ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​កំពុង​សិក្សា​ផ្លូវរថភ្លើង​ល្បឿន​លឿន ភ្នំពេញ​-​សៀមរាប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ពេល​នេះ ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​ពី​ការ​សាងសង់​ខ្សែ​រថភ្លើង ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ខេត្តសៀម​រាប និង​ត​ភ្ជាប់​ទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជា​គម្រោង​ស្ថិត​នៅ​ក្នុង​ផែនការមេ​ដែល​​បាន​សិក្សា​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កូរ៉េ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ពេល​នេះ ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​ពី​ការ​សាងសង់​ខ្សែ​រថភ្លើង ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ខេត្តសៀម​រាប និង​ត​ភ្ជាប់​ទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជា​គម្រោង​ស្ថិត​នៅ​ក្នុង​ផែនការមេ​ដែល​​បាន​សិក្សា​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កូរ៉េ ហៅ​កាត់​ថា KOICA ។

លោក វ៉ា​ស៊ឹ​ម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៣ កក្កដា ថា នៅ​ក្នុង​ផែនការមេ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កូរ៉េ (KOICA) បាន​សិក្សា​ពី​គម្រោង​នេះ​រួច​ហើយ ហើយ​ពេល​នេះ ក្រុមហ៊ុន​ចិន​បាន​និង​កំពុង​សិក្សា​ពី​លទ្ធភាព ដើម្បី​វិនិយោគ​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ទៅ​កាន់​ខេត្តសៀមរាប និង​ក្រុង​ប៉ោយ​ប៉ែ​ត​ផង​ដែរ ។

ទោះជា​យ៉ាងណា លោក​ថា ៖« ខ្ញុំ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា ការ​សិក្សា​របស់​ក្រុមហ៊ុន​ចិន​ទាំងនោះ​នឹង​បញ្ចប់​នៅ​ពេល​ណា​ទេ ហើយ​ការ​សាងសង់​នឹង​ចាប់ផ្តើម​នៅ​ពេល​ណា​ជាក់លាក់​នៅ​ឡើយ​ទេ » ។ លោក​ថា ៖« ប្រទេស​យើង​បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ខ្លួន តាម​រយៈ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថែម​ទៀត ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ » ។

លោក វ៉ា​ស៊ឹ​ម សុរិយា បាន​បន្ត​ថា បើ​ចង់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​យើង​ទៅ​កាន់​លំដាប់​ថ្មី កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ ប៉ុន្តែ​វា​ត្រូវការ​ការ​វិនិយោគ​លើ​ទឹកប្រាក់​ដ៏​ច្រើន ដើម្បី​ដំណើរការ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង​ប្រទេស និង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ។

លោក​បណ្ឌិត វ៉ា​ន់ វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម បាន​ថ្លែង​ថា ការ​វិនិយោគ​លើ​បណ្តាញ​ផ្លូវដែក ឬ​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត ពិតជា​រឿង​ប្រសើរ ដែល​ជួយ​សម្រួល​ចរាចរណ៍ កា​រត​ភ្ជាប់​ការ​ដឹក​ជញ្ជូន ការ​កាត់​បន្ថយ​ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ ដែល​ជា​ការ​ផ្តល់​ជម្រើស​ថ្មី​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​ដូច​ជា​ចូលរួម​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ។

លោក​បន្ត​ថា ៖« បើសិនជា​សិក្សា​បញ្ចប់ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ នឹង​ជា​គម្រោង​ដែល​មានការ​ចំណាយ​ច្រើន​លើសលប់​មួយ ដែល​ត្រូវ​មានការ​វិនិយោគ​ពី​វិស័យ​ឯកជន ទើប​គម្រោង​ក្នុង​សុបិន​នេះ​អាច​ដំណើរការ​បាន » ។

បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កន្លង​មក​ថា ៖«​សព្វ​ថ្ងៃនេះ មាន​ផ្នែក​ឯកជន​ចង់​សិក្សា​ពី​ផ្លូវដែក​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​សៀមរាប​, ពី​សៀមរាប​ទៅ​ប៉ោយ​ប៉ែ​ត និង​ពី​ភ្នំពេញ​ទៅ​បា​វិត ។ អីចឹង យើង​កំពុង​តែ​ពិភាក្សា​គ្នា បើ​ផ្នែក​ឯកជន​ចង់​វិនិយោគ​ជា​ប្រភេទ​BOT (Build Operate Transfter ) ខ្ញុំ​អនុញ្ញាត​ឲ្យ​សិក្សា និង​ឲ្យ​វិនិយោគ​លើ​ផ្លូវដែក​នេះ ។ មិន​ថា​វិនិយោគិន​មក​ពី​ប្រទេស​ណា​នោះ​ទេ ឲ្យ​តែ​មក​វិនិយោគ ហើយ​គោរព​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា យើង​ស្វាគមន៍​ទាំងអស់ ហើយ​រាជរដ្ឋាភិបាល​គាំទ្រ​១០០% » ។

លោក​ទេស​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« យើង​ធ្វើការ​សិក្សា​ផែនការមេ​ផ្លូវដែក​របស់​កម្ពុជា​បាន​ចប់​សព្វគ្រប់​អស់ហើយ ដោយ​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កូរ៉េ (KOICA) ប៉ុន្ដែ​យើង​រង់​ចាំតែ​អ្នក​វិនិយោគ​ឲ្យ​គេ​មក​បណ្ដាក់ទុន​ប៉ុណ្ណោះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ