ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អាច​នឹង​មានការ​ហោះហើរ​ត្រង់​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នៅ​ឆ្នាំ​២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នៃ​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​អាស៊ាន នៃ​ក្រសួងទេសចរណ៍​បាន​អះអាង​ថា កម្ពុជា​អាច​នឹង​មានការ​ហោះហើរ​ត្រង់​ដោយ​ផ្ទាល់​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នៅ​ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។ លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នៃ​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​អាស៊ាន នៃ​ក្រសួងទេសចរណ៍​បាន​អះអាង​ថា កម្ពុជា​អាច​នឹង​មានការ​ហោះហើរ​ត្រង់​ដោយ​ផ្ទាល់​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នៅ​ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។


លោក ថុ​ក សុខុម ប្រធាន​នាយកដ្ឋាន បាន​ថ្លែង​បែប​នេះ បន្ទាប់​ពី​បញ្ចប់​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក Sudrirman Haseng ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​ណេ​ស៊ី​ថ្មី ប្រចាំ​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ។
ក្រោយ​ជំនួប​នោះ លោក ថុ​ក សុខុម បាន​បញ្ជាក់​ថា ៖« លោក​រដ្ឋមន្ត្រី​បាន​ពិភាក្សា​គ្នា និង​ស្នើ​សុំ​ទៅ​ភាគី​ឥណ្ឌូ​ណេ​ស៊ី ឲ្យ​មានការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ ហើយ​យើង​អាច​មានការ​ហោះហើរ​ត្រង់​នៅ​ក្នុង​ឆ្នាំ​២០១៩ ដោយ​ឡាយ​អិន អ៊ែ​រ » ។

ទន្ទឹម​នឹង​ការ​ជំរុញ​ឲ្យ​មានការ​ហោះហើរ ត្រង់​នៅ​ឆ្នាំ​២០១៩​នេះ លោក ថុ​ក សុខុម បាន​ឲ្យ​ដឹង​ទៀត​ថា ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា ដើម្បី​រៀបចំ​ពិធីបុណ្យ​ប្រពៃណី​បែប​ពុទ្ធសាសនា​ផង​ដែរ ។ លោក​ថា ៖« ការ​រៀបចំ​បុណ្យ​បែប​ប្រពៃណី​ពុទ្ធសាសនា យើង​ធ្លាប់​បាន​រៀបចំ​នៅ​សៀមរាប កាលពី​ឆ្នាំ​២០១៧ ហើយ​ខាង​ឥណ្ឌូ​ណេ​ស៊ី​ប្រាប់​ថា នឹង​យក​ចំណុច​នេះ​ទៅ​ពិភាក្សា ជាមួយ​ក្រសួងទេសចរណ៍​របស់​ខ្លួន ហើយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​កា​រត​ភ្ជាប់​ដោយ​ផ្ទាល់​ពី​កម្ពុជា​ទៅ​ឥណ្ឌូ​ណេ​ស៊ី អាច​នឹង​មានការ​ហោះហើរ​ត្រង់​នៅ​ឆ្នាំ​២០១៩ ដែល​ជា​ឆ្នាំ​ប្រារព្ធ​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា និង​ឥណ្ឌូ​ណេ​ស៊ី » ។

បើ​តាម​ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​អាស៊ាន​រូប​នេះ អត្ថប្រយោជន៍​ដែល​ទទួល​បាន​ពី​ការ​រៀបចំ​បុណ្យប្រពៃណី បែប​ពុទ្ធសាសនា​នេះ​រួម​មាន យើង​បាន​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​របស់​យើង ។ យើង​បាន​ជំរុញ​ឲ្យ​គេ​ស្គាល់​យើង​បាន​កាន់តែ​ច្រើន និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​កាន់តែ​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា ព្រមទាំង​ប្រព្រឹត្ត​ទ​ង្វើ​មួយ​ដែល​ល្អ ។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​ថ្លែង​ថា ក្រុមហ៊ុន Lion Airline​របស់​ឥណ្ឌូ​ណេ​ស៊ី ពិតជា​បាន​សិក្សា​ពី​លទ្ធភាព​ហោះហើរ​ត្រង់​មក​កម្ពុជា តាម​រយៈ​ការ​ហោះហើរ​ត្រង់​ពី​ឥណ្ឌូ​ណេ​ស៊ី​មក​កាន់​កម្ពុជា ឬ​បង្កើត​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​មួយ​នៅ​កម្ពុជា ដើម្បី​ប្រតិបត្តិការ​ហោះហើរ​មែន ប៉ុន្តែ​លទ្ធផល​នៃ​ការ​សិក្សា និង​ការ​បញ្ជាក់​ពី​កាលបរិច្ឆេទ​ពេល​ណា លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ ។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​លោក ធួន ស៊ី​ណា​ន បាន​ថ្លែង​ស្វាគមន៍​ថា ៖
« យើង​ស្វាគមន៍​រហូត​ដល់​ដៃ​៤ ប្រ​សិន ជា​មានការ​ហោះហើរ​ត្រង់​ពី​ឥណ្ឌូ​ណេ​ស៊ី​មក​កាន់​កម្ពុជា ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ទេសចរ​ឥណ្ឌូ​ណេ​ស៊ី​មក​ទស្សនា​កម្ពុជា​ច្រើន ដោយសារ​ឥណ្ឌូ​ណេ​ស៊ី​មាន​ប្រជាជន​ច្រើន និង​អ្នកមាន​ជីវភាព​ល្អ​ប្រសើរ ដែល​អាច​ដើរ​កម្សាន្ដ​មាន​ចំនួន​ច្រើន ។លោក​បន្ត​ថា ៖« ខ្ញុំ​គិត​ថាបើ​មានការ​ភ្ជាប់​ការ​ហោះហើរ​មែន ខ្ញុំ​ជឿ​ថា​ទេសចរ​ឥណ្ឌូ​ណេ​ស៊ី​មក​កម្ពុជា អាច​ជាប់​លំដាប់​Top Ten​ដោយសារ​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ល្អ ហើយ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តំបន់​ខ្លះ​មាន​ភាព​ស្រ​ដៀង​គ្នា »៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ