ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​កម្ពុជា​ដែល​ប្រើ​ស្មា​ត​ហ្វូ​ន​អាច​ក្លាយជា​ជន​រង​គ្រោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រើប្រាស់​ប្រព័ន្ធ អុី​ន​ធើ​រ​ណេ​ត ពិតជា​បាន​ផ្ដល់​ផល​វិជ្ជមាន​ច្រើន​ដល់​ខ្លួនឯង និង​សង្គម​ជាតិ ក៏​ប៉ុន្តែ​វា​ក៏​នឹង​អាច​នាំទុក្ខ​ដាក់ខ្លួន ឬ​ធ្វើ​ឲ្យ​សង្គម​វឹកវរ​បាន​ដែរ បើសិនជា​អ្នក​ប្រើប្រាស់​ខ្វះ​ការ​ពិចារណា និង​ពុំ​បាន​ឈ្វេងយល់​ស៊ីជម្រៅ​ពី​បច្ចេកវិទ្យា​នេះ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រើប្រាស់​ប្រព័ន្ធ អុី​ន​ធើ​រ​ណេ​ត ពិតជា​បាន​ផ្ដល់​ផល​វិជ្ជមាន​ច្រើន​ដល់​ខ្លួនឯង និង​សង្គម​ជាតិ ក៏​ប៉ុន្តែ​វា​ក៏​នឹង​អាច​នាំទុក្ខ​ដាក់ខ្លួន ឬ​ធ្វើ​ឲ្យ​សង្គម​វឹកវរ​បាន​ដែរ បើសិនជា​អ្នក​ប្រើប្រាស់​ខ្វះ​ការ​ពិចារណា និង​ពុំ​បាន​ឈ្វេងយល់​ស៊ីជម្រៅ​ពី​បច្ចេកវិទ្យា​នេះ ។ ម្យ៉ាងទៀត កុមារ​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប ដែល​មាន​ភ្ជាប់​ប្រព័ន្ធ​អុី​ន​ធើ​រ​ណេ​ត ក៏​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ផង​ដែរ ចំពោះ​សតិអារម្មណ៍ ក្នុង​ករណី​ពួក​គេ​ប្រើប្រាស់​ហួសកំណត់ ដូច​ជា​នៅ​លេង​ទូរស័ព្ទ​រាប់​ម៉ោង ដោយ​មិន​រវល់​នឹង​រឿង​ផ្សេង​ទៀត ។

បើ​តាម​របាយការណ៍​របស់​អង្គការ​សកម្មភាព​ដើម្បី​កុមារ ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​នេះ​បាន​បញ្ជាក់​ថា អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​កម្ពុជា ជា​ពិសេស​កុមារ អាច​ក្លាយជា​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​បំពាន​តាម​ប្រព័ន្ធ Internet ខណៈ​ដែល​ការ​យល់​ដឹង​របស់​ពួក​គេ​នៅ​មាន​កម្រិត ។

បើ​តាម​ការ​លើក​ឡើង​របស់​លោក សំលៀង សីលា នាយក​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ហៅ​កាត់​ថា APLE បាន​ឲ្យ​ដឹង​ថា ស្រប​ពេល​ដែល​បច្ចេកវិទ្យា​កាន់តែ​មាន​ភាព​រីក​ចម្រើន និង​ការ​ប្រើប្រាស់​​ទូរស័ព្ទ​ដៃ​ទំនើប​កំពុង​មានការ​ពេញ​និយម​នោះ អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​Internet​បាន​និង​កំពុង​ក្លាយជា​ក្តី​បារម្ភ​ថ្មី​មួយទៀត​នៅ​ក្នុង​យុគសម័យ​ទំនើប​នេះ​។ នៅ​មាន​មនុស្ស​ជា​ច្រើន​មិន​ទាន់​បានដឹង​ពី​ទំហំ​នៃ​ហានិភ័យ​ពី​ការ​រំលោភ​បំពាន​តាម​ប្រព័ន្ធ​អុី​ន​ធើ​រ​ណេ​ត​នោះ​ទេ ។

លោក​បន្ត​ថា ចាប់តាំងពី​ចុងឆ្នាំ​២០១៥ អង្គការ​បាន​ទទួល​ការ​រាយការណ៍​ពី​សាធារណជន​ពី​ការ​រំលោភ​បំពាន​តាម​ប្រព័ន្ធ​អុី​ន​ធើ​រ​ណេ​ត​ចំនួន​២៥១​ករណី ក្នុង​នោះ​ការ​បញ្ជូន​រូបភាព​អាសអាភាស​កុមារ​មាន​ប្រមាណ​៣០% ។ លោក​បញ្ជាក់​ថា ក្នុង​ចំណោម​ករណី​ទាំងនេះ ក៏​មាន​បទល្មើស​ជំរិត​យក​ប្រាក់​តាម​រយៈ​រូបភាព​អាសអាភាស​ទាំងនេះ​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​កុមារ​តូច​ៗ ដែល​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ ទាំង​ខ្លួន​នៅ​វ័យ​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ ក៏​មាន​ផល​ប៉ះពាល់​ខ្លាំង​ដែរ​ទៅ​លើ​ប្រព័ន្ធ​ភ្នែក​របស់​ពួក​គេ និង​ធ្វើ​ឲ្យ​សតិអារម្មណ៍​ពួក​គេ​ខុស​ប្រក្រតី ។ មានការ​ព្រមាន​មួយ​បាន​លើក​ឡើង​ថា បើ​មិន​ចង់​ឲ្យ​កូន​មិន​ចេះ​និយាយ សូមកុំ​បណ្ដោយ​ឲ្យ​កូន​លេង​ទូរស័ព្ទ​ច្រើន​ពេក បើកាលណា​ពួក​គេ​បាន​ទូរស័ព្ទ​លេង ឬ​មើល​អ្វី​ដែល​គេ​ចង់​មើល​នោះ គឺ​គេ​នឹង​លែង​និយាយ​អ្វី​ទាំងអស់ ហើយ​អារម្មណ៍ និង​ស្មារតី​គេ​ផ្ដោត​តែ​លើ​ទូរស័ព្ទ​មួយ​ប៉ុណ្ណោះ ដូចនេះ​ហើយ វា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ចំពោះ​មាតាបិតា ។

មួយវិញទៀត បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ថា មាន​កុមារ​តូច​ៗ​ត្រូវ​ប្រើ​វ៉ែនតា​ជំនួយ​ភ្នែក​បាត់​ទៅ​ហើយ ពីព្រោះ​តែ​ពួក​គេ​ត្រូវ​សម្លឹង​មើល​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ហួស​កម្រិត ដែល​ធ្វើ​ឲ្យ​ពន្លឺ​ចេញពី​ឧបករណ៍​អេ​ឡិច​ត្រូ​និក​នោះ ទៅ​បំផ្លាញ​ភាព​ច្បាស់​របស់​ភ្នែក ធ្វើ​ឲ្យ​ពួក​គេ​ស្រវឹង និង​ទាមទារ​ឲ្យ​មាន​ជំនួយ​ពី​វ៉ែនតា ។

គួរ​បញ្ជាក់​ថា យោង​តាម​របាយការណ៍​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា គិត​ត្រឹម​ខែមេសា ឆ្នាំ​២០១៨ ចំនួន​អ្នក​ប្រើប្រាស់​អុី​ន​ធើ​រ​ណេ​ត​នៅ​ប្រទេស​កម្ពុជា បាន​កើនឡើង​ដល់​ជិត​១១​លាន​នាក់ កើនឡើង​ជិត​៥០% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ ។ ក្នុង​នោះ​កុមារ​អាយុ​ពី​១៣ ដល់​១៧​ឆ្នាំ ដែល​ប្រើប្រាស់​អុ​ី​ន​ធើ​រ​ណេ​ត មាន​ចំនួន​ជាង​៦​សែន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ