ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្ដិ​ដ៏​យូរលង់​នៃ​ប្រាសាទ ​«​ភ្នំ​ដា​» អន្ទង​ចិត្ត​មនុស្ស​ជា​ច្រើនគ្រប់​ទិស​ទី

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នៅ​លើ​ភ្នំ​ដែល​មាន​កម្ពស់​ជាង​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រែក​តា​ផ ឃុំ​គោក​ធ្លក ស្រុក​អង្គរបុរី ខេត្តតាកែវ មាន​ប្រាសាទបុរាណ​មួយ​ឈ្មោះ​ «​ប្រាសាទភ្នំដា »​។…

ខេត្តតាកែវ ៖ នៅ​លើ​ភ្នំ​ដែល​មាន​កម្ពស់​ជាង​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ព្រែក​តា​ផ ឃុំ​គោក​ធ្លក ស្រុក​អង្គរបុរី ខេត្តតាកែវ មាន​ប្រាសាទបុរាណ​មួយ​ឈ្មោះ​ «​ប្រាសាទភ្នំដា »​។ ដោយសារ​តែ​ប្រវត្ដិ​ដ៏​យូរលង់​នៃ​ប្រាសាទ​វ័យ​ចំណាស់​មួយ​នេះ បាន​អន្ទង​ចិត្ត​អ្នកទេសចរ​ជា​ច្រើន​ទៅ​​ទស្សនា ព្រមទាំង​អ្នក​បុរាណ​វិទូ និង​អ្នក​សិក្សា​ស្រាវជ្រាវ ។

ក្រៅពី​ទៅ​ទស្សនា ភ្ញៀវ​ទេសចរ​ជា​ច្រើន និង​អ្នកស្រុក តែងតែ​បន់ស្រន់​សុំ​សេចក្តីសុខ និង​ប៉ងប្រាថ្នា ផ្សេង​ៗ ក៏​ដូច​ជា​បន់ស្រន់​សុំ​ឱ្យ​ជា​ពី​ជំងឺ​ជាដើម ដោយ​ពួក​គេ​មាន​ជំនឿ​ថា ប្រាសាទភ្នំដា គឺជា​ទីកន្លែង​ដ៏​សក្តិ​សិ​ទ្ទិ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ដូនជី នៅ​ប្រាសាទ​ភ្នំដា កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

យោង​តាម​ខិត្តប័ណ្ណ​ដែល​ចងក្រង​ដោយ​ក្រសួងទេសចរណ៍​ឱ្យ​ដឹង​ថា ប្រាសាទភ្នំដា សាងសង់​ឡើង​នៅ​ក្នុង​សម័យ​ហ្វូ​៊​ណ​ន ក្នុង​អំឡុង​សតវត្ស​ទី​៤ ដល់​សតវត្ស​ទី​៦ ដែល​ជា​សម័យកាល​ចាប់ផ្តើម​កសាង​ប្រាសាទ​ថ្ម​មុន​ដំបូង​គេ​បង្អស់ ។ ប្រាសាទ​វ័យ​ចំណាស់​មួយ​នេះ សាងសង់​ឡើង​ពី​ថ្មបាយក្រៀម ថ្មភក់ និង​ឥដ្ឋ​។ ចំណែកឯ​កំពូល​ប្រាសាទ​បាក់​បែក​មួយ​ផ្នែក​ធំ ។ ប្រាសាទ​នេះ​មាន​រាង​កា​រ៉េ ទំហំ​១២​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ កម្ពស់​១៨​ម៉ែត្រ មាន​ទ្វារ​៤ ដែល​ក្នុង​នោះ​មាន​ទ្វារបញ្ឆោត​បី និង​ទ្វារ​ពិត​មួយ បែរមុខ​ទៅ​ទិស​ខាងជើង​ស​ម្តៅ​រាជធានី នគរ​គោក​ធ្លក ។

នៅ​តាម​ចង្កេះភ្នំ​ដា មាន​រូង​សិប្បនិមិត្ត​ចំនួន​៥ កសាង​ឡើង​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​​គ្នា​ទៅ​នឹង​រចនាបថ​នៅ​ប្រទេស​ឥណ្ឌា ។ នៅ​ក្នុង​រូងភ្នំ​នោះ​មាន​ព្រះ​សិវលិង្គ និង​យោនី​នាង​ឱ​មា ដែល​ជាទី​សក្ការ​សម្រាប់​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា ។ ដោយឡែក​រូង​មួយ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ឈាបនដ្ឋាន​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ ។

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាសាទភ្នំដា មាន​ប្រាសាទ​មួយទៀត ដែល​ស្ថាបនា​ឡើង​ពី​ថ្មពពុះ​ពីរ​ជាន់ បែរមុខ​ទៅ​ទិស​ខាងជើង មានឈ្មោះ​ថា «​អាស្រម​មហាឥសី​»​។ ប្រាសាទ​នេះ​កសាង​​ក្នុង​រជ្ជកាល​ព្រះបាទ​ភ​វរ្ម័ន​ទី​១ នៅ​សម័យ​ចេ​ន​ឡា នា​ចុង​សតវត្ស​ទី​៦ ។ ប្រាសាទ​នេះ​មាន​ទំហំ​៥,៥​ម៉ែត្រ​គុណ​នឹង​៥,៥​ម៉ែត្រ និង​កម្ពស់​៧​ម៉ែត្រ ។

នៅ​ភាគ​ខាងត្បូង​ឆៀង​ខាងលិច​នៃ​ភ្នំ​ដា​មាន​ភ្នំ​មួយទៀត​មានឈ្មោះ ភ្នំ​បុរី ។ មានរឿង​ព្រេង​និទាន​មួយ​ចំនួន ដូច​ជា​រឿង​ព្រះថោង​នាងនាគ​ជាដើម ដែល​បង្ហាញ​ថា ភ្នំ​ទាំង​ពីរ​នេះ គឺជា​ទីតាំង​នៃ​ការ​ចាប់កំណើត​របស់​ប្រទេស​កម្ពុជា ។

ប្រាសាទភ្នំដា និង​ភ្នំ​បុរី មាន​ចម្ងាយ​ប្រមាណ​ជាង​១០០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង​ប្រមាណ​២០​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​តាកែវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ