ខេត្តកំពត៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូមួយគ្រឿងបុកគ្នាជាមួយរថយន្តមួយគ្រឿងក្នុងទិសដៅស្របគ្នាបណ្តាលឱ្យស្លាប់ម្នាក់ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១៣១ និង១៣២ ស្ថិតក្នុងភូមិទ្វាថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។ ជនរងគ្រោះដែលស្លាប់ឈ្មោះ កោញ ហួយ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្រាំងលាវ ឃុំមានរឹទ្ធ ស្រុកដងទង់។ ចំណែកម៉ូតូធំមួយគ្រឿងរបស់ជនរងគ្រោះម៉ាកស៊ីប៊ីអ (CBR) ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១B-៩៨២៧ ។
សមត្ថកិច្ចចរាចរខេត្តបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកមីស៊ីធូ ពណ៌ខៀវចាស់ ពាក់ស្លាកលេខ កំពត ៣A-០៦៩២ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ រថយន្តបានបត់ចូលការ៉ាស់សាំង ក៏ស្រាប់តែមានបុរសម្នាក់បើកបរម៉ូតូធំមួយគ្រឿងម៉ាកស៊ីប៊ីអ(CBR) ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១B-៩៨២៧ បើកបរមកពីក្រោយរថយន្តយ៉ាងលឿន ដោយជាន់ហ្វ្រាំងមិនទាន់ក៏បុកគូថរថយន្តខាងលើដែលបត់ចូលការ៉ាស់ខាងឆ្វេងដៃនោះ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ប្រភពពីសមត្ថកិច្ចដដែលបានឲ្យដឹងថា ក្រោយពីកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុជាមួយនឹងម៉ូតូជនរងគ្រោះ។ ក្រោយពីពិនិត្យវាស់វែងរួច សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ រង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ៕
ចែករំលែកព័តមាននេះ