ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិន ក្វាន់​ង៉ុយ មិន​ទាន់​​បាក់​ស្បាត​​​ជា​មួយ ធី តុង​ហ៊ី

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ​៥​នា​ថ្ងៃ​អាទិត្យ ទី​១៧​ មីនា ស្អែក​នេះ ឆាក​ប្រយុទ្ធ​រវាង​កីឡាករ​ ធី​ តុងហ៊ី ​មក​ពីក្លិប​សាល​វ័ន្តកីឡា​ និង​កីឡាករ​ ឈិន ក្វាន់​ង៉ុយ​ មក​ពី​ក្លិប​កម្ពុជ​រាជ​សីហ៍​ ​នឹង​កើត​ឡើង​ជា​ថ្មីទៀត​ ​បើទោះ​ជា​កីឡាករ​ទាំង​ពីរ​ធ្លាប់​ចាញ់​​ឈ្នះ​គ្នា​រហូត​ពី​រ​លើក​រួច​មក​ហើយក៏​ដោយ ។​ ម្នាក់ៗ​កំពុង​​និយាយ​ថា​ ឈិន​ ក្វាន់ង៉ុយ​ ពិត​ជា​មិន​រាង​នឹង​ធី​ ​តុង​ហ៊ី មែន​ ​ទើប​ចាញ់​

រាជធានីភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍លេខ​៥​នា​ថ្ងៃ​អាទិត្យ ទី​១៧​ មីនា ស្អែក​នេះ ឆាក​ប្រយុទ្ធ​រវាង​កីឡាករ​ ធី​ តុងហ៊ី ​មក​ពីក្លិប​សាល​វ័ន្តកីឡា​ និង​កីឡាករ​ ឈិន ក្វាន់​ង៉ុយ​ មក​ពី​ក្លិប​កម្ពុជ​រាជ​សីហ៍​ ​នឹង​កើត​ឡើង​ជា​ថ្មីទៀត​ ​បើទោះ​ជា​កីឡាករ​ទាំង​ពីរ​ធ្លាប់​ចាញ់​​ឈ្នះ​គ្នា​រហូត​ពី​រ​លើក​រួច​មក​ហើយក៏​ដោយ ។​ ម្នាក់ៗ​កំពុង​​និយាយ​ថា​ ឈិន​ ក្វាន់ង៉ុយ​ ពិត​ជា​មិន​រាង​នឹង​ធី​ ​តុង​ហ៊ី មែន​ ​ទើប​ចាញ់​រហូត​ដល់​ទៅ​២​លើក​រួច​​មក​​ហើយ​ ​នៅ​តែ​សឿង​មក​ឡើង​ប្រកួត​ជា​មួយ​ដៃ​គូ​ចាស់​ដដែលនេះជាថ្មីទៀត ។

បើ​ទោះ​ជា​ថ្ងៃ​អាទិត្យ​ស្អែក ​អ្នក​ស្នេហា​កីឡា​ប្រដាល់​ភាគ​ច្រើន​​នឹង​ផ្ដោត​ការ​តាម​ដាន​ការ​​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ស្រាបៀរ​​កម្ពុជា​ឆ្នាំ​២០១៣​​ រវាង​កី​ឡាករ​ ឯម​ ខ្លឹមខ្មៅ (ក្លិបគ្រុឌ​មានជ័យ​)​ និង​កីឡាករ​ ផល​ ​សោភ័ណ្ឌ​(ក្លិប​តាឡីដំរីមានឫទ្ធិ)​ ​នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ ​ក្នុង​សន្ទស្សន៍​ច្រើន​យ៉ាង​ណា​ក៏​ដោយ​​ក៏​នៅ​​សង្វៀន​ Beeline  ជ្រោយចង្វា​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ឯណេះវិញ​​​ក៏នៅ​តែ​មាន​ការ​ចាប់អារម្មណ៍តាមដាន​​ពីការ​ប្រកួត​សាជាថ្មី របស់កីឡាករ​​ ឈិន​ ក្វាន់​ង៉ុយ​ និង ធី​ តុងហ៊ី ។ ​គ​​ូប្រកួត​ទាំង​ពី​រ​ធ្លាប់​ជួប​គ្នាពីរ​លើក​រួច​មក​ហើយ ​ដោយ​កីឡាករ​ ឈិន​ ក្វាន់​ង៉ុយ​ ជាអ្នក​ចាញ់​ធី ​តុង​ហ៊ី​ ទាំង​ពីរ​លើក​នា​ពេល​កន្លង​មក ។​ ​យ៉ាង​​ណា​មិញ​​ គេ​នៅ​ចាំ​បាន​ថា ​គ្រប់​លើក​ដែល​កីឡា​ករ​ ឈិន​ ក្វាន់ង៉ុយ​ ទទួល​បរាជ័យ ​គឺ​បាន​បំបាក់​កីឡា​ករ​ធី​ តុងហ៊ី​ ឲ្យ​ទក់​សាច់​សម្បើម​ណាស់ ​ទើប​គេ​នៅ​តែ​ពិបាក​ស្មាន​ថា​ តើ​កីឡាករ​ធី ​តុង​ហ៊ី​ នឹង​អាច​ស៊ូ​រួច​ ​ហើយ​ឈ្នះ​ទៀត​សម្រាប់​ថ្ងៃ​អាទិត្យ ស្អែក​ ឬយ៉ាង​ណា?​ អ្នក​គាំទ្រ​ភាគ​ច្រើន ​យល់​ថា​ ឈិន​ ក្វាន់ង៉ុយ ​មិន​អាច​ចាញ់​ការ​ប្រកួត​សម្រាប់​ថ្ងៃស្អែក​ទេ​ ដោយ​សារ​តែ​លទ្ធ​ផល​នោះ ​គឺ​មិន​អាច​ទទួល​យក​បាន​ទាំង​លោក​ខ្លួន​ឯង ​ទាំង​មហា​ជន​ ​និង​ទាំង​គ្រូ​បង្វឹក​ដោយ​ផ្ទាល់​របស់​លោក ។​ ការ​ប្រកួត​សង​សឹក​របស់​លោក​ ​គឺ​ត្រូវ​​ការ​លទ្ធ​ផល​ស្ដារ​មុខ​មាត់​តែ​មួយ​គត់ ​ដើម្បី​កុំ​ឲ្យ​ជាប់​ឈ្មោះ​ថា​​ ឲ្យ​តែជួប​​កីឡាករ ធី​ តុងហ៊ី​ ​គឺ​រមែង​បាក់​រទេះនោះ ។​ ឈិន​ ក្វាន់ង៉ុយ និយាយ​ថា​​ មួយ​រយៈនេះ ​លោក​ប្រឹង​ប្រែង​ចូល​ក្លិប​ហ្វឹក​ហាត់​សម្បើម​ណាស់ ​ដោយ​សារ​តែ​ចង់​សម្រេច​គោល​ដៅ​​សង​សឹក​កីឡាក​រធី​ តុងហ៊ី​ ​ឲ្យ​បាន​១០០% ក្នុង​ជំនួប​ប្រកួត​គ្នា​ជា​លើក​ទី៣​នេះ ។

កីឡាករ​ធី​ តុងហ៊ី​ ឯណេះ​វិញ​ ​ក៏​មាន​ការ​តាំង​​ចិត្ត​មិន​ធម្ម​តា​នោះ​ដែរ​ ​បន្ទាប់​ពីលោក​មាន​ទឹក​មាត់​លេប​រួច​មក​ហើយ ​តាម​រយៈ​ការ​ឡើង​រេញ​ជា​មួយ​ឈិន​ ក្វាន់ង៉ុយ​ ពីរ​លើក ​ហើយ​ឈ្នះ​​ទាំង​ពីរ​លើក ​។ ​លោក​បញ្ជាក់​បែប​ឌឺ​ទៅ​កាន់​គូ​ប្រកួត​ថា​ មុន​ពេល​ឡើង​រេញ​សម្រាប់​ថ្ងៃស្អែក​នេះ ​លោក​ក៏​បាន​ហ្វឹក​ហាត់​ ​និង​មាន​ការ​ប្រយ័ត្ន​​ប្រយែង​ចំពោះ​ល្បិច​ស្នៀត​ក្នុង​ការ​ឡើង​រេញ​ផង​ដែរ​ ទើប​មាន​ទំនុក​ចិត្ត​រាង​ខ្ពស់​គួរ​សម​ថា ​លោក​ពិត​ជាមិន​ចាញ់​ ឈិន​ ក្វាន់ង៉ុយ​ ក្នុង​ជំនួប​លើក​ទី៣​ ។​ លោក​នៅ​តែនិយាយ​ថា​ មិន​ខ្លាច​ឈិន ​ក្វាន់​ង៉ុយ​ គ្រប់​មាត់​ ​បើទោះ​ជា​ឮឡើង​ពេញ​​ត្រចៀក​​ច្បាស់​ទៅ​ហើយ​​ថា ឈិន​ ក្វាន់ង៉ុយ ​ប្ដេជ្ញា​សង​សឹក​ឲ្យ​បាន​ដាច់​ខាត​សម្រាប់​ល្ងាច​ស្អែក ។​ តាម​រយៈ​ការ​ជឿ​ជាក់ ​និង​ការ​ត្រៀម​ខ្លួន​ប្រកប​ដោយ​ទំនុក​ចិត្ត​របស់​ពួក​គេ​ ​អ្នក​ទស្សនា​ដូចៗ​គ្នា​ យល់​ឃើញ​ថា​ គូ​ប្រកួត​ទាំង​ពីរ​​គឺពិត​ជា​ឡើង​រេញ​ដោយ​ញេញធ្មេញដាក់គ្នា ​ហើយ​បើក​ឆាក​ប្រយុទ្ធ​ស៊ីសាច់​ហុត​ឈាម​គ្នា​​យ៉ាង​អស់​ពី​ដៃ​​ពី​ជើង​បំផុត​ ​ដើម្បី​​សម្រេច​​គោល​ដៅ​ដែល​ពួក​គេ​ត្រូវ​ការ​នៅ​វគ្គចុង​ក្រោយ ​។​ ​គ្មាន​​អ្នក​ណា​អាច​កំណត់​បាន​ឡើយ​ថា​ អ្នក​ធ្លាប់​ចាញ់​គេ២​លើក ​នឹង​ចាញ់ជាលើកទី៣​ សម្រាប់​ថ្ងៃស្អែក ។ ​អញ្ចឹង​ហើយ​ ទើប​ការ​ប្រកួត​រវាង​គូ​នេះ​ ​ត្រូវ​គេមើល​ឃើញ​ថា​ មានភាព​ទាក់​ទាញ ​បើទោះ​ជា​ការ​សង​សឹក​របស់​ពួក​គេ​​ត្រូវ​ចំថ្ងៃ​​កីឡាករ ជ័យ​ កុសល និង​កែវ​ រំចង់​ ឡើង​រេញ​ប្រកួត​គ្នា​ ​និង​ត្រូវ​ចំ​ថ្ងៃ​កីឡាករ​ ឯម​ ខ្លឹមខ្មៅ​ និង​ ផល​ សោភ័ណ្ឌ ​ឡើង​ដណ្ដើម​ខ្សែ​ក្រវាត់​គ្នានៅ​សង្វៀន​​បឹងស្នោ​នោះ​ក៏ដោយ​ ។ ​​ចាំមើលៗ​តើ​​រេញ​ប៉ុស្ដិ៍​លេខ​៥​​សប្ដាហ៍​​នេះ​ ​ជា​​សំណាង​​របស់​កីឡាករ​រូបណា​ ប៉ុន្តែ​បើ ឈិន​ ​ក្វាន់​ង៉ុយ​ ភ្លាត់​ចាញ់​ជា​លើក​ទី៣​ទៀត​​គឺ​ពិត​ជា​បាក់​មុខ​ហើប​លែង​រួច​ហើយ​​ក្នុង​ស្រទាប់​អ្នក​ស្នេហា​កីឡា​ប្រដាល់​ និងនៅចំពោះមុខកីឡាករ​ ធី តុងហ៊ី​ ដោយផ្ទាល់​មិន​ខាន ៕