តាមប្រភពព័ត៌មាន Sky Sports បានឲ្យដឹងថា កីឡាករ Marouane Fellaini ដែលធ្លាប់តែចុះផ្សាយថា អាចនឹងចេញពីក្លិបនាពេលថ្មីៗនេះបានចុះកុងត្រាបន្តជាមួយទ្រនុំចាស់ហើយ ដោយកុងត្រានេះមានប្រសិទ្ធភាពដល់ឆ្នាំ២០២០ ។
ខ្សែបម្រើរូបនេះកំពុងតែលេងឲ្យបែលហ្ស៊ិកនៅក្នុងការប្រកួត World Cup នៅរុស្ស៊ី ។ គេបានឆ្លើយតបនឹងសារព័ត៌មានថា «ខ្ញុំសប្បាយចិត្តនឹងបន្តដំណើរក្នុងនាមជាកីឡាកររបស់ក្លិប Manchester United ។ ខ្ញុំបានសម្រេចចិត្តបែបនេះ ព្រោះតែខ្ញុំសប្បាយចិត្តនៅទីនេះ» ។
គេក៏បានបន្តថា «ខ្ញុំមានអារម្មណ៍ថា ក្លិបនេះដែលដឹកនាំដោយ Jose នៅតែមានសង្ឃឹមខ្ពស់ ។ ខ្ញុំសូមថ្លែងអំណរគុណជាពិសេសទៅកាន់ Jose ចំពោះការជឿទុកចិត្តរបស់លោកមកលើខ្ញុំបាទ។ ការផ្តោតសំខាន់របស់ខ្ញុំនៅពេលនេះ គឺ World Cup ហើយខ្ញុំរំពឹងជានិច្ចថានឹងមកលេងឲ្យបានជោគជ័យនៅរដូវកាលក្រោយនេះ» ។
សម្រាប់គ្រូបង្វឹកក្លិប Jose Mourinho វិញបានប្រាប់ថា «ខ្ញុំសប្បាយចិត្តណាស់ ដែល Marouane នៅជាមួយយើង ។ ខ្ញុំតែងតែជឿជាក់លើកម្លាំងចិត្តស្រឡាញ់របស់គេមកលើក្លិប ហើយខ្ញុំពិតជារីករាយណាស់ ដែលគេនៅបន្តកុងត្រាជាមួយយើង» ។
គួរបញ្ជាក់ផងដែរថា Fellaini បានរកគ្រាប់បាល់ចូលទី២០គ្រាប់ នៅក្នុងការប្រកួតឲ្យ Man Utd ចំនួន១៥៦ដង ក្នុងរយៈពេល៥ឆ្នាំមកនេះ ៕
ចែករំលែកព័តមាននេះ