ្ទាល់​ផ្ញើ​សារទៅ​កាន់​ក្រុម​គ្រួសារ និង មនុស្សជាទីស្រលាញ់​របស់​ពួក​គេ​អំពី​ ស្ថានភាព ការ​ព្រួយបារម្ភ និង​សេចក្តី​ស្រលាញ់​នឹករលឹក​របស់​ពួកគេ ។​

​ក្មេង​ប្រុស​ម្នាក់​ក្នុង​ចំណោម​ក្មេង​ទាំង​១២​នាក់​ដែល​មានឈ្មោះ​ហៅ​ក្រៅ​ថា «Mik» បាន​សរសេរ​សំបុត្រ​ដោយ​ដៃ​ផ្ទាល់​ផ្ញើ​តាមរយៈ​កង​នាវា​ជើង​ទឹក​ថៃ​ទៅ​កាន់​ក្រុម​គ្រួសារ​របស់​គេ​ថា «​កុំ​បារម្ភ​អី ! ខ្ញុំ​នឹក​អ្នក​ទាំងអស់​គ្នា លោកតា លោកប៉ា អ្នក​ម៉ាក បងស្រី និង​មនុស្ស​គ្រប់​គ្នា ខ្ញុំ​ស្រឡាញ់​អ្នក​ទាំងអស់​គ្នា ខ្ញុំ​កំពុង​ធ្វើ​បាន​ល្អ​នៅ​ទី​នេះ បងប្រុស​ដែល​មក​ពី SEALs កំពុង​ថែរក្សា​ខ្ញុំ​យ៉ាង​ល្អ​» ។ អ្នកខ្លះ​ទៀត​បាន​សរសេរ​ថា «​ខ្ញុំ​សុខ​សប្បាយ​ទេ ! ពេល​នេះ​វា​មាន​ភាព​កក់ក្តៅ​បន្តិច​ហើយ​នៅទី​នេះ ប៉ុន្តែ​កុំ​បារម្ភ​អំពីខ្ញុំ កុំ​ភ្លេច​ពិធី​ខួបកំណើត​របស់ខ្ញុំ​ណា !» ។​

​លោក Ekapol Chanthawong គ្រូបង្វឹក​បាល់ទាត់​របស់​ក្មេង​ទាំង​១២​នាក់ក៏​បាន​សរសេរ​សំបុត្រ​សុំ​ទោសទៅ​កាន់​ឪពុកម្ដាយ​ក្មេងប្រុស​ទាំងនោះ​ផង​ដែរដោយ​សន្យា​ថា ​នឹង​យកចិត្តទុកដាក់​ចំពោះ​ពួក​គេ និង​សុំ​ទោស​ចំពោះ​ការនាំ​ពួក​គេ​ចូលមកក្នុងរូងភ្នំ​នេះ ដោយ​លោក​បាន​សរសេរ​រៀបរាប់​ថា «​កុមារ​ទាំងអស់​កំពុង​ធ្វើ​បាន​ល្អ ពួក​គេ​ត្រូវ​បាន​យកចិត្តទុកដាក់​ពី​ក្រុម​ជួយ សង្គ្រោះ ខ្ញុំ​សន្យា​ថា ខ្ញុំ​នឹង​ថែរក្សា​ពួក​គេ​ឱ្យ​អស់ពី​សមត្ថភាព ។ សូម​អរគុណ​ចំពោះអ្នកទាំងអស់ ហើយ​សូម​ទទួលយកការសុំ​ទោសរបស់ខ្ញុំ​ផង​» ។​

មិន​ខុស​ពី​ក្រុម​ក្មេង​ៗ​ទាំង​១២​នាក់ គ្រូបង្វឹក​ដែល​ជាប់​ក្នុង​រូងភ្នំ​ជាមួយ​គ្នា​ក៏​មាន​សារ​មួយ​ផ្ញើ​ទៅ​ក្រុម​គ្រួសារ​របស់​គាត់​ផង​ដែរ ដោយ​គាត់​បាន​សរសេរ​ថា «​ជូន​ចំពោះ​អ្នក​មីង និង​លោកយាយ ជាទី​ស្រលាញ់ ! ពេល​នេះ​ខ្ញុំ​ធ្វើ​មិនអីទេ សូមកុំ​បារម្ភ​ពី​ខ្ញុំ​ច្រើន​ពេក សូម​ថែរក្សា​ខ្លួនផង ។ អ្នក​មីង​ហា ! តើ​អ្នក​មីង​អាច​ជួយ​ប្រាប់​លោកយាយ​ជួយ​រៀបចំ​បន្លែ ទឹកក្រូច និង​សាច់​ជ្រូក ទុក​ឱ្យ​ខ្ញុំ​ផង​បាន​ទេ? ខ្ញុំ​នឹង​ញ៉ាំ​វា ពេល​ខ្ញុំ​ចេញពី​ទី​នេះ ។ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំងអស់​គ្នា !» ៕

ប្រភព ៖ Channel News Asia, ប្រែសម្រួល ៖ សំណាង