ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សូលី​កា វិល​វិញ​ក្នុង​តំណែងខ្ពស់ ក្រោយ​បាត់​មុខ​ជាច្រើន​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ​តី​តារាចម្រៀង​វ័យក្មេង​ស្រស់​សោភា​នាង​ ពេជ្រ សូលី​កា បាន​បង្ហាញ​ខ្លួន​ក្នុង​ពិភព​សិល្បៈ​ជា​ថ្មី ដោយ​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ភាគ​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស បន្ទាប់​ពី​នាង​បាត់​មុខ​រយៈពេល​យូរ​កន្លង​មក ។ ខ្សែភាពយន្ត​ភាគ​ដែល​ពេជ្រ…

រាជធានី​ភ្នំពេញ ៖ អ​តី​តារាចម្រៀង​វ័យក្មេង​ស្រស់​សោភា​នាង​ ពេជ្រ សូលី​កា បាន​បង្ហាញ​ខ្លួន​ក្នុង​ពិភព​សិល្បៈ​ជា​ថ្មី ដោយ​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ភាគ​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស បន្ទាប់​ពី​នាង​បាត់​មុខ​រយៈពេល​យូរ​កន្លង​មក ។

ខ្សែភាពយន្ត​ភាគ​ដែល​ពេជ្រ សូលី​កា សម្តែង​នេះ​មាន​ចំណងជើង​ថា «​អាពាហ៍ពិពាហ៍​ចៃដន្យ​» ​ដោយ​នាង​សម្តែង​ជា​តួឯក​ជាមួយនឹង​ដៃគូ​ចាស់​របស់​នាង គឺ​លោក នី​កូ ។

តាម​រយៈ​ ​Poster ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​​កាលពី​ពេលថ្មី​ៗ​កន្លង​មក​បាន​បង្ហាញ​ថា រឿង​អាពាហ៍ពិពាហ៍​ចៃដន្យ ដែល​នឹង​ត្រៀម​ចាក់​ផ្សាយ​នា​ពេល​ខាង​មុខ​នេះ ក្រៅពី​តួ​អង្គ​​ទាំង​ពីរ​នោះ ក៏​មាន​វត្តមាន​លោក​ Step អ្នក​នាង​ខាត់ សុ​ឃី​ម អ្នកស្រី​ឌី សា​វ៉េ​ត ព្រម​ទាំង​​តារា​ជា​ច្រើន​នាក់​ទៀត ។ ចាត់​ទុក​ថា​នេះ ​ជា​ស្នាដៃ​ទី​មួយ​របស់​ពេជ្រ សូលី​កា ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត ខណៈ​នាង​ជា​តារាចម្រៀង ។

ពេជ្រ សូលី​កា មិន​អាច​សុំ​ការ​បកស្រាយ​បាន​ឡើយ​ជុំវិញ​ការ​ចូលរួម​សម្តែង​ក្នុង​ខ្សែ​វី​ដេ​អូ​ភាគ​ឲ្យ​ស្ថានីយទូរទស្សន៍​​នោះ​ទេ តែ​កាលពី​ពេល ថ្មី​ៗ​កន្លង នាង​ទើបតែ​បង្ហាញ​វត្ត​មាន​ក្នុង​បទ​ចម្រៀង​ថ្មី​ជាមួយ​លោក​នី​កូ ។ តាម​រយៈ​ខ្សែភាពយន្ត​ដែល​នាង​ចូលរួម​សម្តែង​​នេះ គេ​រំពឹង​ថា ពេជ្រ សូលី​កា នឹង​មានឈ្មោះ​បោះ​សំឡេង​ឡើង​វិញ​ក្នុង​ពិភព​សិល្បៈ បន្ទាប់​ពី​នាង​បាត់​មុខជា​ច្រើន​ឆ្នាំ ។

ពេជ្រ សូលី​កា បាន​ដើរ​ចេញពី​វិស័យ​សិល្បៈ​ក្រោម​ព័ត៌មាន​ថា នាង​បាន​សម្រេចចិត្ត​រួម​រស់​ជាមួយ​បុរស​អ្នកមាន​មួយ​រូប ស្រប​ពេល​ដែល​នាង​បាន​បង្ហាញ​ភាព​ហ៊ឺហា និង​ក្លាយ​ជា​ថៅកែ​ស្រី​កាន់កាប់​ហាង​មួយ ។

កន្លង​មក​តារាចម្រៀង​មុខស្រស់​រូប​នេះ​ធ្លាប់​អះអាង​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ក្នុងស្រុក​មួយ​​ថា នាង​នឹង​ផ្អាក​អាជីព​សិល្បៈ​មួយ​រយៈ ដើម្បី​បន្ត​ការ​សិក្សា  ប៉ុន្តែ​មួយ​រយៈ​ក្រោយ​ពេល​ដែល​នាង​បាន​ប្រកាស​នេះ ពេជ្រ សូលី​កា ត្រូវ​គេ​ដឹង​ថា នៅ​តែ​លឹប​ល​ម្តងម្កាល​នៅ​ក្នុង​អាជីព​សិល្បៈ​ដដែល គ្រាន់តែ​នាង​ហាក់​មិនសូវ​ចេញ​មុខ​ឱ្យ​បាន​ពេញលេញ​ដូច​មុន​ប៉ុណ្ណោះ ។

សកម្មភាព​នេះ​ត្រូវ​គេ​សង្ស័យ​ថា ពេជ្រ សូលី​កា នៅ​តែ​ស្រឡាញ់​សិល្បៈ​ដដែល ហើយ​ការ​លាឈប់​ពី​សិល្បៈ​របស់​នាង​ដោយសារ​តែ​មូលហេតុ​បន្ត​ការ​សិក្សា​នោះ ទំនង​គ្រាន់​ជា​លេស​របស់​នាង​ប៉ុណ្ណោះ ព្រោះ​ខ្សែជីវិត​របស់​នាង​កំពុង​តែ​មាន​ភាព​ត្រចះត្រចង់ ដោយ​សារ​តែ​នាង​បាន​ភ្ជាប់​និស្ស័យ​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​ដែល​គេ​អះអាង​ថា​ជា​មន្ត្រី​ធំ ទើប​​នាង​មិន​អាច​វិល​ចូល​សិល្បៈ​វិញ​បាន ។

ជុំវិញ​បញ្ហា​នេះ​ពេជ្រ សូលី​កា មិន​ដែល​ចេញ​មុខ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់​ឡើយ ផ្ទុយ​ទៅ​វិញ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គេ​តែង​ឧស្សាហ៍​ឃើញ​តារាចម្រៀង​រូប​នេះ​បាន​​បង្ហាញ​សកម្មភាព​ផ្សេង​ៗ ដោយ​ភាគច្រើន​គេ​សង្កេត​ឃើញ​នាង​ផ្ញើ​សារ​ទៅ​ក្រុម​អ្នកគាំទ្រ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ដោយសារ​តែ​ពេល​នេះ នាង​បាន​ឃ្លាតឆ្ងាយ​ពី​កញ្ចក់​ទូរទស្សន៍ ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកគាំទ្រ ទើប​នាង​សម្រេចចិត្ត​ប្រើ​វិធី​នេះ​ផ្តល់​ព័ត៌មាន​ឱ្យ​អ្នកគាំទ្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ