រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់យកម៉ូតូមិត្តភ័ក្ដិទៅបាត់អស់រយៈពេល៣ខែ ត្រូវម្ចាស់តាមរកឃើញ ហើយឃាត់ខ្លួនឱ្យសមត្ថកិច្ចកាលវេលាម៉ោង៦នឹង១៥នាទីល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅប៉ុស្តិ៍នគរបាលចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ជនរងគ្រោះឈ្មោះ សេង ស្រីម៉ៅ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងជ្រៅ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិតាមុំ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ចំណែកជនសង្ស័យឈ្មោះ ជា ស្រីដា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតនៅភូមិ ក្រូចឆ្មារឃុំក្រូចឆ្មារស្រុកចំការលើ ខេត្តកំពង់ចាម។ រីឯម៉ូតូមួយគ្រឿងដែលជនសង្ស័យឆបោកម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FG-៥៤១៤។តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៨ ជនរងគ្រោះនឹងជនសង្ស័យជាមិត្តភ័ក្ដិនឹងគ្នា បាននាំគ្នាមកទិញម្ហូបនៅផ្សារខ្យូអឹមអាយ ស្ថិតក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តែជនរងគ្រោះមិនចេះជិះម៉ូតូបានអោយជនសង្ស័យជាអ្នកឌុបដើម្បីមកផ្សារទិញម្ហូប បន្ទាប់មកជនរងគ្រោះបានចុះទៅទិញម្ហូប ហើយជនសង្ស័យបានប្រាប់ទៅនារីរងគ្រោះថា «ខ្ញុំទៅចាំកន្លែងហូបបង្អែមសព្វដង» ដែលជិតកន្លែងជនរងគ្រោះទិញមកហូប។ បន្ទាប់មកជនសង្ស័យបានជិះចេញទៅបាត់ ចំណែកជនរងគ្រោះពេលទិញម្ហូបរួចហើយបានដើរទៅកន្លែងបង្អែមដែលធ្លាប់ហូប តែមិនឃើញជនសង្ស័យឡើយ បន្ទាប់មកជនរងគ្រោះបានខ្ចីទូរស័ព្ទអ្នកលក់នៅជិតកន្លែងកើតហេតុដែរ តែជនសង្ស័យមិនលើកទូរស័ព្ទឡើយ បន្ទាប់មកជនរងគ្រោះបានអោយប្តីទៅដាក់ពាក្យបណ្តឹងជំនួសភ្លាមៗផងដែរ។លុះនៅថ្ងៃកើតហេតុ មិត្តភ័ក្ដិម្នាក់ទៀតបានឃើញជនសង្ស័យខាងលើធ្វើការរោងចក្រនៅម្តុំព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងដើរទិញម្ហូប ភ្លាមៗនោះជនរងគ្រោះនិងប្តីបានទៅឃាត់ជនសង្ស័យនាំមកប៉ុស្តិ៍ចោមចៅ៣ហើយប្រគល់ឲ្យសមត្ថកិច្ចដើម្បីសួរនាំ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះជាម្ចាស់ម៉ូតូបាននិយាយថា បើមានលុយសងនាងវិញ នាងនឹងដកពាក្យបណ្តឹងវិញ តែជនសង្ស័យខាងលើមិនមានលទ្ធភាពសងជនរងគ្រោះនោះឡើយ ហើយកំលាំងប៉ុស្តិ៍ចោមចៅ៣បានកសាងសំណុំរឿងបញ្ជូនទៅជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ