ខេត្តកំពង់ឆ្នាំង ៖ ខ្ញុំខានឃើញរថភ្លើងជិត២០ឆ្នាំហើយ ថ្ងៃនេះខ្ញុំកំពុងតែចាំជិះរថភ្លើងដែលដំណើរការជាលើកទី១ដែលចេញពីខេត្តពោធិ៍សាត់ឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំឆ្ពោះទៅរាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋជាច្រើននាក់ កំពុងស្ថិតនៅក្នុងស្ថានីយរថភ្លើងរមាស ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ខណៈពួកគាត់កំពង់រង់ចាំខ្យែរថភ្លើងដែលកំពុងដំណើរការសាកល្បងជាលើកទី១ចេញពីទឹកដីខេត្តពោធិ៍សាត់ឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ។
បងស្រីធូ ធា អាយុ៣៨ឆ្នាំ មានទីលំនៅភូមិតម្រឹប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងបាននិយាយឲ្យដឹងថា គាត់ធ្លាប់ជិះរថភ្លើងរហូតដល់ឆ្នាំ១៩៩៩ ទើបគាត់ឈប់ជិះហើយជិះចុងក្រោយ គឺនៅពេលដែលគាត់យកកូនមានជំងឺទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ ។ គាត់ចាំថា កាលពីជិត២០ឆ្នាំមុនរថភ្លើង នៅដំណើរការគាត់ធ្លាប់ជិះញឹកញាប់ណាស់ ព្រោះគាត់ត្រូវចុះឡើងទៅភ្នំពេញក្នុងមុខរបររកស៊ី ។ ប៉ុន្តែ ប្រមាណជិត២០ឆ្នាំគាត់លែងបានជិះរថភ្លើង ព្រោះតែរងការខូចខាតដោយកត្តាផ្សេងៗ ។ ថ្ងៃនេះគាត់រង់ចាំជិះរថភ្លើងជាលើកដំបូង បន្ទាប់ពីឈប់ដំណើរការជិត២០ឆ្នាំ ។
ប្អូនស្រី ញាស់ សុភា អាយុ២៧ឆ្នាំ មានទីលំនៅជាមួយគ្នាបាននិយាយថា គាត់នៅក្មេងមិនដែលបានជិះរថភ្លើងទាល់តែសោះ ថ្ងៃនេះគាត់សុំជិះជាលើកទី១ហើយ ទោះទៅដល់រាជធានីភ្នំពេញយប់អាធ្រាតុយ៉ាងណាក្តីក៏គាត់ត្រូវតែចាំជិះឲ្យខានតែបាន ។
ជាមួយគ្នានេះដែរលោក គុយ ឡេង មេឃុំអភិវឌ្ឍន៍ស្រុកទឹកផុសបាននិយាយថា ក្នុងនាមអាជ្ញាធរឃុំអភិវឌ្ឍន៍ក៏ដូចជា ប្រជាពលរដ្ឋទូទាំងឃុំសូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់កសាងហេដ្ឋារេចនាផ្លូវថ្នល់ឡើងវិញ ពិសេសផ្លូវ រថភ្លើងមួយខ្សែនេះដែលអាកខានដំណើរការជិត២០ឆ្នាំហើយ ។ ផ្លូវរថភ្លើងនេះ គឺសម្រាប់បម្រើឲ្យវិស័យសេដ្ឋកិច្ចសម្រាប់សម្រួលដល់ការធ្វើដំណើរទៅមក ពីក្រុងភ្នំពេញដល់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យលែងលំបាកទៀតហើយ ។
ជាមួយគ្នានេះលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តាជួយថែរក្សាផ្លូវដែករបស់យើងឲ្យបានគង់វង្ស ។ បើឃើញមានចំណុចខូចខាតត្រូវរាយការជាបន្ទាន់ ដល់អាជ្ញាធរ និងដល់មន្ត្រីទទួលខុសត្រូវផ្លូវដែក ដើម្បីមកជួសជុលជាបន្ទាន់ ម្យ៉ាងវិញទៀតបើឃើញមានជនខិលខូចលួចយកសម្ភារផ្សេងៗដែលបម្រើឲ្យការងារផ្លូវដែកសូមរាយការជាបន្ទាន់ ។
សូមបញ្ជាក់ថា ការសម្ភោធដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្នផ្លូវដែកពីខេត្តពោធិសាត់ទៅរាជធានីភ្នំពេញនេះមានចម្ងាយ១៦៦គីឡូម៉ែត្រ ។ នេះជាការសម្ភោធដាក់ឲ្យប្រើប្រាស់ដំណាក់កាលទី៣ក៏ដូចជា លើកចុងក្រោយនៃផ្លូវដែកប៉ែកទិសពាយព្យប្រទេសកម្ពុជា បន្ទាប់សម្ភោធលើកទី១កំណាត់ផ្លូវពីបាត់ដំបងទៅប៉ោយប៉ែតលើកទី២ ពីពោធិ៍សាត់ទៅបាត់ដំបង និងលើកទី៣ ពីពោធិ៍សាត់មករាជធានីភ្នំពេញ ។ សង្ឃឹមថា បន្ទាប់ផ្លូវដែកទិសពាយព្យនេះដំណើរការល្អឡើងវិញហើយនឹងជួយសម្រួលដល់ការដឹកជញ្ជូនលើវិស័យសេដ្ឋកិច្ចយ៉ាងសំខាន់របស់ប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ